ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​អាមេរិក​ចំពោះ​ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ម្ល៉ាឌិក


លោក​ Radovan Karadzic ឆ្វេង និង​លោក​ឧត្ដមសេនីយ​ រ៉ាត់កូ​ ម្ល៉ាឌិក​ (Ratko Mladic)​ចូលរួម​ក្នុង​ការ​ប្រជុំ​សភា​នៅ​ទីក្រុង​ Pale ប្រទេស​ (Bosnia)។​
លោក​ Radovan Karadzic ឆ្វេង និង​លោក​ឧត្ដមសេនីយ​ រ៉ាត់កូ​ ម្ល៉ាឌិក​ (Ratko Mladic)​ចូលរួម​ក្នុង​ការ​ប្រជុំ​សភា​នៅ​ទីក្រុង​ Pale ប្រទេស​ (Bosnia)។​

សហរដ្ឋ​អាមេរិក​បាន​ចូលរូម​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​ក្នុង​ទ្វីប​អឺរ៉ុប​ និង​ក្រុម​សិទ្ធិមនុស្ស​ក្នុង​ការស្វាគមន៍​ការ​ចាប់​ខ្លួន​ រ៉ាតកូ ម៉្លាឌិក (Ratko​ Mladic) ក្នុង​ប្រទេស​ សឺប៊ី​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​តំបន់​បាល់កង់។ ពួក​អ្នក​ជំនាញ​កិច្ចការ​តំបន់​បាល់កង់​និយាយ​ថា​ពួកគេ​សង្ឃឹម​ថា​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ជន​នេះ​នឹង​មាន​កំណែ​ទម្រង់​សេវាកម្ម​សន្តិសុខ​នៃ​ប្រទេស​សឺប៊ី​ ដែល​មាន​សមាជិក​ខ្លះ​ប្រហែល​ជួយ​ផ្តល់​កន្លែង​ជ្រក​កោន​ឱ្យ​ម៉្លាឌិក។

ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​នាំមុខ​ដោយ​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ដែល​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយ​ល័ក្ខអក្សរ​មួយ​បាន​អបអរ​សាទរ​ដល់​រដ្ឋាភិបាល​សឺប៊ី​របស់​លោក​ប្រធានាធិបតី​ បូរីស តាឌីក (Boris​ Tadic) ចំពោះ​អ្វី​ដែល​លោក​បាន​ហៅថា​ «កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ការប្តេជ្ញា» របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា​ ម៉្លាឌិក​ បាន​ត្រូវ​រកឃើញ​និង​នាំ​ទៅ​កាត់ទោស។

លោក​អូបាម៉ា​បាន​ហៅ​ការ​ចាប់​ខ្លួន​ជន​នេះ​ថា​ ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​នៃ​អំពើ​របស់​ម៉្លាឌិក​ សម្រាប់​ប្រទេស​ សឺប៊ី​ ប្រទេស​បូស្នី​ សហរដ្ឋ​អាមេរិក​ និង​សម្រាប់​យុត្តិធ៌ម​អន្តរជាតិ។

ម៉ា្លឌិក​ ដែល​ជា​មេបញ្ជាការ​យោធា​នៃ​ក្រុម​ សឺប បូស្នី (Serbe​ Bosnie) បាន​ដឹក​នាំ​កងកម្លាំង​ សឺប​ ក្នុង​ការ​សម្លាប់​រង្គាល​កាលពី​ឆ្នាំ​១៩៩៥​នូវ​បុរស​ និង​កុមារា​ អ៊ីស្លាម បូស្នី ​៨០០០​នាក់​នៅ ស្រឺប្រឺនីកា (Srebrenica) ដែល​ជា​ឧប្បត្តិហេតុ​ដ៏​អប្រិយ​បំផុត​ក្នុង​សង្គ្រាម​ក្នុង​តំបន់​បាល់កង់។

លោក ​ម៉ាក ថូន័រ (Mark Toner) អ្នកនាំ​ពាក្យ​រង​ស្តីទី​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកបាន​និយាយថា ការ​ចាប់​ខ្លួន​ជន​នេះ​ទោះ​ជា​បាន​ត្រូវ​ពន្យា​ពេល​ក៏​ដោយ​ ក៏​បង្ហាញ​ថា​យុត្តិធ៌ម​អន្តរជាតិ​មាន​ប្រសិទ្ធិភាព។​ លោក​ថ្លែង​ថា៖

«នេះ​ជា​ការ​ព្រមាន​មួយ​ដល់​ជន​ទាំងទ្បាយ​នៅ​ក្នុង​ពិភពលោក​ដែល​យក​ជន​ស៊ីវិល​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​ជា​ទីដៅ​នៃ​ការវាយប្រហារ។នេះ​ជា​ការ​ព្រមាន​ថា​ ពួកគេ​គ្មាន​កន្លែង​លាក់​ខ្លួន​ទេ។ ក៏​ប៉ុន្តែ​សម្រាប់​ជន​ដែល​បាន​រង​ទុក្ខវេទនា​ដោយសារ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​របស់​គាត់ ​ដោយ​មាន​រួម​បញ្ចូល​ការ​សម្លាប់​ប្រល័យ​ពូជសាសន៍​នៅ ​ស្រឺប្រឺនីកា​ផង​ ការណ៍​នេះ​ផ្តល់​ឱ្យ​ពួកគេ​នូវ​កម្រិត​ខ្លះ​នៃ​ការ​បញ្ចប់។ ជា​ថ្មី​ម្តង​ទៀត​ វា​ជា​ការ​មាន​សារៈសំខាន់​ដែល​ប្រទេស​ សឺប៊ី​ បាន​ដោះស្រាយ​ជាមួយ​បុគ្គល​នេះ​ ហើយ​វា​បង្ហាញ​អំពី​ការ​រួម​បញ្ចូល​គ្នា​ក្នុង​ទ្វីប​អឺរ៉ុប»។

ការ​ចាប់​ខ្លួន​ ម៉្លាឌិក ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាមដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​ យូហ្គោស្លាវី (Yougoslavie) ​ហៅ​កាត់ថា​ ICTY ​ត្រូវ​បាន​ស្វាគមន៍​ថា​ ជា​ «ជំហាន​ធំ​មួយ​ឆ្ពោះ​ទៅ​កាន់​យុត្តិធ៌ម​ដោយ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty ​International)។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human ​Rights​ Watch)​ បាន​និយាយ​ថា​ការ​ចាប់​ខ្លួន​ជន​នេះ​បង្ហាញ​ថា​ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​អំណាច​នៃ​ច្បាប់​ទេ។

លោក​ រីឈដ ឌិគ័រ (Richard ​Dicker) ជា​នាយក​នៃកម្មវិធី​យុត្តិធ៌ម​អន្តរជាតិ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​ដែល​មាន​មូលដ្ឋាន​ក្នុង​បូរី​ញូយ៉ក។​ លោក​បាន​ហៅ​ ម្ល៉ាឌិក​ ថា​ ជា​ «គំរូ​ឥតខ្ចោះ​នៃ​អំពើ​ឃោរឃៅ»​ នៅ​ក្នុង​សង្គ្រាម​នៃ​តំបន់​បាល់កង់។​ លោក​ ឌិគ័រ​ ថ្លែង​ថា​ «គ្មាន​ការ​សង្ស័យ​ទ្បើយ» ​ថា​ ម៉្លាឌិក​ មាន​បណ្តាញ​គាំទ្រ​នៅ​ក្នុង​ប្រទេស​ សឺប៊ី​ ហើយ​លោក​បាន​សម្តែង​ការ​គោរព​ដល់​សព​លោក​នាយករដ្ឋមន្ត្រី​ សឺប៊ី ហ្ស៊ោរ៉ាន់ ឌ្យិនឌ្យិក (Serbie​ Zoran ​Djindjic) ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ឆ្នាំ​២០០៣​ ចំពោះ​ការ​ដែល​លោក​បាន​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​ពួក​អ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាមនិង​ពួក​អ្នក​គាំទ្រ​ពួកគេ។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ នៅ​ពេល​នេះ​ពួក​ជាតិនិយម​ ស៊ើប (Serbe) និយម​ជ្រុល​បាន​ «បាត់បង់​អនុភាព» ​ក្នុង​ក្រុង​ ប៊ែលហ្ក្រាដ (Belgrade)​ ហើយ។ លោក​ថ្លែង​ថា​ លោក​សង្ឃឹម​ថា​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​ ម្ល៉ាឌិក​ រដ្ឋាភិបាល​លោក​ ថាឌិក (Tadic) ​អាច​ដឹកនាំ​ប្រទេស​សឺប៊ី ឱ្យ​វិលត្រទ្បប់​ទៅ​កាន់​ពិភព​សហគមន៍​អឺរ៉ុបវិញ។

ប្រែសម្រួល​ដោយ​ ឈឹម​ សុមេធ

___________________________________________________________

XS
SM
MD
LG