ការកើនឡើងនូវអត្រាគ្មានការងារធ្វើនៅពេលថ្មីៗនេះនៅស.រ.អ. បានធ្វើឲ្យការជជែកដេញដោលគ្នាមានសកម្មភាពជាថ្មី អំពីការលូតលាស់យឺតៗនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយនឹងអ្វីដែលគេអាចធ្វើបាន ដើម្បីពង្រីកសេដ្ឋកិច្ច ហើយនឹងបង្កើតការងារដែលគេត្រូវការជាទីបំផុត។
ជាប្រវត្ដិសាស្ដ្រ ការស្ដារសេដ្ឋកិច្ចស.រ.អ.មានសន្ទុះនៅទីបំផុត។ ក៏ប៉ុន្ដែ មួយឆ្នាំកន្លះក្រោយពីងើបចេញពីដំណើរមិនចំរើនទៅមុខយ៉ាងជ្រៅជាទីបំផុតនៃយុគក្រោយសង្គ្រាមលោកលើកទីពីរ សេដ្ឋកិច្ចស.រ.អ. កំពុងតែរីកក៏ប៉ុន្ដែតិចតួចណាស់។ ហើយទោះបីការលូតលាស់បន្ដិចបន្ទួចនេះក៏អាចមានដំណើររអាក់រអួលដែរ។
ព័ត៌មានថាអត្រានៃការគ្មានការងារធ្វើឡើងហួស៩ភាគរយកាលពីខែមុន បានបង្កើនការភ័យខ្លាចរបស់អ្នកសេដ្ឋសាស្ដ្រថា ដំណើរសេដ្ឋកិច្ចមិនចំរើនទៅមុខអាចមានជាបន្ដបន្ទាប់ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខនេះ។
យោងតាមលោក Robert Reich ដែលកាន់តំណែងជារដ្ឋមន្ដ្រីនៃក្រសួងការងារនៅក្នុងរដ្ឋបាលលោក Clinton ការដែលសេដ្ឋកិច្ចគ្មានការរីកចំរើនរបស់ស.រ.អ. មិនលំបាកពន្យល់ទេ។
«បញ្ហាចំបងស្ថិតនៅខាងផ្នែកសេចក្ដីត្រូវការ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក៧០% គឺជាសកម្មភាពរបស់អតិថិជន។ ហើយ អតិថិជន ទទួលផលប៉ះទង្គិចស្មើគ្នានឹងការត្រូវរថយន្ដ truck ជល់ដូច្នោះដែរ។ តម្លៃផ្ទះចុះយ៉ាងច្រើនលើសលប់។ ប្រាក់បៀវត្សរ៍សម្របសម្រួលតាមអតិផរណាកំពុងតែធ្លាក់ចុះ។ ការងាររបស់គេកំពុងតែបាត់បង់។ នៅក្នុងកាល: ទេស: នេះ អតិថិជន មិនចាយវាយប្រាក់ទេ។ ហើយបើគេមិនចាយវាយប្រាក់ទេនោះការងារក៏មិនត្រូវបានង្កើតដែរ»។
លោក Reich ថ្លែងនៅក្នុងកម្មវិធី This Week នៃទូរទស្សន៍ ABC ។ លោកគាំទ្រកម្មវិធីសង្គ្រោះបន្ថែមរបស់សហព័ន្ធ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។
លោក Richard Shelby សមាជិកសភាមកពីគណបក្សសាធារណ:រដ្ឋ ពីរដ្ឋ Alabama មិនយល់ស្របនឹងលោក Reich សោះ។
«ជាមូលដ្ឋាន កម្មវិធីសង្គ្រោះមិនដំណើរការទេ។ យើងបានសាកល្បងហើយ។ខ្ញុំយល់ថាអ្វីដែលយើងត្រូវតែធ្វើ គឺបង្កើតស្ថានភាពឲ្យសេដ្ឋកិច្ចលូតលាស់ ពោលគឺការកែទម្រង់ពន្ធដារ ការលើកទឹកចិត្ដឲ្យមានផលិតផល។ ផ្សារលក់ដូរធ្វើឲ្យសេដ្ឋកិច្ចលូតលាស់។ យើងបានធ្វើឲ្យរដ្ឋាភិបាលរីកធំឡើង ក៏ប៉ុន្ដែយើងមិនបានធ្វើឲ្យសេដ្ឋកិច្ចលូតលាស់ទេ»។
ក៏ប៉ុន្ដែ លោក Reich អតីត រដ្ឋមន្ដ្រីនៃក្រសួងការងារទទូចថាកាលណាវិស័យឯកជនមិនចំរើនទៅមុខ រដ្ឋាភិបាលគួរតែធ្វើអន្ដរាគម។
«កាលណាអតិថិជនហើយនឹងអ្នកវិនិយោគឯកជន មិនចាយវាយប្រាក់ នោះរដ្ឋាភិបាលត្រូវតែបំពេញចន្លោះនោះ។ យើងបានធ្វើដូច្នេះអស់រយ:ពេល៧៥ឆ្នាំកន្លងមកហើយ»។
ក្នុងអាណត្ដិលោកប្រធានាធិបតី ប៉ារ៉ាក់អូបាម៉ា កម្មវិធីសង្គ្រោះរបស់សហព័ន្ធចំនួន ៨០០ ពាន់លានដុល្លារ ត្រូវបានអនុម័តិ ការកាត់ពន្ធដារត្រូវបានបន្ដ ហើយចំនួនប្រាក់កាត់ចេញពីប្រាក់បៀវត្សរ៍ ដើម្បីយកទៅដាក់ទុកក្នុងមូលធនសម្រាប់ប្រាក់សន្ដិសុខសង្គម សម្រាប់អ្នកចូលនិវត្ដ ត្រូវបានបន្ថយជាបណ្ដោះអាសន្ដ។ បន្ថែមទៅលើនេះទៀត ធនាគារកណ្ដាលនៃស.រ.អ. បានរក្សាទុកអត្រាការប្រាក់ឲ្យនៅទាបដែលមិនធ្លាប់មានជាប្រវត្ដិសាស្ដ្រមកហើយ ហើយបានរកវិធីនានា ដើម្បីបូមប្រាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចដែលមានវិប័ត្ដិ។ សមាជិកព្រិទ្ធសភា Shelby និយាយថា គ្មានជម្រើសច្រើនដែលរដ្ឋាភិបាលសហព័ន្ធដែលមានបំណុលច្រើនលើសលប់ អាចឬគួរតែធ្វើទេហើយថាកម្មវិធីសង្គ្រោះថ្មី បើត្រូវបានដាក់ស្នើ នឹងមិនត្រូវសភាជាតិអនុម័តិទេ។
លោកប្រធានាធិបតី អូប៉ាម៉ា បានសុំឲ្យមានការអត់ធ្មត់ដោយទទូចថាសេដ្ឋកិច្ចត្រូវការពេលវេលាដើម្បីស្ដារឡើងវិញពីការមិនរីកចំរើនទៅមុខយ៉ាងជ្រាលជ្រៅហើយនឹងវិប័ត្ដិហិរញ្ញវត្ថុនៅឆ្នាំ២០០៨។ បេក្ខជនឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីមកពីគណបក្សសាធារណ:រដ្ឋ ដែលចង់ប្រណាំងប្រជែងជាមួយលោក អូប៉ាម៉ា នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ប្រកាសយ៉ាងឆាប់រហ័សពេកថា អ្វីដែលគេពិតជាត្រូវការនោះគឺថ្នាក់មេដឹកនាំសេដ្ឋកិច្ចថ្មី៕
ប្រែសម្រួលដោយ កង ស៊ីវន