នាយកវិជ្ជាស្ថាន Sabin Vaccine Institute លោក Peter Hotez បាននិយាយថា ជម្ងឺប្រទេសក្តៅទាំងឡាយដែលគេមិនសូវចាប់់អារម្មណ៍ បានទទួលការយកចិត្តទុកដាក់តិច ពីព្រោះជម្ងឺទាំងនេះមិនសម្លាប់មនុស្សដូចជាជម្ងឺគ្រុនចាញ់ ជម្ងឺ HIV/AIDS ឬជម្ងឺរបេងទេ។ ប៉ុន្តែលោកបាននិយាយថា ជម្ងឺទាំងនេះដូចជាជម្ងឺ River blindness ដែលកើតពីប៉ារាស្ហ៊ីតនៅក្នុងសត្វល្បោមនិងសត្វរុយខ្មៅ នៅក្បែរទឹកទន្លេនៃប្រទេសអាហ្វ្រិក ជម្ងឺដែលកើតពីប៉ារាស្ហ៊ីតដូចជាព្រូនមូល ព្រូនទំពក់ និងព្រូនវែងនោះ ជាជម្ងឺសំខាន់សំរាប់ការព្យាបាលដែរ។ លោក Hotez បានរៀបរាប់ជម្ងឺទាំងនេះថា ជាពពួកជម្ងឺដែលធ្វើឲ្យពិការដល់ប្រជាជនក្រីក្របំផុតរបស់ពិភពលោក។
“តាមអនុភាពរបស់វា ជម្ងឺប្រទេសក្តៅដែលគេមិនចាប់់អារម្មណ៍ទាំងនេះ ដែលធ្វើឲ្យមនុស្សពិការរាំរ៉ៃយូរនោះ ជាលទ្ធផលមិនចេញមុខដោយពិតប្រាកដមួយដែលនាំឱ្យមនុស្សរយកោដិនាក់ មិនអាចគេចចេញពីភាពក្រីក្របាន”។
លោក Hotez បានមានប្រសាសន៍ថា ការស្រាវជ្រាវបានបង្ហាញថា ជម្ងឺទាំងនេះធ្វើឲ្យរេញដល់ការលូតលាស់ បណ្តាលឲ្យបាត់បង់ការចងចាំ និងបន្ទាបការឈ្លាសវៃរបស់កុមារដែលកើតជម្ងឺទាំងនេះ។
“ទាំងអស់នេះពុំមែនគ្រាន់តែជាបញ្ហាសុខភាពនាំមុខរបស់ពិភពលោកដែលថា វាជារឿងទូទៅនោះទេ ប៉ុន្តែវាក៏ជាបញ្ហានាំមុខគេនៃការសិក្សាអប់រំរបស់ពិភពលោកផងដែរ។ ឥឡូវនេះ យើងដឹងថាមានភស្តុតាងពិតប្រាកដដែលបង្ហាញថា ជម្ងឺព្រូនដែលកើតមានរាំរ៉ៃនៅក្នុងកូនក្មេង កាត់បន្ថយប្រាក់ចិញ្ចិមជីវិតទៅអនាគតរបស់លោកអ្នកដល់ទៅជិតពាក់កណ្តាល”។
លោក Hotez បាននិយាយថា លោកពេញចិត្តចំពោះថវិកាដែលផ្តល់ទៅឲ្យទីភ្នាក់ងារ សរអ សំរាប់ការអភិវឌ្ឍន៍អន្តរជាតិហៅ USAID ដើម្បីប្រយុទ្ធទល់នឹងជម្ងឺទាំងនេះដែលកំពុងកើនឡើង ប៉ុន្តែចាំបាច់ត្រូវមានថវិកាបន្ថែមទៀត។
លោកបានថ្លែងថា ក្រុមប្រទេសនៅទ្វីបអឺរ៉ុប ក្រុមអ្នកធ្វើអំណោយទានឯកជន និងប្រទេសចិន ក៏គួរជួយបន្ថែមដែរ។
លោកស្រី Christy Hanson មន្ត្រីនៃក្រសួង USAID បាននិយាយថា ការិយាល័យជម្ងឺឆ្លងដែលលោកស្រីដឹកនាំនោះ កំពុងស្វែងរកប្រាក់១៥៥លានដុល្លារសំរាប់ថវិកាលើកក្រោយ ដើម្បីប្រឈមទល់នឹងជម្ងឺប្រទេសក្តៅទាំងឡាយដែលគេមិនចាប់់អារម្មណ៍។
“យើងមិននិយាយថា ជម្ងឺទាំងនេះនឹងអាចបំបាត់ឲ្យអស់ទៅជារហូតនោះទេ។ យើងកំពុងព្យាយាមបន្ថយជម្ងឺទាំងនេះក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន គឺថាយើងនឹងគ្មានក្មេងដែលចិញ្ចឹមមិនធំធាត់ល្អ ពីព្រោះតែមានព្រូននៅក្នុងពោះរបស់គេនោះទេ ប៉ុន្តែយើងនឹងដាក់ប្រព័ន្ធឃ្លាំមើលច្រើន ហើយនិងធ្វើឲ្យប្រាកដថា សាលារៀននានានៅបន្តការព្យាបាលរបស់ខ្លួន។ យើងនឹងកាត់បន្ថយជម្ងឺទាំងនេះ មិនឲ្យនៅជាករណីនៃគ្រាមានអាសន្នតទៅទៀតទេ”។
ដើម្បីធ្វើសង្គ្រាមឱ្យមានប្រសិទ្ធិភាពមួយប្រឆាំងនឹងជម្ងឺទាំងនេះ លោកស្រី Hanson បាននិយាយថា ចាំបាច់ត្រូវមានថវិកាលើសពីមួយរយកោដិដុល្លារសំរាប់រយៈពេលប្រាំឆ្នាំខាងមុខ។
ក្រសួង USAID កំពុងធ្វើការជាមួយរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលទាំងឡាយនៅក្នុងប្រទេសដែលមានជម្ងឺដូចគ្នា និងក្រុមហ៊ុនធ្វើឱសថ សរអ ផងដែរ ដើម្បីផ្តល់ការព្យាបាលដោយឱសថឱ្យមានប្រសិទ្ធិភាព។
លោកស្រី Hanson បានកត់សំគាល់ជោគជ័យនាពេលថ្មីៗនៅក្នុងការកាត់បន្ថយជាអាទិ៍ខ្លះៗនូវជម្ងឺទាំងនេះ នៅក្នុងប្រទេស Ghana Uganda និង Sierra Leone។
មានជម្ងឺប្រទេសក្តៅដែលគេមិនចាប់់អារម្មណ៍ទាំងនេះជាច្រើន ប៉ុន្តែលោក Ken Gustasen នាយកនៃក្រុម Global Health Partnerships ជាមួយក្រុមហ៊ុនធ្វើឱសថ Merck បាននិយាយថា ជាការសំខាន់ដែលគេធ្វើការជាមូលដ្ឋានក្នុងមួយករណីម្តងៗ។
លោកបានរៀបរាប់អំពីការចាប់ផ្តើមរកផ្លូវព្យាបាលដោយឱសថ ដើម្បីប្រយុទ្ធនិងជម្ងឺ River blindness ដែលកើតពីប៉ារាស្ហ៊ីតនៅក្នុងសត្វល្បោមនិងសត្វរុយខ្មៅ នៅក្នុងប្រទេសអាមេរិកខាងត្បូង ដូចជាប្រទេស Colombia និង ប្រទេស Ecuador។
“កន្លែងច្រើនជាង៤០ភាគរយនៃតំបន់ដែលពីមុនមានជម្ងឺឆ្លងនៅក្នុងប្រទេសអាមេរិកឡាទីន ឥឡូវនេះលែងមានការឆ្លងជម្ងឺទៀតហើយ” ។
ជម្ងឺ River blindness ដែលកើតពីប៉ារាស្ហ៊ីតនៅក្នុងសត្វល្បោមនិងសត្វរុយខ្មៅ ដែលបានចម្លងទៅមនុស្សតាមរយៈសត្វរុយខ្មៅខាំ ហើយបណ្តាលឲ្យមានរមាស់តិចៗ ឱ្យខូចស្បែក និងឱ្យមានជម្ងឺភ្នែក។
ក្រុមអ្នកប្រជុំបាននិយាយថា នាបច្ចុប្បន្ននេះ ការចាប់ផ្តើមធ្វើការព្យាបាលដោយឱសថកំពុងមានប្រសិទ្ធិភាពខ្លាំងជាងគេ ហើយការស្រាវជ្រាវបង្ហាញថា វិធានការអនាម័យទាំងឡាយមានប្រសិទ្ធិភាពតិចតួចណាស់ ដើម្បីកាត់បន្ថយជម្ងឺប្រទេសក្តៅដែលគេមិនចាប់់អារម្មណ៍ទាំងឡាយនោះ៕
ប្រែសម្រួលដោយ នុច សារីតា