ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិនិយោគ​អាមេរិកាំង​ចាប់​អារម្មណ៍​លើ​ទីផ្សារ​កម្ពុជា


ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​របស់​សហរដ្ឋ​អាមេរិក​កំពុង​សំឡឹង​មើល​មក​ទីផ្សារ​ប្រទេស​ កម្ពុជា​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​វិនិយោគ​នៅ​ទីផ្សារ​ដែល​កំពុង​តែ​មាន​សក្តានុពលល្អ​នេះ។

យោង​តាម​ការ​បញ្ជាក់ពី​ក្រុមប្រឹក្សា​ជំនួញ​របស់​អាមេរិក​និង​អាស៊ាន (US-ABC) គឺ​ថា ​ក្រុមប្រតិភូ​ពាណិជ្ជកម្ម​មួយ​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ពី​ ថ្ងៃ​ទី​១៤​ដល់​១៥​ខែ​មិថុនា​ដើម្បី​ជា​ការ​ជួយ​ឱ្យ​បាន​ប្រសើរ​ឡើង​នូវ​ បរិយាកាសធ្វើ​វិនិយោគក្នុងប្រទេស​កម្ពុជានិងជាឱកាសស្វែងយល់ បន្ថែមពី​ទី​ផ្សារ​សម្រាប់ក្រុមហ៊ុនថ្មីៗ​មួយ​ចំនួន។

លោក Anthony Nelson អ្នកគ្រប់គ្រង ​ផ្នែក​ព័តមាន​និង​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា ​ជំនួញ​របស់​អាមេរិក​និង​អាស៊ាន​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​មុន​ការ​ចេញ​ដំណើរ​នេះ​ថា ដំណើរ​លើក​នេះមាន​ក្រុមហ៊ុន​ចូលរួម​ច្រើន​ជាង​គេ​បំផុត​ ចាប់​តាំង​ពី​មាន​ការ​រៀបចំ​ដំណើរ​របៀប​នេះ​ជា​រៀង​រាល់​ឆ្នាំ​មក។

“យើងមាន​ក្រុមហ៊ុន​មក​ពី​ច្រើន​វិស័យ​ គឺ​មាន​ក្រុមហ៊ុន​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​មួយ​រយៈ​មកហើយ។​ មាន​ក្រុមហ៊ុន​ខ្លះ​ទើប​នឹង​ចាប់​ផ្តើម​បោះទុន​វិនិយោគ​នៅ​ទី​នោះ​ និង​មាន​ក្រុមហ៊ុនខ្លះ​ដែល​កំពុង​សំឡឹង​មើល​ថា​តើ​មាន​ឱកាស​វិនិយោគទុន​ បែប​ណា​នៅ​ប្រទេស​កម្ពុជា”។

ក្រុម​ប្រតិភូ​នេះ​ដឹកនាំ​ដោយ​លោក Alexander Feldman ប្រធាន ​ក្រុមប្រឹក្សា​ជំនួញ​អាមេរិកាំង​និង​អាស៊ាន​ ហើយ​ចូល​រួមដោយក្រុម​ហ៊ុន​វិនិយោគ​ធំៗ​របស់​អាមេរិក​ចំនួន​៨​ មានដូច​ជា​ក្រុមហ៊ុន​ប្រេង Chevron ក្រុមហ៊ុន Bunge ដែល​មាន​ជំនាញ​ខាង​ជំនួញ​កសិកម្ម​និង​ម្ហូប​អាហារ​ ក្រុមហ៊ុន​ឋាមពល Conoco Phillips ក្រុមហ៊ុន General Dynamics ដែល​មាន​ជំនាញ​ខាងផលិត​គ្រឿងចក្រ​ធំៗ​ ក្រុមហ៊ុន​អគ្គិសនី General Electric ក្រុមហ៊ុន​ថែរក្សា​សុខភាព​និង​ឱសថ Johnson and​ Johnson ក្រុមហ៊ុន​កំព្យូទ័រ IBM និង​ក្រុមហ៊ុន JP Morgan ដែល​មាន​ជំនាញ​ខាងហិរញ្ញវត្ថុ​និងធនាគារ។

លោក Rob Doolittle មន្ត្រី​ព័ត៌មាន​នៃ​ក្រុមហ៊ុន General Dynamics បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ថា​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​តំណាង​មកពី​ក្រុមហ៊ុន General Dynamics មក ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ស្វែង​យល់​ពី​សភាពការណ៍ជំនួញ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​មាន​ចំណាប់​អារម្មណ៍​លើ​ផ្នែក​ណា​មួយ​នៅ​ឡើយ​ទេ។

ប្រតិភូនេះ ​មាន​គម្រោង​ជួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្រសួង​ជា​ច្រើន​ មាន​ដូច​ជា​ទីស្តីការ​គណរដ្ឋមន្រ្តី​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​ពាណិជ្ជកម្ម​ជា​ដើម។

ជញ្ជីងពាណិជ្ជកម្មរវាង​ប្រទេសកម្ពុជា​និង​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​មាន​ តុល្យភាព​នៅ​ឡើយ​ទេ។​ តួលេខ​ចុង​ក្រោយ​ឱ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក ​មាន​ចំនួន​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ​ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក​នាំ​ទំនិញ​ចូល​កម្ពុជា​មាន​មិន​ដល់​២០០​លាន​ ដុល្លារ​ផង។

ក្នុងបទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​កន្លង​មក​ជា​មួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ លោក​ ប៉ាន សុរសក្តិ​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​ សក្តានុពល​ល្អ​ជា​ច្រើន​សម្រាប់វិនិយោគិន​អាមេរិកាំង​យក​ទៅ​ពិចារណា។

“យើង​អាច​ទាញ​នូវ​វិនិយោគិន​មួយ​ចំនួន​ក្នុង​ផ្នែក​ព័ត៌មាន​វិទ្យា​ ហើយ​ទី​ពីរ​ជំរុញ​ក្នុង​រឿង​ធ្វើ​ឱ្យ​ទំនើបកម្ម​ ការ​ផលិត​អង្ករ​ដែល​ជា​កិច្ចការ​មួយ​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​វិនិយោគទុន​លើ​ការ​ផលិត​ដើម្បី​ឱ្យ​យើង​បាន​តាម​ទាន់​ស្តង់ដា​អន្តរជាតិ​ ដោយ​សារ​អង្ករ​យើង​ អាច​ផលិត​បាន​ជាង២​លាន​តោន​ក្នុង​មួយ​ឆ្នាំ​លើស​តម្រូវការ​ ដែលយើង​អាច​នាំ​យក​ចេញ​បាន​ ហើយ​មាន​កិច្ចការមួយ​ចំនួន​ទៀត​ដែល​យើង(ធ្វើ) សហការ​ជា​មួយសហរដ្ឋ​អាមេរិក​បាន​ គឺ​កិច្ចការ​ជំរុញ​នូវ​សេវាកម្ម​ទេសចរ​ដែល​យើង​អាច​ជំរុញ​នូវ​អាកាសចរ​ទៅ​វិញ​ទៅ​មក​បាន"។

បរិយាកាស​នៃ​ការ​ធ្វើ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នៅ​មាន​ការ​ប្រលូក​ប្រលាក់​ទៅ​ដោយ​អំពើ​ពុករលួយ​ ការិយាធិបតេយ្យនិយម​ ប៉ុន្តែ​ក្រុម​អ្នករៀបចំ​ដំណើរ​ទស្សនកិច្ចនេះ​យល់​ថា​សក្តានុពល​ សេដ្ឋកិច្ច​សម្រាប់​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​គឺ​កំពុង​ឈាន​ឡើងល្អ​ ហើយ​កម្ពុជា​គឺ​ជា​កន្លែង​មួយ​គួរ​ឱ្យ​រំភើប​និង​ចាប់​អារម្មណ៍ធ្វើ​ពាណិជ្ជកម្ម៕

XS
SM
MD
LG