ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារ​របស់​លោក​ម៉ាធីន​ លូធឺរ​ ឃីង ​(Martin Luther King)​ នៅតែ​សម​ហេតុផល​ក្នុង​សភាព​ការណ៍​បច្ចុប្បន្ន


Host LL Cool J speaks at the 55th annual Grammy Awards in Los Angeles, California, February 10, 2013.
Host LL Cool J speaks at the 55th annual Grammy Awards in Los Angeles, California, February 10, 2013.

កាលីហ្វ័រនីញ៉ា៖ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្រោយពី​ការបាញ់​ប្រហារ​ទៅ​លើ​តំណាង​រាស្រ្ត​រដ្ឋ​អារីហ្សូណា​ ដែល​ធ្វើ​ឲ្យ​លោកស្រី​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុងពេល​ដែល​លោកស្រី​បាន​ទៅ​ជួបប្រជុំ​ជា​មួយ​អ្នក​បោះឆ្នោត​ក្នុង​មណ្ឌល​របស់​លោកស្រី​នោះ​ ​ សមាជិក​សភា​អាមេរិក​ខ្លះ​បាន​ចេញ​ទៅ​ស្វាគមន៍​អ្នក​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​របស់​ខ្លួន។​ ក្នុង​ចំណោម​ការ​ជួបប្រជុំ​ក្នុង​តំបន់​ជាច្រើន​នោះ​ ​មាន​ការ​ដង្ហែ​ប្រារព្ធ​កេរ្តិ៍​តំណែល​របស់​មេ​ដឹកនាំ​សិទ្ធិ​ពលរដ្ឋ​ដែល​ត្រូវ​បាន​គោរព​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រទេស​ ​គឺ​លោក​ម៉ាធីន​ លូធឺរ​ ឃីង​ ជូញៀរ​ (Martin Luther King Junior) ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ជាង​៤០​ឆ្នាំ​មុន។​ ស្រ្តី​តំណាង​រាស្រ្ត​មួយ​រូប​ និង​ក្រុម​មន្រ្តី​សាធារណៈ​ដទៃ​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ ​បាន​ឆ្លុះបញ្ចាំង​អំពី​សារ​របស់​លោក​ឃីង​ ​នៅ​ក្រោយ​ពេល​ការបាញ់​ប្រហារ​នៅ​រដ្ឋ​អារីហ្សូណា។

ក្រុម​តន្រី្ត​ប្រចាំ​វិទ្យាល័យ​បាន​ប្រគុំ​នៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ឡូស​ អិនចឹឡេស​(Los Angeles)​ ដែល​ជា​ការ​ប្រារព្ធ​ជាទូទៅ​នៅ​ថ្ងៃ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​កំណត់​ថា​ ​ជា​ទិវា​បុណ្យ​ប្រារព្ធ​ដល់​លោក​ម៉ាធីន​ លូធឺរ​ ឃីង​ ជូញៀរ​ និង​សារ​របស់​លោក​ស្តី​ពីអហិង្សា។​ សមាជិក​សភា​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​នោះ​ដែរ​ ​បាន​លើក​ដៃ​គ្រវី​ស្វាគមន៍​ទៅ​អ្នក​បោះឆ្នោត​ក្នុង​មណ្ឌល​របស់​ខ្លួន​ដែល​ឈរ​តម្រៀប​គ្នា​នៅ​តាម​ផ្លូវ។

ពិធី​ដង្ហែ​នោះ​បាន​ធ្វើឡើង​តែ​ប្រមាណ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ​ក្រោយពី​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ​អារីហ្សូណា​ ​ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់​ និង​របួស​១៣​នាក់​ ​ដែល​ក្នុង​នោះ​ក៏​មាន​លោកស្រី​តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​ ហ្កាប្រ៊ីអ៊ែល​ ហ្គីហ្វឺដ​ (Gabrielle Giffords)​ ផង​ដែរ។​ លោកស្រី​កំពុងតែ​ទទួល​ការ​ព្យាបាល​សង្គ្រោះ​ជីវិត​នៅក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។

ក៏ប៉ុន្តែ​ ​លោកស្រី​ ជូឌី​ ​ឈូ​ (Judy Chu)​ សមាជិក​តំណាង​រាស្រ្ត​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​គណបក្សប្រជាធិប​តេយ្យ​ថ្លែង​ថា​ ​ថ្វីបើ​មាន​ការបាញ់​ប្រហារ​នៅ​រដ្ឋ​អារីហ្សូណា​ក៏ដោយ​ ​ការចូលរួម​ព្រឹត្តិការណ៍​ដូចនេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការងារ​របស់​មន្រ្តី​សាធារណៈ។

«ខ្ញុំ​ពិត​ជា​គិត​ថា​ ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ហេតុ​ការណ៍​ដូច​នោះបញ្ឈប់​មិន​ឲ្យ​យើង​ចូលរួម​ក្នុង​ការ​អនុវត្ត​លិទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ​ខ្ញុំ​គិត​ថា​ ​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ហេតុការណ៍​នោះបញ្ឈប់​អ្នកណា​ម្នាក់​ឡើយ​ ​ជាពិសេស​ ​ពួកយើង​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជ្រើសរើស​នោះ​ ​ត្រូវ​ចេញ​ទៅ​ទីនោះ​ ​ហើយ​ដោះស្រាយ​ជាមួយ​សាធារណៈ។​ ឥឡូវនេះ​ វា​ជា​ការណ៍​ពិត​ណាស់​ ដែល​យើង​ត្រូវ​ធ្វើ​កិច្ចការ​ទាំងនោះ​ ដោយ​ប្រយ័ត្ន​ប្រយែង​ជាង​មុន»។

លោកស្រី​ឈូ​មាន​ប្រសាសន៍​ថា​ ​សមាជិក​សភា​ជាច្រើន​បាន​ប្តេជ្ញា​ថា​ ​នឹង​ជួប​ប្រជុំ​គ្នា​ជា​សាធារណៈ​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ខ្លួន​តំណាង​ ​ហើយ​ធ្វើការ​អភិវឌ្ឍ​គោលការណ៍​សន្តិសុខ​ថ្មី​ផង​ដែរ។

មេ​ដឹកនាំ​នយោបាយ​ និង​សង្គម​ស៊ីវិល​តែងតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ ​តែ​ប្រហែល​ជា​គ្មាន​នរណា​ប្រឈម​នឹង​គ្រោះថ្នាក់​ជាង​លោក​ម៉ាធីន​ លូធឺរ​ ឃីង​ ​ជា​សកម្ម​ជន​មួយ​រូប​ ដែល​និយាយ​ចេញ​យ៉ាងខ្លាំង​នូវ​សារ​មួយ​អំពី​សមភាព​ក្នុង​សង្គម។

«ខ្ញុំ​មាន​សុបិន​មួយ​សម្រាប់​កូន​ទាំង​៤​របស់​ខ្ញុំ​ថា​ ​នៅ​ថ្ងៃណា​មួយ​ ​ពួកគេ​នឹង​រស់​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​មិន​វាយ​តម្លៃ​ពួកគេ​តាម​រយៈ​ពណ៌​សម្បុរ​ស្បែក​ ​តែ​តាម​រយៈ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​វិញ»។

លោក​ហឺប​ វ៉េសសិន​ (Herb Wesson)​ ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុងឡូស​ អេនចឹឡេស​ ​មាន​ប្រសាសន៍​ថា​ ​ពាក្យ​សម្តី​របស់​លោក​ឃីង​នៅ​តែ​ល្បី​ខ្ទរខ្ទារ។

«សារ​របស់​គាត់​មាន​ន័យ​ថា​ ​ជានិច្ចកាល​ ​គេ​ត្រូវ​វាយតម្លៃ​មនុស្ស​ទៅ​តាម​លទ្ធភាព​របស់​ពួកគេ​ ​មិនមែន​តាមរយៈ​ពណ៌​សម្បុរ​ស្បែក​របស់​ពួកគេ​ទេ​ ​ហើយ​ថា​ ​មនុស្ស​ទាំងអស់​ ​ដោយ​គ្មាន​លើកលែង​ ​នឹង​ត្រូវ​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា។​ ហើយ​ខ្ញុំ​គិត​ថា​ ​បើសិន​គាត់​មាន​ជីវិត​រហូត​មក​ដល់​ថ្ងៃ​នេះ​ ​គាត់​នឹង​មាន​មោទនភាព​ណាស់។​ ក៏ប៉ុន្តែ​ គាត់​ក៏​នឹង​ប្រាប់​យើង​ដែរ​ថា​ ​យើង​នៅមាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។​ អ្វី​ដែល​លោកអ្នក​ត្រូវ​ធ្វើ​ ​គឺ​ពិនិត្យ​មើល​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ធូសុន​ (Tucson)​ រដ្ឋ​អារីហ្សូណា​ (Arizona)​នោះ​ ​លោក​អ្នក​នឹង​ឃើញ​ថា​ ​យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ»។

លោក​ម៉ាធីន​ លូធឺរ​ ឃីង​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ទីក្រុង​មេមហ្វីស​ (Memphis)​ រដ្ឋ​ទិនណេសស៊ី​ (Tennessee)​ ទី​ដែល​លោកបាន​ទៅគាំទ្រ​កូដកម្ម​របស់​កម្មករ​អនាម័យ។​ លោក​អាលវីន​ ធឺនណឺរ​ (Alvin Tuner)​ ជាកម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ដែល​បាន​ធ្វើ​កូដកម្ម​ ​ហើយ​លោក​បាន​ឮ​សុន្ទរកថា​ចុងក្រោយ​របស់​លោក​ឃីង។​ លោក​ថា​ ​សន្ទរកថា​នោះ​បំផុស​គំនិត​ខ្លាំង​ណាស់។

«ប្រាកដ​ណាស់​ ​នោះ​ជា​រឿង​ក្រៀមក្រំ​ គឺ​សុន្ទរកថា​ដ៏ល្បី​របស់​លោក។​ លោក​បាន​ថ្លែង​ថា​ ​លោក​មើល​ឃើញ​ដែនដី​មួយ​ ដែល​ប្រកប​ដោយ​ក្តី​សង្ឃឹម​ថា​ ​នឹង​មាន​ភាព​ស្មើ​គ្នា​ក្នុង​សង្គម​ ​តែ​លោក​ថា​ ​លោក​ប្រហែល​ជា​មិន​អាច​ទៅ​ដល់​ដែន​ដី​នោះ​ជាមួយ​យើងទេ»។

នេះ​ ជា​ពាក្យ​សម្តី​របស់​លោក​ឃីង​នៅ​ក្នុង​សន្ទរកថា​ដ៏​ល្បី​នោះ។

«ខ្ញុំ​គ្រាន់តែ​ចង់​បំពេញ​ទៅ​តាម​ព្រះហឫទ័យ​របស់​ព្រះ​ប៉ុណ្ណោះ​ ​ហើយ​ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឡើង​ទៅ​លើ​កំពូលភ្នំ​មួយ​ ​ហើយ​ខ្ញុំ​បាន​មើល​ឃើញ​ដែនដី​មួយ​ ដែល​ប្រកប​ដោយ​ក្តី​សង្ឃឹម​ថា​ ​នឹង​មាន​ភាព​ស្មើ​គ្នា​ក្នុង​សង្គម។​ ខ្ញុំប្រហែលជា​មិន​អាច​ទៅដល់​ដែនដី​នោះ​ជាមួយ​អ្នក​ទេ។​ ក៏ប៉ុន្តែ​នៅ​រាត្រី​នេះ​ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ ​ យើង​ ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ ​នឹង​ទៅ​ដល់​ដែនដី​នោះ»។

ក្រុម​មន្រ្តី​ក្នុង​តំបន់​និយាយ​ថា​ ​សារ​របស់​លោក​អំពី​ការ​សន្ទនា​មាន​លក្ខណៈ​គោរព​គ្នា​ និង​ការចូលរួម​ដោយ​សន្តិភាព​ ​គឺ​សមស្រប​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ជាង​ពេល​ណាៗ​ទាំងអស់៕

ប្រែ​សម្រួល​ដោយ​លី ម៉ូរីវ៉ាន់

XS
SM
MD
LG