ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​អាមេរិក​កំណត់​ពេល​ជួប​ពិភាក្សា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​


លោក​ ហុង ឡេ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិនធ្វើ​ដៃ​សម្រាប់​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​នៅ​ទី​ក្រុង​ប៉េកាំង​។
លោក​ ហុង ឡេ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិនធ្វើ​ដៃ​សម្រាប់​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​នៅ​ទី​ក្រុង​ប៉េកាំង​។

ទោះបី​មាន​ការខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ស្តីពី​បញ្ហា​របស់​ប្រ​ទេសនិមួយ​ក៏​ដោយ ​ក៏​ចិន​ និង​អាមេរិក​កំពុង​រៀបចំ​ឲ្យ​មាន​ការជួប​ប្រជុំ​មួយ​ចំនួន​នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ធ្វើការ​ដើម្បី​ផ្តោត​លើ​សារៈ​សំខាន់​នៃ​ការ​រក្សា​ស្ថេរភាព​ក្នុង​ទំនាក់​ទំនង​រវាង​ចិន​ និង​សហរដ្ឋ​អាមេ​រិក។ ជំនួប​លើក​ទី១​ មាន​កំណត់​ពេល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នៅក្នុង​ទីក្រុង​ប៉េកាំង​ដោយ​ផ្តោត​ទៅ​លើ​សិទ្ធិ​មនុស្ស​ បន្ទាប់​ពី​ការចរចា​ជា​យុទ្ធសាស្រ្ត​ និង​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​នៅ​ក្នុង​រដ្ឋ​ធា​នី​វ៉ាស៊ីនតោន។លោក​ ហុង ឡេ (Hong ​Lei) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ធ្វើ​តារាង​ពី​ប្រធានបទ​ខ្លះ​ដែល​ភាគី​ចិន​រំពឹង​នឹង​ពិភាក្សា​ក្នុង​ជំនួប​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​រយៈពេល​២​ថ្ងៃ​ជាមួយ​មន្រ្តី​សហរដ្ឋ​អាមេរិក។ លោក​ថ្លែង​ថា៖

«លោក​និយាយ​ថា​ ពួកគេ​នឹង​ពិភាក្សា​ការ​ជឿនលឿន​ថ្មី​ៗ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ទាំង​ពីរ​ ហើយ​នឹង​កិច្ច​សហប្រតិបត្តិការ​សិទ្ធិ​មនុស្ស​នៅក្នុង​អង្គការ​សហ​ប្រជាជាតិ»។

ក៏ប៉ុន្តែ ​លោក​និយាយ​ទៀត​ថា​ ចិន​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​ប្រើប្រាស់​សិទ្ធិ​មនុស្ស​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ លោក​បន្ត​ទៀត​ថា៖

«លោក​បាន​ទទួល​ស្គាល់​ថា​ មាន​ការខ្វែងគំនិត​គ្នា​រវាង​ចិន​ និង​អាមេរិក​លើ​បញ្ហា​សិទ្ធិ​មនុស្ស។ ក៏ប៉ុន្តែ​លោក​និយាយ​ទៀត​ថា​ ប្រទេស​ទាំង​ពីរ​អាច​បង្កើន​ការ​យល់​គ្នា​ទៅវិញ​ទៅ​មក​តាមរយៈ​ការ​សន្ទនា​គ្នា ​ដោយ​ផ្អែក​លើ​សមភាព​ ហើយ​នឹង​ការគោរព​គ្នា​ទៅ​វិញ​ទៅមក»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ខ្លី​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ ក្រសួង​ការ​បរទេស​អាមេរិក​ ឲ្យ​ដឹង​ថា​ ការ​ពិភាក្សា​នឹង​ផ្តោត​លើ​កិច្ច​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ រួម​មាន​និន្នាការ​អវិជ្ជមាន​នៅ​ពេល​ថ្មីៗ​នេះ​ដោយសារការ​បាត់​ខ្លួន​ដោយ​ការ​ចាប់​បង្ខំ​ ការឃុំ​ឃាំង​ក្រៅប្រព័ន្ធ​តុលាការ​ និង​ការ​ចាប់​ខ្លួន​ និង​ការ​កាត់​ឲ្យ​ជាប់​ទោស​នៅក្នុង​ប្រទេស​ចិន។ សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ការ​ព្រួយ​កង្វល់​ផ្សេង​ទៀត​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អាមេរិក​រួមមាន​នីតិរដ្ឋ ​សេរីភាព​នៃ​ការបញ្ចេញ​មត្តិ​ សេរីភាព​សាសនា​ សិទ្ធិ​ការងារ​ និង​សិទ្ធិ​ជនជាតិ​ភាគតិច។

ពួក​អាជ្ញាធរ​ចិន​ បាន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ហើយនឹង​មេធាវី​មួយ​ចំនួន​នៅ​ក្នុង​ការ​បង្ក្រាប​ពួក​អ្នក​ប្រឆាំង​ដែល​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ អ៊ីធឺណិត​ ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចិន​ធ្វើការ​តវ៉ា​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នឹង​បាតុកម្ម​បដិវត្តន៍​ផ្កា​ម្លឹះ​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា។ មាន​សញ្ញា​បន្តិច​បន្តួច​នៃ​ការប្រឆាំង​តវ៉ា​ពិតប្រាកដ​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ចិន​មាន​ប្រតិកម្ម​យ៉ាង​ឃោរឃៅ។

លោក ​ដ្យន ហាន្តស្ម៊ែន (John​ Huntsman)​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ដែល​ចាក​ចេញ​ពី​ប្រទេស​ចិន​នៅ​ចុង​ខែ​មេសា​ កាល​ពីពេលថ្មី​ៗ​នេះ​បាន​ធ្វើ​សុន្ទរក​ថា​លា​ ដែល​ក្នុងនោះ​លោក​បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​លើ​បញ្ហាចម្រូង​ចម្រាស​ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស។ លោក​ បន្ត​ថា៖

«ទោះបី​យើង​មាន​ការខ្វែង​គំនិត​គ្នា​ក៏ដោយ​ យើង​ត្រូវ​តែ​និយាយ​ដោយ​គោរព​ចំពោះ​ខ្លួន​ឯង​ និង​មនុស្ស​ជំនាន់​ក្រោយ។ ប៉ុន្តែ​ក៍​ត្រូវ​ធ្វើ​ឥត​លាក់លាម​ និង​ដោយ​ស្មោះត្រង់។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​រក្សា​ការ​សន្ទនា​ប្រកប​ដោយ​និរន្តភាព​គ្រប់​កម្រិត​ទាំងអស់​ ទាំងកម្រិត​ខ្ពស់​ និង​ទាប​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង»។

សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​នានា​ដែល​អំពាវ​នាវ​ឲ្យ​ចិន​ដោះ​លែង​ពួក​អ្នក​ប្រឆាំង​ រួមមាន​ទាំង​វិចិត្រករ​ដ៏​ល្បីល្បាញ​គឺ​លោក​ អៃ វ៉េវ៉េ (Ai Weiwei) ។

ប្រែ​សម្រួល​ដោយ ជឹង​ ប៉ូជីន

XS
SM
MD
LG