ក្រុមអ្នកតាក់តែងច្បាប់ស.រ.អ.កំពុងតែសួរថា តើហេតុអ្វីបានជាអូសាម៉ាប៊ិនឡាដិន(Osama bin Laden) មេដឹកនាំពួកភេរវជនអាល់ខេដា អាចរស់នៅក្នុងបរិវេណសំណង់ការពារនៅក្នុងទីក្រុងមួយនៅរស់នៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយ:ពេល៦ឆ្នាំដោយគ្មានសមាជិកខ្លះនៃរដ្ឋាភិបាលប៉ាគីស្ថាន ភ្នាក់ងារស៊ើបការណ៍សម្ងាត់ឬយោធាដឹង នោះ?។ អ្នកតាក់តែងច្បាប់ខ្លះ និយាយថា ទំនាក់ទំនងរបស់ ស.រ.អ.ជាមួយប្រទេស ប៉ាគីស្ថាន ស្ថិតនៅត្រង់ចំណុចសំខាន់ត្រូវពិចារណាមើល។
លោក Leon Panetta នាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សេអ៊ីអាថ្លែងប្រាប់សមាជិកសភានៅក្នុងកិច្ចប្រជុំសម្ងាត់ នៅថ្ងៃអង្គារ អំពីព័ត៌មានលម្អិត ពីការលុកលុយរបស់ក្រុម កុម្ម៉ង់ដូ Navy SEALs ដែលបណ្ដាលឲ្យ អូសាម៉ាប៊ិនឡាដិនស្លាប់។ ក្រោយ កិច្ចប្រជុំសម្ងាត់ លោក Peter King មកពីគណបក្សសាធារណរដ្ឋ ពីរដ្ឋញូយ៉កនឹងជានាយកផ្នែកសន្ដិសុខមាតុភូមិនៃរដ្ឋសភា ប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលលោកអូបាម៉ាហើយនិងសភាជាតិ ចាំបាច់វាយតម្លៃមើលម្ដងទៀតនូវទំនាក់ទំនងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសប៉ាគីស្ថាន។
«ការណ៍ដែល bin Laden ស្ថិតនៅក្បែរបណ្ឌិតសភាយោធា នៅក្បែរទីស្នាក់ការទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប៉ាគីស្ថាន និងការណ៍ដែល bin Laden រស់នៅក្នុងតំបន់អ្នកមាន ដែលក្នុងចំណោមនោះ រួមមានមន្ត្រីយោធា និង មន្ត្រីស៊ើបការសម្ងាត់ចូលនិវត្តជាច្រើននាក់ផងនោះ ធ្វើឲ្យមានការពិបាកជឿថាអ្នក ខ្លះនៅក្នុងរដ្ឋាភិបាលប៉ាគីស្ថាន ទោះជាខាងយោធាក្តី ឬ ខាងស៊ើបការសម្ងាត់ក្តី មិនបានដឹងថា bin Laden រស់នៅទីនោះ»។
សមាជិកសភា King និយាយថា ទំនាក់ទំនងរបស់ស.រ.អ. ជាមួយប្រទេសប៉ាគីស្ថាន មានបញ្ហាពីពេលមុនៗ ក៏ប៉ុន្ដែឥឡូវនេះ ស្ថិតនៅត្រង់ចំណុចសំខាន់ត្រូវពិចារណាមើល។
«ទំនាក់ទំនងនេះពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែទំនាក់ទំនងនេះបានផ្លាស់ប្តូរហើយ ចាប់តាំងពីថ្ងៃអាទិត្យមក។ ដូច្នេះវានិងជាផ្នែកមួយនៃការចចារ និង កិច្ចប្រជុំរវាងរដ្ឋាភិបាលប៉ាគីស្ថាន និង រដ្ឋបាលលោក Obama និង សភាអាមេរិក»។
អ្នកតាក់តែងច្បាប់ខ្លះទៀតចោទសួរសំណួរដូចគ្នានេះអំពីអ្វីខ្លះដែលរដ្ឋាភិបាលប៉ាគីស្ថាន បានដឹងអំពីទីកន្លែងពួនរបស់ប៊ិនឡាដិន។ នៅឯសវនាការរបស់គណ:កម្មធិការសន្ដិសុខមាតុភូមិដែលកំណត់ធ្វើមុននេះ នៅថ្ងៃអង្គារ អំពីការគម្រាមមកលើស.រ.អ. ដែលចេញមកពីប្រទេសប៉ាគីស្ថាន លោកស្រី Jackie Speier សមាជិកាសភា មកពីគណបក្សប្រជាធិបតេយ្យ ពីរដ្ឋកាឡីហ្វញ៉ានិយាយដូច្នេះថា។
«Bin Laden មិនមែនត្រូវគេរកឃើញនៅក្នុងរូងភ្នំទេ។ ផ្ទះរបស់គាត់ស្ថិតនៅប្រហែល៣គីឡូម៉ែត្រ ពីបណ្ឌិតសភាយោធាជាន់ខ្ពស់មួយនៃប្រទេសប៉ាគីស្ថាន។ ដូច្នេះយើងត្រូវតែចោទសួរថាតើហេតុអ្វីបានជាគាត់អាចលាក់ខ្លួននៅកណ្តាលវាល បានយូរម្លេះ?»។
លោក Patrick Meehan សមាជិកសភា មកពីគណបក្សសាធារណ:រដ្ឋ ពីរដ្ឋប៉ិនស៊ីវេញ៉ា សួរថាតើការណ៍ដែល Bin Laden អាចជ្រកកោននៅទីនោះក្នុងរយ:ពេល៦ឆ្នាំ ជាសូចនាបង្ហាញនូវការបែកបាក់ ឬការឃប់ឃិតពីក្នុងបណ្ដាសមាជិកខ្លះៗនៃយោធាប៉ាគីស្ថានឬសេវាស៊ើបការណ៍សម្ងាត់៕
ប្រែសម្រួលដោយ កង ស៊ីវន