ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សហរដ្ឋ​អាមេរិក ចិន និង​រុស្ស៊ី​ជួបជុំគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា


ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo (ឆ្វេងទីបួន) ថ្លែងសុន្ទរកថា ក្នុងអំឡុង​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា នៅទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo (ឆ្វេងទីបួន) ថ្លែងសុន្ទរកថា ក្នុងអំឡុង​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា នៅទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​ស្រី Kamala Harris នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ី​បូព៌ា (East Asia Summit) ​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ពេល​ដែល​មេដឹកនាំ​ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ​ បាន​ព្រមាន​ប្រឆាំង​នឹង​ការប្រកួត​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​ឡើង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សន្និសីទ​កំពូល​នោះ​បាន​នាំ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំងធ្វើ​ការទាក់ទង​គ្នា ​មួយ​ថ្ងៃ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី Li បាន​ព្រមាន​ថា ​មហា​អំណាច​សំខាន់ៗ​ត្រូវតែដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដើម្បី​បញ្ចៀស ​«សង្គ្រាម​ត្រជាក់​ថ្មី»​ ហើយ​ការ​ទាក់ទង​គ្នា​នេះ​កើត​ឡើង​មុន​សន្និសីទ​កំពូល G-20 ក្នុង​រដ្ឋធានី​ញូវដែលីរបស់​ឥណ្ឌា​នៅ​ចុង​សប្តាហ៍​នេះ ​ជា​ទីកន្លែង​ដែល​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​អវត្តមាន។

កាយវិការ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​រវាង​ពួក​មន្ត្រី​មកពី​ប្រទេស២​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​ ត្រូវ​គេ​តាមមើល​យ៉ាង​ដិតដល់​នៅ​ពេល​ដែល​ពួកគេ​ស្វះស្វែង​គ្រប់គ្រងភាព​តានតឹង​ដែល​ធ្វើ​ឱ្យ​ហានិភ័យ​រីក​កាន់​តែ​ធំឡើង​ជា​ថ្មី អំពី​បញ្ហា​នានា​ចាប់​តាំងពី​កោះ​តៃវ៉ាន់​រហូត​ដល់​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​ការប្រកួតប្រជែងដើម្បី​ឥទ្ធិពល​នៅ​ក្នុង​តំបន់​មហាសមុទ្រប៉ាស៊ីហ្វិក។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​និយាយ​ក្នុង​ការ​បើក​សន្និសីទ​ថា៖ «ខ្ញុំ​សុំ​ឱ្យ​ពួក​មេដឹកនាំ​នៃ​កិច្ចប្រជុំកំពូល​អាស៊ី​បូព៌ា ធ្វើ​ឱ្យ​វេទិកា​នេះជា​វេទិកា​សម្រាប់​យើង​ទាំង​អស់​គ្នា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​មិន​មែន​សម្រាប់​ការប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ឡើង​នោះ​ទេ»។

លោកស្រី​អនុ​ប្រធានាធិបតី Harris និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li បាន​ធ្វើ​ការ​ចរចា​ដាច់​ដោយ​ឡែក​ជាមួយ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ពេល​ដែល​លោកស្រី​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកបាន​ពិភាក្សា​«ការ​លើក​ស្ទួយ​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មកពី​ការិយាល័យ​របស់​លោក​ស្រី។ ចិន​បាន​ទាមទារ​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បា​ដល់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

សន្និសីទ​កំពូល​ដែល​មាន​ប្រទេស​ជាតិ​១៨​ចូលរួម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​ពេលវេលា​លើក​ទី១ដែល​ពួក​មន្ត្រី​កំពូល​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​បាន​អង្គុយ​នៅ​ជុំវិញ​តុ​តែ​មួយ​នៅ​ក្នុង​រយៈពេល​ជិត២ខែ បន្ទាប់ពី​ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​បាន​ថ្កោលទោស​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Lavrov នៅ​ឯ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​កាលពី​ខែ​កក្កដា​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Lavrov បាន​និយាយ​ពី​ហានិភ័យ​នៃ​«យោធាភាវូបនីយកម្ម​នៃ​តំបន់​អាស៊ី​បូព៌ា»​ដោយ​បាន​ចោទ​ប្រកាន់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ពី​ការ​រំកិល​ចូល​ក្នុង​តំបន់​ហើយ​បាន​ហៅ​សម្ព័ន្ធភាព AUKUS រវាង​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស​និង ​សហរដ្ឋ​អាមេរិក​ថា​ជា«ការ​បង្ក​ការប្រឈម​មុខ​ដាក់​គ្នា»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​ជំនួយ​ថ្មី​ដែល​មាន​ទឹកប្រាក់​១ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​រដ្ឋធានី​កៀវ៕

XS
SM
MD
LG