ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​រិះគន់​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​​អង្គការ​នៅ​កម្ពុជា


លោក ម៉ៃខល ផស្តន័រ (Michael Postner) ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ការិយាល័យ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​និង​ពលកម្ម ថ្លែង​នៅ​ក្នុង​​ឱកាស​ចេញ​ផ្សាយ​របាយការណ៍​សិទ្ធិ​មនុស្ស​​ឆ្នាំ​២០១០ (2010 Country Reports on Human Rights Practices
លោក ម៉ៃខល ផស្តន័រ (Michael Postner) ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ការិយាល័យ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​និង​ពលកម្ម ថ្លែង​នៅ​ក្នុង​​ឱកាស​ចេញ​ផ្សាយ​របាយការណ៍​សិទ្ធិ​មនុស្ស​​ឆ្នាំ​២០១០ (2010 Country Reports on Human Rights Practices

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​នោះ​នឹង​មិន​បម្រើ​ផលប្រយោជន៍​អ្វី​ទេ​ ហើយ​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការ​ខិតខំ​ជំរុញ​ច្បាប់​នេះ​ទៅ​មុខ​ទៀត។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឱកាសចេញ​ផ្សាយ​របាយ​ការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១០​ លោក​ Michael Postner ​ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​ ច្បាប់​អង្គការ​នេះ​នឹង​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​កាន់​តែ​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួក​គេ។

លោក​ Postner ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ដូច​កម្ពុជា​ដែរ​គឺ​មាន​ប្រទេស​ជាង​៩០​បាន​អនុម័ត​ច្បាប់​ឬ​បទប្បញ្ញត្តិដែលកម្រិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

«ខ្ញុំ​យល់​ថា​ ជា​តំណាង​ឱ្យ​និន្នាការ​នេះ​ដែល​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ គឺ​នៅ​ទីណា​ដែល​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​នឹង​អ្នក​រិះគន់​ហើយ​ ដូច្នេះ​ពួក​គេ​បាន​សម្រេច​ចិត្ត​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ និង​ស្ទើរតែ​មិន​ឱ្យ​អ្នក​ទាំង​នោះ​ធ្វើការ​កើត»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន​ ​ដែល​មាន​ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​និង​អង្គការ​ Global ​Witness ​ក៏​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ដែរ។

ពួក​គេ​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​នឹង​បង្ក​ជា​ឧបសគ្គ​ដល់​ការចុះ​បញ្ជី​ឈ្មោះ​អង្គការ​ណា​ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត​ ហើយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​អង្គការ​សង្គម​ស៊ីវិល​បាន​ចូល​រួម​ចំណែក​ដល់​ការ​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ។​ ពួក​គេ​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ដែល​មាន​កន្លង​មក​នេះ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​មិន​បង្ហាញ​ជំហរ​ដក​ថយ​ឡើយ។

លោក​កុយ គួង​ អនុរដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា​ ច្បាប់​នេះ​នឹង​នៅ តែ​ដំណើរការ​ទៅមុខ​ទៀត​ ព្រោះ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

«ការ​បង្កើត​ច្បាប់​នេះ​គឺ​មិន​បាន​កម្រិត​សេរីភាព​អ្វី​ទេ ​គឺ​ធានា​នូវ​ការអនុវត្ត​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ សង្គម​ស៊ីវិល​ឱ្យមាន​ភាព​រលូន​ ហើយ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​អង្គការ​ទាំងនោះ​ ដូច្នេះ​ហើយ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​ដក​ច្បាប់​នេះ​ចេញ​វិញ​ទេ។ ​គឺ​អត់​មាន​ទេ»។

នៅ​ក្នុង​របាយការណ៍​៤២​ទំព័រ​ដែល​សំឡឹង​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​២០១០​នៅ ​ប្រទេសកម្ពុជា​ក៏​បាន​បង្ហាញ​ថា​ កង​កម្លាំង​ប្រដាប់​អាវុធកម្ពុជា​នៅ​តែ​បាញ់​សម្លាប់​មនុស្ស​តាម​ទំនើង​ចិត្ត​និង​មិន​ទទួល​ទោសពៃរ៍​អ្វី​ឡើយ ​ជម្លោះដីធ្លី ​និង​ការបង្ខំ​ប្រជា​ពលរដ្ឋ​ចេញ​ពីដីធ្លី​ដោយ​ហិង្សា​នៅ​តែ​បន្ត​កើត​មាន ​ហើយ​សេរីភាព​នៃការ​បញ្ចេញ​មតិ​ត្រូវ​បាន​រដ្ឋាភិបាលរឹត​បន្តឹង​ដោយ​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទផ្សាយ​ព័ត៌មាន​មិនពិត ​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ។

របាយ​ការណ៍​ក៏​បាន​រៀបរាប់​យ៉ាង​វែង​អំពី​ករណី​រំលោភ​បំពាន​លើ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មាន​ដូច​ជា​លោក​ស្រី​មួរ សុខហួរ ​ដែល​មាន​រឿងក្តី​ក្តាំ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែននិងករណី​របស់​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ​ទាក់​ទង​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក​ Michael Postner ​ក៏​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹតត្បិត​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ប្រទេ​សកម្ពុជា​ផង​ដែរ។

«ការណ៍​ពិត​ដែល​ថា ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​មិន​បាន​ឯករាជ្យ​ ហើយ​ការណ៍​ពិត​ដែល​ថា ​រដ្ឋាភិបាល​មិន​មាន​អារម្មណ៍​ស្រួល​ជាមួយ​នឹង​ក្រុម​អ្នក​ប្រឆាំង​ បើទោះ​បី​អ្នក​នោះ​ជា​បក្ស​ប្រឆាំង​ឬក៏​ក្រុម​សិទ្ធិ​មនុស្ស​ក៏ដោយ ​គឺ​ធ្វើឱ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ»។

ក្រសួង​ការ​បរទេស​កម្ពុជា​នៅតែ​ការពារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា​ មាន​ការ​រីកចម្រើន​ទៅមុខ​ជានិច្ច។

លោក​កុយ គួង​បាន​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា៖

«ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​យើង​ជារួម​គឺ​មាន​លក្ខណៈ​ល្អ។ ​បើ​ទោះ​បីជា​មាន​បញ្ហា​បន្តិច​បន្តួច​អ្វី​ក៏ដោយ ​ក៏​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នេះ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់»។

បើ​ទោះ​បី​ជា​មិន​ទាន់​បញ្ជាក់​ជំហរ​ថា ​តើ​វា​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ឬ​យ៉ាង​ណា​នោះ​ ក៏​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​តាម​ដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ជាពិសេស​គឺ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ Michael Postner៕

XS
SM
MD
LG