សភាសហរដ្ឋអាមេរិកបានឲ្យសច្ចានុម័តិច្បាប់បណ្តោះអាសន្នមួយដើម្បីផ្តល់ថវិកាឲ្យរដ្ឋាភិបាលសហព័ន្ធសម្រាប់រយៈពេលពីរសប្តាហ៍ទៅមុខទៀត។ សេចក្តីព្រាងច្បាប់នេះផ្អាកលទ្ធភាពនៃការបិទរដ្ឋាភិបាលទាំងស្រុង និងទុកឱកាសឲ្យសមាជិកគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនិយមសម្រួលគ្នាលើចំនួនប្រាក់ចំណាយរហូតទៅដល់ចុងឆ្នាំ ដែលចប់នៅខែកញ្ញាខាងមុខ។ ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះដោយសម្លេង៩១ទល់នឹង៩។
សេចក្តីព្រាងច្បាប់ដែលហៅថា «ដំណោះស្រាយបណ្តោះអាសន្ន» ជាជំហានតូចមួយនៅក្នុងកិច្ចការដែលសមាជិកនៃគណបក្សនយោបាយទាំងពីរហៅថា ជាការធ្វើដំណើរយ៉ាងឆ្ងាយឆ្ពោះទៅរកការកាត់បន្ថយឱនភាពសហព័ន្ធរបស់អាមេរិកចំនួន១,៥លានលានដុល្លារ។
លោក ថម ខូប៊ន (Tom Coburn) សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋនិយម ប្រៀបធៀបប្រាក់បំណូលរបស់រដ្ឋាភិបាលទៅនឹងជំងឺមួយ។ លោក ខូប៊ន មានប្រសាសន៍ថា៖
«យើងមានជំងឺជាក់ស្តែងមួយនៅក្នុងប្រទេសយើងសព្វថ្ងៃនេះ។ ជំងឺនេះ គឺជាជំងឺមហារីក ដែលនឹងឆក់យកសេរីភាពរបស់យើង»។
ច្បាប់ដែលបានទទួលសច្ចានុម័តិនេះ នឹងជួយកាត់បន្ថយប្រាក់ចំណាយបាន ៤ពាន់លានដុល្លារសម្រាប់រយៈពេលខ្លី ពោលគឺជាប្រាក់កក់សម្រាប់ការកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសមាជិកគណបក្សសាធារណរដ្ឋនិយម ដូចជាមេដឹកនាំសម្លេងភាគតិចព្រឹទ្ធសភា លោក មិតច៍ ម៉ាក់ខូនណែល្ល (Mitch McConnell) ចង់បាន។ លោកបន្តថា៖
«ទោះបីជា នេះជាសេចក្តីព្រាងច្បាប់សម្រាប់ពេលពីរសប្តាហ៍ និងការកាត់បន្ថយប្រាក់ចំណាយត្រឹមតែ៤ពាន់លានដុល្លារប៉ុណ្ណោះក៏ដោយ ក៏នេះជាលើកទីមួយហើយ ដែលខ្ញុំនៅចងចាំតាំងពីខ្ញុំបានមកធ្វើការនៅទីនេះថា យើងបានកាត់បន្ថយប្រាក់ចំណាយពិតៗ នៅក្នុងសេចក្តីព្រាងច្បាប់សម្រាប់រកប្រាក់ទុកបម្រុងរបស់រដ្ឋាភិបាល»។
រដ្ឋសភា ដែលគណបក្សសាធារណរដ្ឋនិយមមានសម្លេងភាគច្រើន បានឲ្យសច្ចានុម័តិសេចក្តីព្រាងច្បាប់ថវិកាមួយសម្រាប់ប្រើប្រាស់រហូតដល់ចុងឆ្នាំជាស្រេចទៅហើយ ដែលនឹងកាត់បន្ថយប្រាក់ចំណាយដល់ទៅ៦០ពាន់លានដុល្លារ។ សមាជិកគណបក្សប្រជាធិបតេយ្យ ដែលមានសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា និយាយថា ការកាត់បន្ថយនេះ គឺមានចំនួនច្រើនពេក។ សមាជិកព្រឹទ្ធសភា ប៊ើននី សានឌើរស៍ (Bernie Sanders) បានបញ្ចេញទស្សនៈរបស់លោកថា៖
«នៅពេលដែលគម្លាតរវាងអ្នកមានស្តុកស្តម្ភ និងអ្នកដទៃទៀតកំពុងរីកកាន់តែធំឡើងៗ តើយើងនឹងព្យាយាមខំធ្វើឲ្យមានតុល្យភាពថវិកានៅលើខ្នងអ្នកវណ្ណៈកណ្តាល លើខ្នងអ្នកក្រ លើខ្នងអ្នកមានជំងឺ លើខ្នងមនុស្សចាស់ និងលើកូនក្មេងយ៉ាងដូចម្តេចទៅ?»។
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យកំពុងស្នើឲ្យមានការកាត់បន្ថយកម្រិតមធ្យមនៅពេលដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានគាំទ្រការមិនដំឡើង និងមិនបញ្ចុះប្រាក់ចំណាយក្នុងស្រុកដែលមិនទាក់ទងនឹងវិស័យសន្តិសុខក្នុងរយៈពេលប្រាំឆ្នាំ។ សមាជិកគណបក្សប្រជាធិបតេយ្យព្រមានថា ការកាត់ថវិកាច្រើនពេកនឹងធ្វើឲ្យខូចដល់ដំណើរលូតលាស់ឡើងវិញនៃសេដ្ឋកិច្ចជាតិ និងបន្ថយកម្លាំងប្រកួតប្រជែងរបស់អាមេរិកសម្រាប់រយៈពេលយូរ។
លោកប្រធានាធិបតី អូបាម៉ា បានសរសើរការអនុម័តសេចក្តីព្រាងច្បាប់ប្រាក់ចំណាយបណ្តោះអាសន្ន ហើយបានអំពាវនាវឲ្យរដ្ឋសភាបំពេញកិច្ចការឲ្យជឿនលឿនថែមទៀតក្នុងស្មារតីមិនប្រកាន់គណបក្ស។
ការស្ទង់មតិបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកមានកំហឹង និងព្រួយបារម្ភអំពីប្រាក់បំណុលសហព័ន្ធ ក៏ប៉ុន្តែបែងចែកគ្នាអំពីបញ្ហាថាតើ ការបិទរដ្ឋាភិបាលទាំងស្រុង នឹងមានផលប្រយោជន៍ដើម្បីបង្ខំឲ្យមានការទប់ទល់លើប្រាក់សារពើពន្ធឬដូចម្តេច? ក្នុងពេលឥឡូវនេះ ក្រុងវ៉ាស៊ិនតោនមានពេលពីរសប្តាហ៍ទៀត ដើម្បីនឹងបំបាត់ការខ្វែងគំនិតគ្នារវាងគណបក្ស ហើយសម្របសម្រួលគ្នាឈានជើងទៅមុខ៕
ប្រែសម្រួលដោយ កែរ យ៉ាន