គណៈប្រតិភូសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលបានទៅធ្វើទស្សនកិច្ចនៅចិនបានជួបប្រជុំជាមួយមេដឹកនាំថ្នាក់ខ្ពស់នៅក្នុងរដ្ឋធានីចិន។
លោក ហារី រីដ (Harry Reid) មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាកំពុងដឹកនាំគណៈប្រតិភូមួយដែលមានសមាជិកព្រឹទ្ធសភា៩នាក់។
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមេសា ក្រុមនេះជួបជាមួយលោក ស្ស៊ី ជីនពីង (Xi Jinping) អនុប្រធានាធិបតីចិន និងប្រធានរដ្ឋសភាចិន គឺលោក វូ បានងហ្គួ (Wu Bangguo) នៅទីក្រុងប៉េកាំង។
មានព័ត៌មានលម្អិតបន្ដិចបន្ដួចលេចចេញមកអំពីការជួបប្រជុំគ្នានេះ ក៏ប៉ុន្ដែទំនាក់ទំនងសេដ្ឋកិច្ចជារឿងមួយដែលមាននៅក្នុងរបៀបវារ:។ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោក ហុង ឡេ (Hong Lei) គូសសង្កត់ថា ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងចិនមានសារ:សំខាន់ជាងនៅពេលវេលាណាទាំងអស់។
លោក ហុង និយាយថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងចិនមិនត្រឹមតែមានផលប៉ះពាល់ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងមានផលប៉ះពាល់ដល់ពិភពលលោកទៀតផង។
បញ្ហាមួយទៀតដែលគេរំពឹងថា នឹងត្រូវលើកយកទៅពិភាក្សាគ្នាគឺសិទ្ធិមនុស្សដែលនឹងផ្តោតទៅលើសេចក្ដីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការបង្ក្រាបរបស់ចិនទៅលើអ្នកប្រឆាំង។
អ្នកនាំពាក្យចិនរូបនេះទទួលស្គាល់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនខ្វែងគំនិតគ្នា ទោះបីលោកមិនបាននិយាយអំពីរឿងសិទ្ធិមនុស្សក៏ដោយ។
លោក ហុង ឲ្យដឹងថា ប្រទេសទាំងពីរមានប្រវត្ដិសាស្ដ្រនិងវប្បធ៌មខុសគ្នា ហើយថា ប្រទេសទាំងពីរនេះមានដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ចខុសគ្នា។ លោកកំពុងតែសុំឲ្យសហរដ្ឋអាមេរិកពង្រឹងការប្រាស្រ័យទាក់ទងគ្នា បង្កើនការយល់ដឹងរបស់ខ្លួនអំពីប្រទេសចិន ហើយជៀសវាងកុំឲ្យយកបញ្ហាសេដ្ឋកិច្ចមកធ្វើជារឿងនយោបាយ។
កាលពីថ្ងៃពុធទី២០ខែមេសា សមាជិកព្រឹទ្ធសភាអាមេរិកបានជួបជាមួយក្រុមមេដឹកនាំចិនថ្នាក់ខ្ពស់ មានរួមទាំងលោកឧបនាយករដ្ឋមន្ដ្រី វ៉ាង ជីសាន (Wang Qishan) និងប្រធានធនាគារកណ្ដាលលោក ស៊ូ សាវឈុន (Zhou Xiaochun)។ អស់លោកក៏បានជួបលោក ចន ហាន់ត៍ស្មែន (Jon Huntsman) ផងដែរ ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលនឹងចេញពីប្រទេសចិននៅដំណាច់ខែនេះ។
ក្រុមអ្នកតាក់តែងច្បាប់អាមេរិកក៏បានគ្រោងនឹងអញ្ជើញទៅមើលផងដែរនូវទីកន្លែងគម្រោងថាមពលស្អាតនៅទីក្រុង ចេងឌូ (Chengdu) និង ស៊ីអាន (Xi’an)៕
ប្រែសម្រួលដោយ កង ស៊ីវន