សេតវិមានបានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានដកចេញនូវវិធានការសងសឹកជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសកូឡុំប៊ី ដោយនិយាយថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនជនចំណាកស្រុកកូឡុំប៊ីតាមយន្តហោះអាមេរិកត្រឡប់ទៅកូឡុំប៊ីវិញ។
សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា កូឡុំប៊ីនឹងទទួលយកជនចំណាកស្រុករបស់ខ្លួនដោយឥតលក្ខខណ្ឌ ដែលក្នុងនោះរួមទាំងការបញ្ជូនពួកគេត្រឡប់ទៅកូឡុំប៊ីវិញតាមយន្តហោះយោធាអាមេរិកផងដែរ។
មុននឹងមានការព្រមព្រៀងនេះ ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានបដិសេធយន្តហោះយោធាអាមេរិកពីរគ្រឿង និងបាននិយាយថា លោកទទួលយកជនចំណាកស្រុកវិញក្នុងករណីដែលសហរដ្ឋអាមេរិកប្រព្រឹត្តដាក់ពួកគេដោយសេចក្តីថ្លៃថ្នូរប៉ុណ្ណោះ ដែលក្នុងនោះរួមទាំងការប្រើយន្តហោះស៊ីវិលសម្រាប់ដឹកពួកគេត្រឡប់ទៅកូឡុំប៊ីវិញផងដែរ។
សេតវិមានថា ខ្លួនផ្អាកការដាក់ពន្ធថ្មីនិងទណ្ឌកម្មលើកូឡុំប៊ី «ក្នុងលក្ខណៈបម្រុង មិនមែនស្រេចបាច់ទេ ក្រែងលោកូឡុំប៊ីមិនគោរពតាមកិច្ចព្រមព្រៀងនេះ»។
ការដាក់ទណ្ឌកម្មទិដ្ឋាការរបស់ក្រសួងការបរទេសអាមេរិកលើមន្ត្រីកូឡុំប៊ីជាច្រើនរូប ព្រមទាំងការបង្កើនការត្រួតពិនិត្យគយផងដែរ នឹងនៅជាធរមានរហូតទាល់តែយន្តហោះទីមួយដែលដឹកជនចំណាកស្រុកកូឡុំប៊ីបានចុះចតនៅកូឡុំប៊ីសិន។ នេះបើយោងតាមសេតវិមាន។
ក្រសួងការបរទេសកូឡុំប៊ីបានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា ខ្លួនបានដោះស្រាយបញ្ហាជាប់គាំងជាមួយសហរដ្ឋអាមេរិករួចហើយ ហើយថា រដ្ឋមន្ត្រីការបរទេសកូឡុំប៊ីលោក Luis Gilberto និងឯកអគ្គរដ្ឋទូតកូឡុំប៊ីប្រចាំសហរដ្ឋអាមេរិកលោក Dnaiel García-Peña បានធ្វើដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមប្រជុំកម្រិតខ្ពស់ដើម្បីតាមមើលដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។