ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាក់​តែង​ច្បាប់​អាមេរិក​ពិភាក្សា​បញ្ញត្តិ​អំពី​ក្រុម​ហ៊ុន​ថាម​ពល


ជិត​មួយ​ខែ ​ក្រោយ​ពី​កន្លែង​បូម​ប្រេង​នៅ​ក្នុង​សមុទ្រ​បាន​ផ្ទុះ​នៅ​ក្នុង​ឈូង​សមុទ្រ​ Mexico​បង្ក​ឲ្យ​មាន​ការ​លេច​ធ្លាយ​ប្រេង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​នៅ​មិន​ទាន់​បាន​បញ្ឈប់​នៅ​ឡើយ​នោះ​ ក្រុម​អ្នក​តាក់​តែង​ច្បាប់​សហ​រដ្ឋ​អាមេរិក​កំពុង​ជជែកត​ទល់​អំពី​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​បទ​បញ្ញត្តិ​ទទួល​ខុស​ត្រូវ​របស់​សហ​ព័ន្ធ​ សម្រាប់​ក្រុម​ហ៊ុន​ថាម​ពល​ ដែល​ខួង​យក​ប្រេង​នៅ​តាម​ឆ្នេរ​សមុទ្រ​សហ​រដ្ឋ​អាមេរិក។

អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​ លោក ​Michael​ Bowmanរាយ​ការណ៍​រឿង​នេះ​ពី​រដ្ឋ​ធានី​ Washington។

នាង​លី ​ម៉ូរីវ៉ាន់​សូម​ជូន​សេចក្តី​ប្រែ​សម្រួលអត្ថបទ​នេះ​ដូច​ត​ទៅ៖

ដោយ​ប្រេង​បន្ត​ហៀរ​ចេញ​ពីអណ្តូង​ប្រេង​ដែល​ធ្លាយ​នៅ​ក្រោម​ទឹក​ក្នុង​ឈូង​សមុទ្រ​ Mexico​ សំណួរ​ដ៏​សំខាន់​ពីរ​នៅ​តែ​បន្ត​ចោទ​សួរ៖​ តើ​ការ​ធ្លាយ​នោះ​នឹង​បិទ​ប៉ះ​យ៉ាង​ដូច​ម្តេច​?​ ហើយ​តើ​អ្នក​ណា​នឹង​ចេញ​ថ្លៃ​ខូច​ខាតដែល​អាច​បង្ហាញ​ថា ​មាន​តម្លៃ​ថ្លៃ​បំផុត​ចាប់​តាំង​ពី​គ្រោះ​មហន្ត​រាយ​ខ្យល់​ព្យុះ​សង្ឃរា​ Katrina​ ដែល​បាន​វាយ​ប្រហារ​មក​លើ​សហ​រដ្ឋ​អាមេរិក។

ក្រុម​អ្នក​តាក់​តែង​ច្បាប់​សហ​រដ្ឋ​អាមេរិក​មក​ពី​គណ​បក្ស​នយោ​បាយ​ធំៗ​ទាំង​ពីរ​ យល់​ស្រប​ថា​ ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ដ៏​ធំ​សម្បើម​ គឺ​British​ Petroleum ​ហៅ​កាត់​ថា ​BP​គួរ​តែ​រ៉ាប់​រង​ថ្លៃ​ចាយ​វាយ​នៃ​ការ​បញ្ឈប់ ​និង​ការ​យក​ប្រេង​ចេញ​ពី​ទឹក​ ដូច​ដែល​ក្រុម​ហ៊ុន​នេះ​បាន​សន្យា។

ថែម​លើស​នោះ​ទៀត​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ពី​រដ្ឋ​ញ៉ូយ៉ក​ លោក​ Charles​ Schumer​ ចង់​បំបាត់​ចោល​ការ​ដាក់​កំហិត​តម្លៃ៧៥​លាន​ដុល្លារ​ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់​សម្រាប់​ក្រុម​ហ៊ុន​ថាម​ពល​ណា​ដែល​ប្រេង​របស់​ខ្លួន​បាន​ហៀរ​ចេញ​ ធ្វើ​ឲ្យ​ខូច​ខាត​ដល់​បរិដ្ឋាន​ និង​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ខាត​បង់​ផ្នែក​សេដ្ឋ​កិច្ច។

“មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្នុង​សភា​ដើម្បី​ដក​ការ​ដាក់​កំហិត​តម្លៃ​នោះ​ចេញ។​ ខ្ញុំ​គិត​ថា​ ច្បាប់​នោះ​នឹង​ត្រូវ​បាន​អនុម័ត។ ​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ក្រុម​ហ៊ុន​BP​នឹង​ចេញ​ថ្លៃ​សម្រាប់​ការ​សម្អាត​ទាំង​មូល។ ​នោះ​ជា​កំហុស​របស់​ពួក​គេ“។

លោក ​Schumer ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្ម​វិធី ​Meet ​The​ Press នៃបណ្តាញ​ទូរ​ទស្សន៍ ​NBC។​ ​លោកក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ពង្រឹង​បទ​បញ្ញត្តិ​សហ​ព័ន្ធ​និង​ការ​ត្រួត​ពិនិត្យ​លើ​ការ​ខួង​យក​ប្រេង​នៅ​តាម​ឆ្នេរ​សមុទ្រ​ផង​ដែរ។

ការ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ថាម​ពល​បង់​តម្លៃ​ពេញ​ចំពោះ​មហន្ត​រាយ​អាច​នាំ​ឲ្យ​មាន​ប្រជា​ប្រិយ​ភាព​ខាង​ផ្នែក​នយោ​បាយ​ ​ក៏​ប៉ុន្តែ​វា​អាច​នាំ​ឲ្យ​មាន​ផល​អវិជ្ជ​មាន​ដែល​មិន​បាន​រំពឹង​ទុក​ជា​មុន ​នេះ​យោង​ទៅ​តាម​សមា​ជិក​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​សាធារណ​រដ្ឋ​និយម​ពី​រដ្ឋ​ Kentucky​ លោក ​Mitch ​McConnell​ ដែលបានបង្ហាញ​ខ្លួន​នៅក្នុង​កម្ម​វិធី ​Meet ​The​ Press​ ផង​ដែរ។

“បើ​សិន​ជា​លោក​អ្នក​បង្កើន​ការ​ដាក់​កំហិត​លើ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ពេក ​នោះ​នឹងគ្មាន​ការ​ប្រកួត​ប្រជែង​ទេ។ ​គ្រោះ​ថ្នាក់​ចំពោះ​ការ​ដាក់​កំហិត​ខ្ពស់​ពេក​គឺ​ទី​បំផុត​លោក​អ្នក​ នឹង​មាន​តែ​ក្រុម​ហ៊ុន​ផលិត​ប្រេង​ដ៏​ធំ​សម្បើម​ប៉ុណ្ណោះ ​ដែល​អាច​ធ្វើទៅ​តាម​ការ​ដាក់​កំហិត​នោះ​ ហើយ​ផលិត​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​បាន”។

កាល​ពី​សប្តាហ៍​មុន ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា ​បាន​រិះ​គន់​នាយក​ប្រត្តិ​បត្តិ​ពី​ក្រុម​ហ៊ុន​ BP​ និង​ក្រុម​ហ៊ុន​ប្រេង​ដទៃ​ទៀត​ ក្នុង​ការ​មាន​បំណង​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ហៀរ​ប្រេង​នេះ​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​សក្ខី​កម្ម​នៅ​ឯ​វិមាន​សភា​ Capitol Hill។​ លោក​ McConell ​ជា​សមាជិក​ព្រឹទ្ធ​សភា​កំពូល​ខាង​គណ​បក្ស​សាធារណ​រដ្ឋ​និយម​ បាន​មាន​ប្រសាសន៍​ថា ​សភា​នឹង​តាម​ដាន​សង្កេត​មើលការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​បាល​លោក​អូបាម៉ា​ លើ​ការ​អនុញ្ញាត​រុក​រក​ប្រេង​ រួម​ទៅ​ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​គ្រោះ​មហន្ត​រាយ​នៅ​ឈូង​សមុទ្រ​ម៉ិចសិចកូ​នោះ។

សមាជិក​ព្រឹទ្ធ​សភា​លោក ​Jeff ​Sessions ​ពី​រដ្ឋ ​Alabama ​ដែល​ជា​រដ្ឋ​មួយ​នៅ​ជាប់​ឆ្នេរ​ឈូង​សមុទ្រ​ លោក​មាន​ប្រសាសន៍​ថា ​លោក​មាន​ការ​ពេញ​ចិត្ត​ជា​មួយ​នឹង​ការ​សន្មត់​ទទួល​យក​របស់​ក្រុម​ហ៊ុន​ប៊ីភី​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ហិរញ្ញ​វត្ថុ ​ ហើយ​នោះ​លោក​រំពឹង​ថា ​ក្រុម​ហ៊ុន​ប៊ីភី ​នឹង​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន។

លោក​ Sessions​ បាន​មាន​ប្រសាសន៍​ដូច​នោះ​នៅ​ក្នុង​កម្ម​វិធី​ This ​Week​ របស់​បណ្តាញ​ទូរ​ទស្សន៍​ ABC​ ជា​មិន​ខាន។

ក្រុម​ហ៊ុន​ប៊ីភី ​បាន​សន្យា​ថា ​នឹង​បង់​ថ្លៃ​សង​ទាំង​អស់​ដែល​ចាត់​ទុក​ថា​ ត្រឹម​ត្រូវ។​ នៅ​ក្នុង​មហន្ត​រាយ​កាល​ពី​ពេល​មុន ​ដូច​ជា​ក្រុម​ហ៊ុន​Exxon ​Valdes​ បាន​ហៀរ​ប្រេង​នៅ​ក្នុង​ដែន​ទឹក​រដ្ឋ​អាឡាស្កា​ឆ្នាំ​១៩៨៩ ​ការ​កំណត់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​សង​ការ​ខូច​ខាត​ ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​រឿង​ក្តី​ដែល​ចំណាយ​ប្រាក់​អស់​ជា​ច្រើន៕

XS
SM
MD
LG