ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា យោធា​នឹង​បន្ត​ជួយ​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា យោធា​នឹង​បន្ត​ជួយ​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ


រូបឯកសារ៖ លោក Pete Hegseth និយាយ បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដោយ​មាន​អនុប្រធានាធិបតី​លោក JD Vance ឈរក្បែរ នៅ​បរិវេណ​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។
រូបឯកសារ៖ លោក Pete Hegseth និយាយ បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដោយ​មាន​អនុប្រធានាធិបតី​លោក JD Vance ឈរក្បែរ នៅ​បរិវេណ​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក Pete Hegseth បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ យោធា​នឹង​បន្ត​ជួយ​បណ្តេញ​ជន​ចំណាកស្រុក​ខុសច្បាប់​ចេញ «ទ្រង់ទ្រាយ​ធំ» តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី Donald Trump។ លោក​ថ្លែង​បែប​នេះ​នៅ​ថ្ងៃ​ដំបូង​របស់​លោក​ពេល​លោក​ចូល​ធ្វើការ​នៅ​ក្រសួង​ការពារជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រោយពី​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​លើស​តែ​មួយ​សំឡេង​ក្នុង​ព្រឹទ្ធសភា​កាលពី​សប្តាហ៍​មុន​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក លោក Hegseth ដែល​ជា​អតីត​ពិធីករ​ព័ត៌មាន Fox News បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លោក​នឹង​អនុវត្ត​របៀបវារៈ​ស្តាំ​និយម​ដ៏​តឹងតែង​របស់​លោក Trump រួម​ទាំង​ការ​ប្រើ​យោធា​ក្នុង​ការ​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ផងដែរ។

លោក Hegseth បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​តាម​សួរ​លោក​នៅ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ថា៖ «ក្រសួង​ការពារ​ជាតិ​ប្រាកដ​ជា​នឹង​បន្ត​គាំទ្រ​ការ​បណ្តេញ​ចេញ​ទ្រង់ទ្រាយ​ធំ​ដើម្បី​គាំទ្រ​គោលបំណង​របស់​លោក​ប្រធានាធិបតី [Trump]»។

លោក Hegseth ក៏​បាន​និយាយ​ផងដែរ​ថា លោក Trump នឹង​ចេញ​បទបញ្ជា​ប្រធានាធិបតី​ជាច្រើន​ទៀត​ដើម្បី​ដក​កម្មវិធី​ពិពិធភាព សមធម៌ និង​បរិយាបន្ន DEI (diversity, equity and inclusion) ចេញពី​ក្រសួង​ការពារ​ជាតិ និង​អនុញ្ញាត​ឲ្យ​ចូល​បម្រើការ​ឡើងវិញ​នូវ​កងកម្លាំង​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ដោយសារតែ​ពួកគេ​មិន​បាន​អនុវត្ត​តាម​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។

លោក​ថ្លែង​ថា៖ «ការងារ​របស់​យើង​គឺ​ស្លាប់រស់ ត្រៀមខ្លួន​រួចជា​ស្រេច ប្រយុទ្ធ​ក្នុង​សង្គ្រាម និង​ធ្វើឲ្យ​មនុស្ស​មាន​ការ​ទទួល​ខុសត្រូវ។ បទបញ្ជា​ស្របច្បាប់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​អនុវត្ត​ក្នុង​ក្រសួង​ការពារជាតិ​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​លេស​អ្វី​ទាំងអស់»៕

XS
SM
MD
LG