តុលាការរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានកាត់ទោសអ្នកកាសែតអាមេរិកាំងម្នាក់ឱ្យជាប់ពន្ធនាគារ១១ ឆ្នាំ ក្រោមការចោទប្រកាន់ថា បានជួបជុំគ្នាដោយខុសច្បាប់ ការញុះញង់ប្រឆាំងនឹងយោធា និងការបំពានច្បាប់ទិដ្ឋាការ។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់សម្តីនិយោជករបស់អ្នកកាសែតនេះ។
របបយោធា បានគាបសង្កត់សារព័ត៌មានចាប់តាំងពីឡើងកាន់អំណាចក្នុងរដ្ឋប្រហារខែកុម្ភៈ ដោយចាប់ខ្លួនអ្នកកាសែតរាប់សិបនាក់ដែលរិះគន់ការបង្រ្កាបរបស់យោធាលើអ្នកប្រឆាំង ដោយបានសម្លាប់មនុស្សជាង ១,២០០នាក់។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុក។ លោក Danny Fenster ដែលបានធ្វើការឱ្យកាសែតក្នុងស្រុកឈ្មោះ Frontier មីយ៉ាន់ម៉ា ប្រហែលមួយឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ខណៈលោកព្យាយាមចាកចេញពីប្រទេស មកជួបជុំគ្រួសារនៅសហរដ្ឋអាមេរិក។
សារព័ត៌មាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កាសែត Frontier មីយ៉ាន់ម៉ា ខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនៅថ្ងៃនេះក្នុងការកាត់ទោសនាយកគ្រប់គ្រងរបស់កាសែត គឺលោក Danny Fenster តាមការចោទប្រកាន់ចំនួន ៣ និងកាត់ទោសដាក់ពន្ធនាគារសរុបចំនួន ១១ឆ្នាំ»។
លោក Fenster ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein នៅទីក្រុងរ៉ង់ហ្គូនចាប់តាំងពីលោកត្រូវបានឃាត់ខ្លួននោះ ក៏ប្រឈមនឹងការចោទប្រកាន់ពីបទបះបោរ និងភេរវកម្ម ដែលអាចធ្វើឱ្យលោកជាប់ពន្ធនាគារមួយជីវិត។
កាសែត Frontier Myanmar បាននិយាយថា៖ «មនុស្សគ្រប់គ្នានៅកាសែតនេះ អន់ចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះសាលក្រមនេះ។ យើងគ្រាន់តែចង់ឃើញ លោកDanny ត្រូវបានដោះលែងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យលោកទៅផ្ទះដើម្បីជួបជុំគ្រួសាររបស់លោក»៕
អ្នកនាង Nike Ching នៃវីអូអេ រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។