ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​នៅ​អាមេរិក​រកវិធី​ដើម្បី​ជួយ​លើក​តម្កើង​ស្រ្តី​នៅ​អាហ្រ្វ៊ិក​


ស្រ្តីជនជាតិលីបេរីយ៉ា នៅជំរុំ ប៊ូឌូប៊ូរ៉ាម (Buduburam) ក្នុង​ប្រទេស​ហ្កាណា (Ghana) សង្ឃឹមថា ពួកគេ​នឹង​មាន​អនាគត​ប្រសើរ​ឡើង ដោយសារ​ពួកគេ​មាន​គម្រោង​ប្រាក់​កម្ចី​ខ្នាត​តូច។​
ស្រ្តីជនជាតិលីបេរីយ៉ា នៅជំរុំ ប៊ូឌូប៊ូរ៉ាម (Buduburam) ក្នុង​ប្រទេស​ហ្កាណា (Ghana) សង្ឃឹមថា ពួកគេ​នឹង​មាន​អនាគត​ប្រសើរ​ឡើង ដោយសារ​ពួកគេ​មាន​គម្រោង​ប្រាក់​កម្ចី​ខ្នាត​តូច។​

ស្រ្តីនៅ​សហរដ្ឋអាមេរិក​បានស្វះ​ស្វែង​រក​វិធី​ដើម្បី​ជួយ​ស្រ្តី ​ដែល​រង​ការ​ប៉ះពាល់​ដោយ​សង្រ្គាម​នៅ​ទ្វីប​អាហ្រ្វ៊ិក។

ក្រុម​សកម្មជន​និយាយថា ការ​សិក្សា​អបរំ និង​ការ​ធ្វើ​ឲ្យ​ស្រ្តី​មាន​អំណាច​ក្នុង​នយោបាយ និង​ក្នុង​ពាណិជ្ជកម្ម ជា​ការ​សំខាន់ ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា។

អង្គការ​ស្ត្រី​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព (Women for Democracy and Peace) នៅ​ទ្វីប​អាហ្រ្វ៊ិក​ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋម៉ារីលែនដ៍ ​(Maryland) គឺ​ជា​អង្គការ ដែល​មាន​គោលដៅ​ជួយ​ស្រ្តី​អាហ្រ្វិក ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​សារ​អំពើ​ហិង្សា និង​ជួយ​លើក​ទឹក​ចិត្ត​ស្រ្តី​ឲ្យ​ចូល​រួម​ក្នុង​នយោបាយ​ និង​ក្នុងការ​ធ្វើ​ឲ្យ​មាន​សន្តិភាព។

លោក​ស្រី រិបិក្កា អាហ្វហ្វ៊ី (Rebecca Affi) នៃ​ប្រទេសកូត ឌីវ័រ បាន​តាមដានអំពើ​ហិង្សា ​ដែល​កើត​មាន​កាន់​តែខ្លាំង​ឡើង ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​លោក​ស្រី ​ដែល​នៅ​ទីនោះ មាន​ការ​បែក​បាក់​គ្នា ​ដែល​បុរស​ពីររូបកំពុង​ប្រយុទ្ធ​គ្នា​ដើម្បី​តំណែង​ប្រធានាធិបតី។ មន្ត្រី​អង្គការ​សហ​ប្រជាជាតិបាន​រាយការណ៍ថា ជន​ប្រដាប់​អាវុធ ​ដែល​គាំទ្រ​ក្រុម​ទាំង​ពីរ​បាន​ចាប់​រំលោភ​ស្រ្តី។​ លោក​ស្រី អាហ្វហ្វ៊ី បន្ត​ថា៖

«ស្រ្តី​ជា​ជន​រងគ្រោះ​មុន​គេ ​ពេល​ដែល​មាន​បញ្ហា​ ស្រ្តី​ជា​អ្នក​ដែល​គេ​ធ្វើ​បាប។ ដូច្នេះ​ហើយ រឿង​នេះ​មាន គ្រោះថ្នាក់បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាំង​អស់​គ្នា​ត្រូវ​ព្រួត​ដៃ​គ្នា​ព្យាយាម​ដោះស្រាយ បញ្ហា​ទាំង​នោះ​ពីព្រោះ ស្រ្តីដែល​ជា​អ្នក​ផ្តល់​ជីវិតកំពុងមាន​គ្រោះថ្នាក់។ ហើយ​ជំនាន់​ទាំងមូល​កំពុង​មាន​គ្រោះថ្នាក់ នេះជា​ការ​ដែល​យើង​ត្រូវ​តែមើល​ឃើញ»។

អង្គការ​របស់​លោក​ស្ត្រី​បាន​ជួយ​បង់​ថ្លៃ​សាលារៀន​ឲ្យ​នារី​១០​នាក់ ​នៅ​កូត​ឌីវ័រ។ លោក​ស្រី​ថ្លែង​ថា ការ​ផ្តួច​ផ្តើម​របស់​លោក​ស្រី ហាក់​ដូច​ជា​តូចតាច តែ លោក​ស្រី ​មាន​ជំនឿថា លុះត្រា​តែ មាន​ស្រ្តី​ច្រើន​ថែម​ទៀត​ទទួល​ការ​សិក្សា​អបរំ ​ហើយនឹង​បានឡើង​ចូល​ក្នុង​មុខ​តំណែង ​មាន​អំណាច ​នោះ​ទើប​ទ្វីបអាហ្រ្វ៊ិក អាច​មាន​លទ្ធភាព​មាន​សន្តិសុខ​ថែម​ទៀត។ លោក​ស្រី​បន្ត​ថា៖

«គ្រួសារ​ទាំង​ឡាយ ​រស់​បាន​ដោយ​មាន​ស្រ្តី​ជា​អ្នក​ទ្រទ្រង់ ស្ត្រី​ជាអ្នក​អបរំ​ក្មេងៗ ដូច្នេះហើយ​បាន​ជា​យើង​ចង់​ជួយ​បង​ប្អូនស្រីរបស់​យើង ហើយ​អបរំ​គេ​ពីព្រោះ​សម្រាប់​យើង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​នោះ ​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​អបរំ​ស្រ្តី»។

កាល​ពី​ថ្ងៃសោរ៍ អង្គការ​របស់លោក​ស្រ្តី បាន​ឧបត្ថម្ភ​ប្រាក់​ឲ្យ​បើក​សន្និសិទ​មួយ​ ​នៅក្រុង​វ៉ាស៊ីនតោន ដើម្បី​ពិនិត្យ​មើល​បញ្ហា​ស្រ្តី និង​លទ្ធិ​ប្រជាធិបតេយ្បនៅអាហ្រ្វ៊ិក ​ហើយ​ធ្វើ​ការ​សិក្សាលើ​ករណីដែល​កើត​មាន​ឡើង​នៅ ហ្គីតនី និងតូហ្កូ ផង​ដែរ៕

ប្រែ​សម្រួល​ដោយ នៅ សារីម

XS
SM
MD
LG