ក្រុមអ្នកវិភាគនិយាយថា កំណើនការបើកយន្តហោះយោធាអាមេរិកពីលើសមុទ្រនានានៅក្បែរប្រទេសចិនដែលត្រូវបានគេរាយការណ៍នោះ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការស្វែងយល់ និងបង្អាក់ដល់ការពង្រីកអំណាចចិននៅក្នុងផ្ទៃទឹកមានជម្លោះ។
យន្តហោះស៊ើបការណ៍យោធាអាមេរិកបានហោះពីលើឆ្នេរសមុទ្រចិនចំនួន៦០ដងនៅក្នុងខែកញ្ញា ដែលនេះជាចំនួនច្រើនជាងកាលពីខែកក្កដា ឬសីហា។ នេះបើយោងតាមគេហទំព័ររបស់អង្គការគំនិតផ្តួចផ្តើមតាមដានស្ថានការណ៍យុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង ឬ South China Sea Strategic Situation Probing Initiative ដែលជាអង្គការស្រាវជា្រវទទួលបានការគាំទ្រពីរដ្ឋចិន។
នៅពេលត្រូវបាន VOA ទាក់ទងទៅ លោកវរសេនីយ៍ត្រី Randy Ready នៃយោធាអាមេរិក ដែលជាអ្នកនាំពាក្យសម្រាប់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបានត្រឹមតែនិយាយថា ការបើកយន្តហោះនៅក្បែរចិនញឹកញាប់នេះត្រូវបានធ្វើឡើងជាប្រចាំជាយូរមកហើយ។
គេហទំព័ររបស់អង្គការនេះនិយាយថា ភាគច្រើនគឺជាការហោះពីលើសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងប៉េកាំងប្រជែងអធិបតេយ្យភាពលើសមុទ្រដែលមានទំហំ៣,៥ លានគីឡូម៉ែត្រ និងសម្បូរទៅដោយធនធានជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសនៅអាស៊ីចំនួន៥ ហើយលោក Michael Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងខែកក្កដាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចជួយរដ្ឋដទៃទប់ទល់នឹងការពង្រីកអំណាចរបស់ចិនបាន។
លោក Sean King នាយករងនៃក្រុមហ៊ុន Park Strategies ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់នយោបាយនៅក្នុងក្រុងញូវយ៉កបាននិយាយថា សកម្មភាពផ្លូវអាកាសរបស់យោធាសហរដ្ឋអាមេរិកជាការគាំទ្រដល់បទបញ្ជារបស់លោក Pompeo។
លោក King បាននិយាយថា លោកPompeo បានហៅសកម្មភាពចិននៅសមុទ្រចិនខាងត្បូងថា ខុសច្បាប់ ហើយការបង្កើនការហោះហើរនៅឆ្នាំនេះ «អាចត្រូវបានគេចាត់ទុកថា ត្រូវបានធ្វើឡើងឱ្យត្រូវនឹងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងខែកក្កដា ដែលបានលើកឡើងថា ការទាមទារណាមួយទៅលើសមុទ្រចិនខាងត្បូងដោយសាធារណរដ្ឋប្រជាមានិតចិនគឺជារឿងខុសច្បាប់»។
លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បាននិយាយថា អ្នកបើកយន្តហោះអាមេរិកប្រហែលជាអាចដឹងពីក្តីបារម្ភកាន់តែខ្លាំងឡើងៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីសកម្មភាពចិននៅលើអាកាស និងនៅក្រោមទឹក។
លោក Huang បាននិយាយថា អ្នកបើកយន្តហោះអាចតាមដានកប៉ាល់ជ្រមុជទឹកណាមួយរបស់ចិន និង«ធ្វើឱ្យពួកគេស្គាល់»សមុទ្រនេះច្បាស់ជាងមុន។ លោកបានបន្ថែមទៀតថា ចំណុចសំខាន់អាចជាដៃសមុទ្រ Luzon នៅចន្លោះតៃវ៉ាន់ និងកោះ Luzon របស់ហ្វីលីពីន ដោយសារតែសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកមិនមានសមត្ថភាពខ្លាំងនៅច្រកចូលសមុទ្រចិនខាងត្បូង ដូចនៅសមុទ្រចិនខាងកើតនោះទេ។
ប្រទេសចិនបានព្រមានប្រទេសដទៃទៀត នៅពេលខ្លួនពង្រីកការកាន់កាប់របស់ខ្លួននៅក្នុងសមុទ្រចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ ដោយបានចាក់បំពេញដីបង្កើតជាកោះតូចៗសម្រាប់គោលបំណងរុករកធនធាន គោលបំណងស៊ីវិល និងសម្រាប់ផ្នែកយោធា។ ប្រទេសចិនមានសព្វាវុធច្រើនជាងប្រទេសទាមទារដែនសមុទ្រផ្សេងទៀតដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម។
លោកPompeo បានចោទប្រកាន់គណបក្សកុម្មុយនិស្តដែលដឹកនាំប្រទេសចិននៅក្នុងខែតុលាអំពី«ការកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំ» ចំពោះទង្វើរបស់គណបក្សនេះទៅលើប្រទេសផ្សេងទៀត។ រដ្ឋាភិបាលក្រុងប៉េកាំងលើកឡើងពីកំណត់ត្រាប្រើប្រាស់ផ្ទៃទឹកដើម្បីគាំទ្រដល់ការទាមទាររបស់ខ្លួនទៅលើសមុទ្រចិនខាងត្បូងប្រមាណ៩០%។
ក្នុងចំណោមជើងហោះហើរទាំងអស់របស់សហរដ្ឋអាមេរិក ដែលអង្គការស្រាវជ្រាវចិនបានឲ្យដឹងថា បានហោះកាត់ផ្ទៃសមុទ្ររបស់ខ្លួននៅក្នុងខែតុលា អង្គការនេះបានរាយការណ៍ថា ការហោះហើរ២/៣បានសំដៅទៅសមុទ្រចិនខាងត្បូង។ របាយការណ៍តាមអ៊ីនធឺណិតរបស់អង្គការនេះកាលពីថ្ងៃទី១២ ខែតុលា បានឲ្យដឹងថា យន្តហោះមួយចំនួនត្រូវបានក្លែងជាយន្តហោះម៉ាឡេស៊ី ឬហ្វីលីពីន និងថា យន្តហោះសហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅដើម្បី «ធ្វើចារកម្ម» លើប្រទេសចិន។
លោកReady មិនមានអត្ថាធិប្បាយលើចំនួននៃជើងហោះហើរនៅក្នុងខែកញ្ញា ឬក៏មូលហេតុនៃការហោះហើរនោះទេ ក្រៅតែពីនិយាយថា ការហោះហើរនេះត្រូវបានធ្វើឡើងជាប្រចាំ។
លោក Stephen Nagy សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកការសិក្សាអន្តរជាតិ និងនយោបាយនៅសាកលវិទ្យាល័យអន្តរជាតិ Christian នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បាននិយាយថា ប្រទេសចិនកំពុងចាប់អារម្មណ៍លើបេសកកម្មរបស់សហរដ្ឋអាមេរិកដោយសារតែខ្លួនចង់ឱ្យសហរដ្ឋអាមេរិកគិតថា សហរដ្ឋអាមេរិកមិនអាចឈ្នះសង្គ្រាមតាមអាកាសជាមួយនឹងចិននោះទេ។ លោកបាននិយាយថា សហរដ្ឋអាមេរិកមានផលប្រយោជន៍ពីការប្រយុទ្ធ បទពិសោធន៍នៃការដាក់ពង្រាយទ័ព និងការគាំទ្រពីសម្ព័ន្ធមិត្តដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ប្រសិនបើត្រូវការ។
លោក Nagy បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវបង្ហាញអំណាចទ័ពអាកាសរបស់ខ្លួន ដោយសារតែ «ខ្ញុំគិតថា ប្រទេសចិនបានព្យាយាមបង្កើតរឿងរ៉ាវថា ការមានជម្លោះណាមួយជាមួយចិនអាចជាការខាតបង់ដ៏ច្រើនសម្រាប់សហរដ្ឋអាមេរិក»។
លោក Ready បាននិយាយថា យន្តហោះសហរដ្ឋអាមេរិកត្រូវបានបើកទៅគ្រប់ទីកន្លែងដោយស្របច្បាប់ និងបន្តការហោះហើររបស់ខ្លួននៅតំបន់អាស៊ី។
លោកបាននិយាយក្នុងន័យដើមថា៖ «ខណៈដែលទំហំនៃប្រតិបត្តិការរបស់យើងមានភាពខុសគ្នាដោយផ្អែកលើបរិយាកាសប្រតិបត្តិការបច្ចុប្បន្ន សហរដ្ឋអាមេរិកមានវត្តមានយោធាជាយូរមកហើយ និងមានប្រតិបត្តិការជាប្រចាំនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងនៅផ្ទៃទឹក និងនៅលំហអាកាសជុំវិញសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង»។
លោកបានហៅសកម្មភាពលើអាកាសថាជា៖ «ការបង្ហាញជាបន្តបន្ទាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់អាស៊ី និងឆន្ទៈរបស់យើងក្នុងការការពារសេរីភាពដែលត្រូវបានការពារនៅក្នុងច្បាប់អន្តរជាតិ»។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិង្ហបុរីសម្រាប់កិច្ចការអន្តរជាតិបាននិយាយថា ក្រុមមន្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនអាចយល់ថា ការហោះហើរក្នុងខែកញ្ញាជាសកម្មភាពជាប្រចាំរបស់ខ្លួន។
លោកបាននិយាយក្នុងន័យដើមថា៖ «អ្វីដែលចិនអាចពិចារណាថាមិនប្រក្រតីអាចនឹងមិនត្រូវបានភាគីសហរដ្ឋអាមេរិកយល់ឃើញដូចគ្នានោះទេ»។
លោក Oh បានបន្ថែមថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលទាមទារដែនសមុទ្រចិន «ស្វាគមន៍» នូវការកើនឡើងនៃសកម្មភាពផ្លូវអាកាសរបស់សហរដ្ឋអាមេរិក៕