ជនរងគ្រោះនៃរបបខ្មែរក្រហមពីសហរដ្ឋអាមេរិក ដែលជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសាលាក្តីខ្មែរក្រហម នឹងចូលរួមក្នុងពេលបើកសវនាការសំណុំរឿងលេខ០០២ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
អ្នកស្រីនៅ សារឹម អតីតអ្នកទោសនៃមន្ទីរឃុំឃាំងបឹងត្របែក លោកស្រីបៃ សុផានី និងលោកស្រីជា ម៉ារីគ្រោងនឹងស្នាក់នៅប្រទេសកម្ពុជាចំនួនមួយសប្តាហ៍ដើម្បីចូលរួមនិងតាមដានដំណើរការសាលាក្តីខ្មែរក្រហម។ អ្នកទាំងបីបានដាក់ពាក្យបណ្តឹងតាមរយៈវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជា ប្តឹងមេដឹកនាំទាំងបួននាក់ ដែលមាននួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។
អ្នកស្រីនៅ សារឹមបានបញ្ជាក់ថា នេះជាការស្វែងរកយុត្តិធម៌សម្រាប់ឱ្យអ្នកដែលស្លាប់បាត់បង់ជីវិតនិងជនរងគ្រោះដែលនៅរស់រានមានជីវិត។
«យើងនឹងស្តាប់ ហើយយើងនឹងធ្វើការវិនិច្ឆ័យទៅតាមហ្នឹងគឺយើងមិនយកកំហឹងទៅទល់កំហល់ទៅរកអ្នកទាំងអស់នោះទេ ព្រោះគ្រាន់តែប៉ុណ្ណឹងក៏អាចធ្វើឱ្យអ្នកដែលបានប្រព្រឹត្តអំពើហ្នុងក៏មានការញញើតខ្លះដែរ (ហើយ)សម្រាប់អ្នកបន្តជំនាន់ក្រោយនេះ អំពើដែលខ្លួនបានធ្វើអាក្រក់ហ្នឹងគឺថាថ្ងៃណាមួយគឺវានឹងលេចចេញមកសម្រាប់ឱ្យខ្លួនរងទុក្ខទោសវិញ»។
លោកស្រីបៃ សុផានីបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាថា លោកស្រីចង់ដឹងថា ហេតុអ្វីបានជាពួកខ្មែរក្រហមសម្លាប់មនុស្សច្រើនម៉្លេះ ហើយរហូតមកដល់ពេលនេះ ពួកមេដឹកនាំទាំងនោះមិនបានទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍។ លោកស្រីចង់បានយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់។
សវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២នឹងចាប់ផ្តើមពីថ្ងៃច័ន្ទទី២១ខែវិច្ឆិកា ហើយបន្តរហូតដល់ថ្ងៃទី១៦ខែធ្នូ មុននឹងតុលាការសម្រាករយៈពេលខ្លី។ ក្នុងរយៈពេលនេះគឺមានការអានបទចោទប្រកាន់ពីតុលាការ ការអានសេចក្តីថ្លែងការណ៍ការពារខ្លួនរបស់មេធាវីជនជាប់ចោទនិងការពិនិត្យមើលលើភស្តុតាងជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម។
មេដឹកនាំទាំងបួន ដែលបច្ចុប្បន្ននេះមានវ័យចំណាស់ខ្លាំងណាស់ហើយនោះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោកហ៊ុយ វណ្ណៈ មន្រ្តីអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា កម្រិតនៃការចាប់អារម្មណ៍លើសំណុំរឿងលេខ០០២មានការកើតឡើងច្រើន បើប្រៀបធៀបនឹងសំណុំរឿងលេខ០០១។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះមានអ្នកចុះឈ្មោះ ចូលរួមស្តាប់អង្គសវនាការជាង១០០០នាក់ហើយ។
«យើងឃើញថាមានការចាប់អារម្មណ៍ច្រើនចំពោះសាធារណជន។ ហើយរហូតមកដល់ពេលនេះ យើងទទួលបានការចុះឈ្មោះជាផ្លូវការគឺជាងមួយពាន់នាក់ហើយសម្រាប់សាធារណជន។ ហើយដំណើរការនៃការចុះឈ្មោះនេះ យើងមិនទាន់បញ្ចប់នៅឡើយទេគឺនឹងបន្តរហូតទៅដល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ហើយជាទូទៅសាធារណជនគាត់អញ្ជើញមកដោយមានការចុះឈ្មោះ ឬក្រុមមួយចំនួនទៀត ដែលមិនមកតាមរយៈអង្គការក្រៅរដ្ឋាភិបាលឬស្ថាប័នដែលធ្វើកិច្ចការទាក់ទងនឹងតុលាការនេះគឺលោកអញ្ជើញមកដោយខ្លួនគាត់ផ្ទាល់ តាមមធ្យោបាយគាត់ផ្ទាល់»។
វិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាឱ្យដឹងថា ជនរងគ្រោះពីរបបខ្មែរក្រហមដែលរស់នៅសហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្មក្នុងសំណុំរឿងលេខ០០២។ ពួកគេបានដាក់ពាក្យបណ្តឹងចំនួន១៧០តាមរយៈវិទ្យាស្ថាននេះ ក្នុងនោះមានអ្នកសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៤១នាក់។
«អ្វីដែលវិទ្យាស្ថានយើងសម្រេចបានគឺពិតជាការសាទរចំពោះស្មារតីនៃមនុស្សជាតិ ជាការសាទរចំពោះការក្លាហានមិនរាថយដែលអ្នកនៅរស់រានមានជីវិតត្រូវពុះពារដើម្បីយុត្តិធម៌។ ខ្ញុំសូមសរសើរអ្នកនៅរស់រានមានជីវិតរបស់យើង មិនគ្រាន់តែលើសេចក្តីក្លាហានរបស់ពួកគេទេ ក៏ប៉ុន្តែលើការស៊ូទ្រាំរបស់ពួកគេក្នុងការធ្វើជាគម្រូចំពោះជនកម្ពុជាដទៃទៀត កុំឱ្យបោះបង់ការតស៊ូ ហើយសម្រាប់យុវជនជំនាន់ក្រោយពួកគេគួរតែមានមោទនភាព»។
លោកស្រី នូស្ស៊ីន សាការ៉ាទី មេធាវីរបស់មជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវដែលជាក្រុមមេធាវីតំណាងឱ្យជនរងគ្រោះជាពលរដ្ឋខ្មែរអាមេរិកាំង បានបញ្ជាក់ថា៖
«បញ្ហាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនក្តីរបស់យើងខ្ញុំនៅសហរដ្ឋអាមេរិកគឺថា ទោះបីជាពួកគេនៅឆ្ងាយពីប្រទេសកម្ពុជា ពួកគេនៅតែមានរោគសញ្ញានៃជម្ងឺបាក់ស្បាត គឺដូចជាអ្នកដែលនៅប្រទេសកម្ពុជាដែរ។ ការសិក្សាបង្ហាញថា ជនភៀសខ្លួនកម្ពុជាប្រហែល៨៦ភាគរយដែលមកនៅអាមេរិក ក្រោយពីការដួលរលំរបបខ្មែរក្រហមនៅតែរងគ្រោះពីជំងឺបាក់ស្បាតរហូតដល់សព្វថ្ងៃនេះ។ ដូច្នេះទាំងនេះគឺជាអ្វីដែលយើងចង់បញ្ជាក់ប្រាប់តុលាការថា បើទោះបីជាពួកគេមកនៅឆ្ងាយដាច់ស្រយ៉ាលពីប្រទេសកម្ពុជា និងពីទីឧក្រិដ្ឋកម្មក៏ដោយ ក៏អ្វីដែលពួកខ្មែរក្រហមធ្វើចំពោះពួកគេគឺនៅជាប់អារម្មណ៍ពួកគេជានិច្ច»។
លោកស្រីនូស្ស៊ីននឹងធ្វើដំណើរទៅប្រទេសកម្ពុជាជាមួយនឹងកូនក្តីទាំងបីនាក់ដែរហើយលោកស្រីបន្ថែមថា ជាយុទ្ធសាស្រ្តគឺលោកស្រីនឹងជំរុញយ៉ាងណាឱ្យតុលាការទទួលជនរងគ្រោះពីអាមេរិកបានចូលរួមផ្តល់សក្ខីកម្ម យ៉ាងហោចណាស់ក៏បានម្នាក់ដែរ។
ទូទាំងសហរដ្ឋអាមេរិក មានអ្នកដាក់ពាក្យជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៥០នាក់ ក្នុងនោះមានខ្មែរអាមេរិកាំងចំនួន៤៨នាក់និងជនជាតិអាមេរិកាំងចំនួន២នាក់។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលសម្រាប់យុត្តិធម៌ និងការទទួលខុសត្រូវ៕