តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនផលិតគ្រឿងសមុទ្រថៃ និងអាមេរិកាំងចំនួនបួនឆ្លើយការពារខ្លួនទល់នឹងអតីតពលករខ្មែរចំនួន៧រូប ដែលបានប្តឹងថាបានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគេក្នុងអំឡុងពេលធ្វើការនៅប្រទេសថៃ។
ចៅក្រម John F. Walter នៃតុលាការសហព័ន្ធប្រចាំរដ្ឋកាលីហ្វញ៉ា បានចេញដីកាបញ្ជាមួយកាលពីចុងខែមិថុនា ឱ្យភាគីពាក់ព័ន្ធបំពេញឯកសារដែលចាំបាច់សម្រាប់ដំណើរការក្តី។ លោកបានព្រមានថា បើភាគីណាមួយទាំងដើមចោទ និងចុងចោទខកខានមិនធ្វើតាមទេ នោះតុលាការនឹងសម្រេចច្រានចោលពាក្យបណ្តឹង ឬក៏អាចចេញដីកាសម្រេចកំបាំងមុខ ដើម្បីផ្តល់ផលប្រយោជន៍ដល់ជនរងគ្រោះ។
មេធាវីតំណាងឱ្យជនរងគ្រោះខ្មែរទាំង៧នាក់ ដែលមានបុរសប្រាំនាក់ និងស្ត្រីពីរនាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិកាំងគឺ ក្រុមហ៊ុន Rubicon Resources និងក្រុមហ៊ុន Wale& Co. Universe, Ltd. និងក្រុមហ៊ុនថៃ Phatthana Seafood Co., Ltd និងក្រុមហ៊ុន S.S. Frozen Food Co., Ltd កាលពីថ្ងៃទី១៥ ខែមិថុនា។
ក្នុងពាក្យបណ្តឹងបានលើកឡើងថាជនរងគ្រោះទាំងនោះត្រូវបានក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុកមកបញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រថៃ Phatthana Seafood Co. Ltd. ចន្លោះពីឆ្នាំ២០១០ដល់២០១២ ហើយបានប្រឈមមុខនឹងការបង្ខំឱ្យធ្វើការងារលើសកម្លាំង ទាសភាព និងការធ្វើការដើម្បីសងបំណុលថៅកែ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនមេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់អាមេរិកាំង Cohen Milstein ដែលតំណាងឱ្យជនរងគ្រោះទាំងនេះ។
រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនអាមេរិកាំងទាំងពីរហាក់បោះបង់សិទ្ធិឆ្លើយការពារខ្លួន ដោយសារពេលវេលាត្រូវផ្តល់ចម្លើយការពារខ្លួនបានកន្លងផុតនៅសប្តាហ៍នេះ ហើយក្រុមហ៊ុនថៃនៅមានពេលរហូតដល់ដើមខែសីហាសម្រាប់ការឆ្លើយដោះបន្ទុក ឬជួបចរចាជាមួយនឹងមេធាវីជនរងគ្រោះ ដោយសារច្បាប់របស់សហរដ្ឋអាមេរិកទុកពេលឱ្យចំនួន២១ថ្ងៃ ដើម្បីផ្តល់ការពន្យល់តបនឹងការចោទប្រកាន់។
លោកស្រី Kiry Gray ក្រឡាបញ្ជីបានបញ្ជាក់នៅក្នុងដីកាកោះដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនាថា៖
«ប្រសិនបើក្រុមហ៊ុនមិនឆ្លើយតបទេ ចៅក្រមនឹងចេញសាលក្រមកំបាំងមុខប្រឆាំងនឹងផលប្រយោជន៍របស់ក្រុមហ៊ុនតាមការទាមទាររបស់ដើមចោទ»។
ក្រុមហ៊ុន Rubicon Resources បានបដិសេធមិនធ្វើអត្ថាធិប្បាយពីសំណុំរឿងនោះទេ។ នៅពេលដែល VOAទាក់ទងតាមទូរស័ព្ទ ស្ត្រីម្នាក់ដែលលើកទូរស័ព្ទក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក តែបានបដិសេធមិនព្រមផ្តល់ឈ្មោះ បាននិយាយថា ក្រុមហ៊ុនមិនចង់ធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។ នៅពេលដែល VOA សួរបន្ថែមថាតើក្រុមហ៊ុនបានដឹងថាពីបណ្តឹងនោះទេ គាត់នៅតែឆ្លើយថាក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
បើយោងតាមឯកសាររបស់តុលាការដែលដាក់ផ្សាយជាសាធារណៈបញ្ជាក់ថាក្រុមហ៊ុន Rubicon Resources បានទទួលដីកាកោះកាលពីថ្ងៃទី២៨ ខែមិថុនារួចរាល់អស់ហើយ។ អ្នកទទួលមានឈ្មោះ Harry Kraushaar ដែលជាប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Rubicon Resources មានទីស្នាក់ការនៅទីក្រុង Culver រដ្ឋកាលីហ្វញ៉ា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាហារសមុទ្រជាច្រើន ក្នុងឆ្នាំ១៩៩៩សម្រាប់បម្រើគោលបំណងផ្សព្វផ្សាយ និងចែកចាយផលិតផលគ្រឿងសមុទ្រនៅក្នុងសហរដ្ឋអាមេរិក។
យោងតាមឯកសាររបស់សារព័ត៌មាន Bloomberg ក្រុមហ៊ុននេះមានលក់ផលិតផលត្រី បង្គា ចៃយ៉ និងគ្រឿងការី។
ក្រុមហ៊ុន Wales & Co. Universe, Ltd. មានទីស្នាក់ការនៅប្រទេសថៃ ប៉ុន្តែបានចុះបញ្ជីការនៅក្នុងរដ្ឋកាលីហ្វញ៉ា ហើយមានភ្នាក់ងារតំណាងម្នាក់សម្រាប់បម្រើការរត់ឯកសារនៅរដ្ឋកាលីហ្វញ៉ា។ក្រុមហ៊ុននេះមានលក់ផលិតផលគ្រឿងសមុទ្របង្កក អាហារបង្កក ម្អូបអាស៊ី និងស៊ូស៊ី។
ភ្នាក់ងារបម្រើសេវាខាងបញ្ជូនឯកសារតុលាការបានប្រគល់ដីកាកោះទៅតំណាងក្រុមហ៊ុនដែលមានឈ្មោះ សន ខារាវេយ៍ កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦។
រីឯនៅប្រទេសថៃវិញ ដីកាកោះហៅក្រុមហ៊ុន S.S. Frozen Food Co., Ltd. ត្រូវបានប្រគល់ជូននៅថ្ងៃទី១២ ខែកក្កដា ដោយមានឈ្មោះ K Warin ជាអ្នកទទួល។ ក្រុមហ៊ុន S.S. Frozen Food ស្ថិតនៅខេត្តសុងក្លា ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ រីឯក្រុមហ៊ុន Patthana Seafood ដែលមានអាសយដ្ឋានក្នុងទីក្រុងបាងកក ត្រូវបានប្រគល់ជូនដីកាកោះនៅថ្ងៃទី១១ ខែកក្កដា។
ដីកាកោះហៅ និងពាក្យបណ្តឹងលើក្រុមហ៊ុននៅថៃ ដែលមានបកប្រែពីភាសាអង់គ្លេសទៅជាភាសាថៃ ត្រូវបានបញ្ជូនចេញដោយក្រឡាបញ្ជីនៃតុលាការតាមការស្នើសុំរបស់មេធាវីដើមបណ្តឹង។ នេះបើតាមឯកសារតុលាការដែល VOA ទទួលបាន។
VOA បានព្យាយាមទាក់ទងក្រុមហ៊ុនថៃទាំងពីរ ប៉ុន្តែអ្នកលើកទូរស័ព្ទមិនអាចឆ្លើយនឹងសំណួរអ្វីបានទាំងអស់ ហើយការសាកសួរតាមសារអេឡិកត្រូនិកពុំទទួលបានចម្លើយនៅឡើយទេ។
លោក កែវ រដ្ឋា ជាជនរងគ្រោះម្នាក់ដែលបានដាក់ពាក្យបណ្តឹង បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយនឹង VOA ថា ស្ថានភាពការងារ និងការរស់នៅមានការលំបាកខ្លាំងក្នុងពេល ដែលលោកធ្វើការឱ្យក្រុមហ៊ុន Phatthana នៅក្នុងខេត្តសុងក្លា ប្រទេសថៃរយៈពេលបីខែនៅចុងឆ្នាំ២០១១ និងដើមឆ្នាំ២០១២។
លោកបានបន្ថែមថា៖
«របៀបធ្វើបាបរបស់គេ គឺវាពិបាកនឹងនិយាយ។ យើងគ្រាន់តែដឹងថាអ្វី ដែលយើងជួបប្រទះ ហើយកន្លែងដែលយើងហូបចុកស្នាក់នៅហើយចំពោះការចំណាយវាមិនតុល្យភាពជាមួយនឹងចំណូលរបស់យើងដល់ចឹងទៅ វាមានបញ្ហា»។
លោកបន្ថែមថា ពេលមានភ្លៀងម្តងៗ គឺកន្លែងដែលពួកគេស្នាក់នៅមានទឹកលិចដក់ដែលត្រូវតែក្រោកឡើងបាចទឹកចេញ។ ពេលខ្លះត្រូវងើបសំកុករហូតដល់ភ្លឺ ហើយនឹងត្រូវទៅធ្វើការនៅថ្ងៃបន្ទាប់ដោយមិនបានសម្រាកអ្វីទេ។
ក្រុមហ៊ុនបានសន្យាផ្តល់ប្រាក់ដល់លោកក្នុងមួយខែចំនួន១ម៉ឺនបាត ដែលមានជាង៣០០ដុល្លារ ហើយអាចឡើងដល់៥០០ដុល្លារ ប៉ុន្តែមិនទទួលបានដូចការសន្យាឡើយគឺបានតែជាង១០០ដុល្លារប៉ុណ្ណោះ ហើយត្រូវចំណាយលើការហូបចុក និងស្នាក់នៅអស់។
រយៈពេលជាងបួនឆ្នាំក្រោយពីវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃលោក កែវ រដ្ឋាអះអាងថា លោកនៅតែជំពាក់បំណុលគេជាង១០០០ដុល្លារសហរដ្ឋអាមេរិកនៅឡើយ។
ការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងឧស្សាហកម្មនេសាទត្រីរបស់ថៃត្រូវបានសារព័ត៌មាននានា និងអង្គការសិទ្ធិមនុស្ស ចេញផ្សាយជាច្រើនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ឧស្សាហកម្មនេសាទសមុទ្រថៃប្រើប្រាស់កម្លាំងពលកម្មមកពីប្រទេសជាច្រើនក្នុងនោះមានកម្ពុជា និងភូមាជាដើម។ មានមន្ត្រីរដ្ឋាភិបាលថៃមួយចំនួន ក្នុងនោះមានមន្ត្រីប៉ូលិសជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការរត់ពន្ធមនុស្សខុសច្បាប់នេះផងដែរ។ នេះបើតាមពាក្យបណ្តឹងដែលបានរៀបរាប់ដោយយោងតាមរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាល និងបណ្តាញសារព័ត៌មាននានា។
លោកស្រី Agnieszka Fryszman បានបន្ថែមថា ក្រុមហ៊ុនបានដឹងពីការកេងប្រវ័ញ្ចកម្លាំងពលកម្មពលករទាំងនោះ។ លោកស្រីផ្តល់ហេតុផលថា ទីមួយ ដោយសារក្រុមហ៊ុននៅក្នុងប្រទេសថៃបានដឹងថា ពលករទាំងនោះចង់វិលត្រឡប់ទៅស្រុកកំណើតវិញ។ ហើយក៏មានសេចក្តីរាយការណ៍ និងការស៊ើបអង្កេតជាច្រើនធ្វើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សពីសកម្មភាពកេងប្រវ័ញ្ចទាំងនោះ។
លោកស្រីបានបន្ថែមថា៖
«ហើយយើងមានភស្តុតាងដែលអាចបញ្ជាក់បានថា ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកគួរតែបានដឹងថា មានមនុស្សត្រូវបានគេជួញដូរ»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(ហៅកាត់ថាសង់ត្រាល់) បានបញ្ជាក់ថា រហូតមកដល់ពេលនេះស្ថានភាពការងាររបស់ពលករខ្មែរក្នុងប្រទេសថៃនៅតែមិនទាន់បានប្រសើរនៅឡើយទេ នៅតាមរោងចក្រមួយចំនួន។
លោកបានមានប្រសាសន៍ថា៖
«នៅតែមានបញ្ហាមួយចំនួនទៀតពាក់ព័ន្ធនឹងរឿងការកេងប្រវ័ញ្ចប្រាក់ឈ្នួលគាត់ ការដែលបង្ខំឱ្យគាត់ធ្វើការថែមម៉ោងនៅម៉ោងដែលពួកគាត់មិនចង់ធ្វើហើយ ក៏ដូចជាមានការដែលយកពលករខ្មែរយើងទៅដាក់តែម្តង គឺតាមរយៈពីខាងក្រុមហ៊ុនជ្រើសរើសពលករពីខ្មែរនេះទៅ ហើយយកគាត់ទៅដាក់ទៅ អត់មានការទទួលខុសត្រូវ ដូចជាដាក់ឱ្យគាត់រង់ចាំដោយអត់មានការទទួលខុសត្រូវ ដូចជាអាហារហូបចុក កន្លែងស្នាក់នៅ ឬមួយក៏ម្អូបអាហារផ្សេងៗ»។
ប៉ុន្តែសម្រាប់ជនរងគ្រោះកម្ពុជាការស្វែងរកយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការក្នុងប្រទេសកំណើតគឺហាក់គ្មានពន្លឺទេ។ នេះបើតាមការបញ្ជាក់របស់លោក មឿន តុលា។ លោកបានបន្ថែមថា ដោយហេតុនេះហើយបានជាមេធាវីតំណាងជនរងគ្រោះត្រូវតែតាមរកក្រុមហ៊ុន ដែលបញ្ជាទិញផលិតផលដែលប្រើប្រាស់កម្លាំងពលកម្មដោយការកេងប្រវ័ញ្ចនៅចុងខ្សែនៃសង្វាក់ផ្គត់ផ្គង់វិញនោះ គឺទីផ្សារនៅសហរដ្ឋអាមេរិក។
លោក កែវ រដ្ឋា សង្ឃឹមថា តុលាការសហរដ្ឋអាមេរិកនឹងជួយរកយុត្តិធម៌ដល់លោកនិងជនរងគ្រោះដទៃទៀត៖
«ការដែលចង់បានគឺសូមឱ្យអ្នកដែលទិញផលិតផលហ្នុងមើលឱ្យគ្រប់ជ្រុងជ្រោយចំពោះរោងចក្រ ព្រោះមិនមែនតែខ្ញុំទេដែលត្រូវរងរំលោភសិទ្ធិការងារ ឬកេងប្រវ័ញ្ចការងារ។ មានកម្មករនៅលើលំហរសមុទ្រដែលរកត្រីឱ្យក្រុមហ៊ុន មានបញ្ហាលំបាកការជួញដូរខ្លាំងជាងយើងធ្វើនៅលើគោក។ ចឹងសូមរឹតបន្តឹងផ្នែកហ្នឹង។ កុំឱ្យធ្វើបាបអ្នកនៅលើទឹក ហើយនៅលើគោកទៀត»។
សម្រាប់លោកស្រី Agnieszka Fryszman មេធាវីរបស់ជនរងគ្រោះចង់ឃើញសំណុំរឿងនេះបញ្ចប់ទៅដោយឆាប់រហ័ស ដោយមានដំណោះស្រាយសម្រាប់ជនរងគ្រោះដែលចង់បានយុត្តិធម៌ជាយូរមកហើយ។
«ជនរងគ្រោះត្រូវការថវិកាយ៉ាងខ្លាំង ហើយត្រូវការស្តារសុខភាពឡើងវិញ។ ហើយវាជាការសំខាន់ណាស់ក្នុងការបង្កើតឱ្យបានឆាប់នូវដំណោះស្រាយមួយសម្រាប់គេយកគំរូតាមដើម្បីដោះស្រាយជូនអ្នកផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ និងនៅតែធ្វើការនៅកន្លែងវេចខ្ចប់បង្គាទាំងនេះ»។
ក្នុងពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទាំងនេះ ជនរងគ្រោះបានទាមទារសំណងជាច្រើនទាំងផ្នែកថវិកា និងផ្លូវចិត្ត ដោយសារតែការបាត់បង់ឱកាសការងារ ការបាត់បង់ទ្រព្យសម្បតិ្ត និងការសិក្សាអប់រំ ដោយសារតែការជួញដូរ និងបង្ខំឱ្យធ្វើការជាទម្ងន់នេះ៕