រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាកញ្ចប់ថវិកាចំនួនជិត ៣៥,៤ លានដុល្លាររអាមេរិកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអង្គារនេះ សម្រាប់ជួយដល់ប្រទេសដ៏ក្រីក្រនេះធ្វើការអភិវឌ្ឍវិស័យអប់រំ និងវិស័យសុខាភិបាល។ វិស័យទាំងពីរជាវិស័យអាទិភាពរបស់ប្រទេសកម្ពុជា។
ជំនួយនេះបានធ្លាក់មកចំពេលដែលកងទព័ជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាកំពុងធ្វើសមយុទ្ធរួមគ្នានៅលើផ្ទៃសមុទ្រខេត្តព្រះសីហនុ។ សមយុទ្ធនេះមានរយៈពេលមួយសប្ដាហ៍ ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលានេះ។
លោក ជេហ្វ ដាយហ្គល (Jeff Daigle) ភារៈធារីស្ថានទូតអាមេរិកមានប្រសាសន៍ថា ជំនួយនេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍នៅកម្ពុជា ការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរបេង និងជំងឺផ្ដាសាយបក្សី រួមទាំងសម្រាប់សុខុមាលភាពមាតានិងទារកផងដែរ។
«ជំនួយសហរដ្ឋអាមេរិកប្រមាណពាក់កណ្ដាលផ្ដោតលើវិស័យអប់រំ និងសុខាភិបាល។ ហើយខ្ញុំគិតថា នេះគឺជាការដៅចំចំណុច ពីព្រោះគឺផ្តោតទៅលើប្រជាពលរដ្ឋកម្ពុជា»។
សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាចំនួនជិត ៦៥ លានដុល្លារសម្រាប់ឆ្នាំ ២០១១នេះ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសមានប្រសាសន៍ក្រោយពីកិច្ចចុះហត្ថលេខានោះថា វិស័យសុខាភិបាលនឹងស្រូបយកជាង ៣០ លានដុល្លាររក្នុងចំណោមទឹកប្រាក់សរុបចំនួនជាង ៣៥ លានដុល្លារនោះ។
«សហរដ្ឋអាមេរិកបានជួយចាប់តាំងពីឆ្នាំ ២០០៣ លើផ្នែកទាំងពីរនេះ។ គិតមកដល់ឥឡូវនេះគឺជាង៣៣០ លានដុល្លារហើយ។ ជំនួយអាមេរិកនេះ សំខាន់ណាស់លើផ្នែកសុខាភិបាល និងអប់រំ ជាពិសេសនៅជនបទ។ ហើយជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។»
ប្រទេសកម្ពុជាត្រូវការជំនួយបរទេសប្រមាណជា ១.០០០ លានដុល្លាររក្នុងមួយឆ្នាំៗ សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឈន៍របស់ខ្លួន។ ហើយសហរដ្ឋអាមេរិកគឺជាប្រទេសម្ចាស់ជំនួយយ៉ាងសំខាន់មួយរបស់កម្ពុជា។ ជំនួយនៅថ្ងៃនេះ ត្រូវផ្ដល់ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឈន៍អន្ដរជាតិ (USAID)។
កាលពីថ្ងៃពុធសប្ដាហ៍មុនគណៈរដ្ឋមន្ដ្រីកម្ពុជា បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១២ ចំនួនជាង ២.៦២៦ លានដុល្លាររអាមេរិក។ គម្រោងថវិកានេះបង្ហាញថា កម្ពុជាត្រូវការបន្ថែមចំនួនថវិការរបស់ខ្លួនច្រើនជាងឆ្នាំកន្លងទៅចំនួនជាង ៦០០ លានដុល្លារ។ មន្ដ្រីផ្លូវការជឿថា ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះ នឹងកើនចន្លោះពី១៤ ទៅ២០ ភាគរយ៕