ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អាមេរិក​ កម្ពុជា ​ហ្វឹកហាត់​ការ​ត្រៀម​សង្គ្រោះ​ក្នុង​គ្រាអាសន្ន


នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS Gary ឈប់​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​​ ក្នុង​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​នាវា​នេះ​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០០៧។ មាន​ការ​រីកចម្រើន​ផ្នែក​ទំនាក់ទំនង​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​
នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS Gary ឈប់​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​​ ក្នុង​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​នាវា​នេះ​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០០៧។ មាន​ការ​រីកចម្រើន​ផ្នែក​ទំនាក់ទំនង​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​

កង​ទាហាន​ម៉ារីន​លេខ​៣​ ប្រចាំការ​នៅ​ក្រៅ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ប្រមាណ​៣០​ នាក់​ និង​កង​សមត្ថកិច្ច​កម្ពុជា​មាន​ទាហាន ​ប៉ូលិស ​និង​កង​រាអាវុធហត្ថ​ប្រមាណ​ជាង​៤០​នាក់​បាន​បើក​វគ្គ​សិក្សា​រួម​គ្នា​ នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។ វគ្គ​សិក្សា​មាន​រយៈពល​១០​ថ្ងៃ​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដើម្បី​ចែក​រំលែក​បទពិសោធន៍​គ្នា​ក្នុង​ការបញ្ជា ​និង​រៀបចំ​កង​កម្លាំង​សម្រាប់​ការ​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ ​និង​ការផ្ដល់​ជំនួយ​មនុស្សធម៌។

លោក ​ចេហ្វ​ ដាយហ្គល​ (Jeff Daigle) ​ភារធារី​ស្ថានទូត​អាមេរិក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ព័ត៌មាន​មុន​នឹង​ការ​បើក​វគ្គ​សិក្សា​ថា៖

«វា​ក៏​មាន​សារៈសំខាន់​ផងដែរ​ដែល​យើង​ធ្វើ​ការ​ហ្វិកហាត់​អំពី​ថា​តើ​ត្រូវ​បង្កើត​ទំនាក់​ទំនង​យោធា​យើង​ទាំង​ពីរ​យ៉ាង​ដូចម្ដេច​ ហើយ​ត្រូវ​បង្កើន​សមត្ថភាព​ទៅ​វិញ​ទៅ​មក​យ៉ាងណា​ ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​សង្គ្រោះ​ក្នុង​ករណី​មាន​វិបត្តិ»។

កង​ទាហាន​ម៉ារីន​លេខ​៣ ​អាមរិក​បាន​ចាប់​ផ្ដើម​បង្ហាញ​ពី​រចនា​សម្ព័ន្ធ​នៅ​ក្នុង​អង្គភាព​នាវឹក​របស់​ខ្លួន​ដោយ​រួម​មាន​ក្រុម​ប្រយុទ្ធ ​ក្រុម​ស៊ើបការណ៍ ​ក្រុម​ទាក់ទង​ ក្រុមពេទ្យ​ ភ័ស្ដុភា ​និង​ក្រុម​កង​អាវុធហត្ថ​ផងដែរ។ កង​សមត្ថកិច្ច​កម្ពុជា​នឹង​ធ្វើ​បទ​បង្ហាញ​របស់​ខ្លួន​ផងដែរ ជាពិសេស​ក្នុង​រយៈពេល​១០​ថ្ងៃ​នេះ​ ភាគី​ទាំង​ពីរ​នឹង​បង្ហាញ​របៀប​សមយុទ្ធ​សង្រ្គោះ​ និង​អន្ដរាគមន៍​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ។

លោក​ឧតម្តសេនីយ៍​ត្រី ​តាត ​ចន្ថា ​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ផែនការ​ និង​ប្រតិបត្តិការ នៃ​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​មាន​ប្រសាសន៍​ដែរ​ថា​ វគ្គ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ នឹង​ជួយ​រួមចំណែក​ពង្រឹង​សមត្ថភាព​កង​សមត្ថកិច្ច​កម្ពុជា​ផងដែរ។

«វា​អាច​នឹង​ជួយ​ដល់​មន្ដ្រី​របស់​យើង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការងារ​ជំនួយ​មនុស្សធម៌​ និង​សង្រ្គោះ​គ្រោះមហន្តរាយ»។

មាន​ការ​រីកចម្រើន​ផ្នែក​ទំនាក់ទំនង​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ថ្វី​ត្បិត​តែ​សហរដ្ឋ​អាមេរិក​បាន​បង្កក​ជំនួយ​រថយន្ដ​យោធា​ចំនួន​ ២០០​គ្រឿង​ ដល់​កម្ពុជា​ដោយសារ​កម្ពុជា​បាន​បញ្ជូន​ដោយ​បង្ខំ​នូវ​ជនជាតិ​ដើម​ភាគតិច​វីហ្គើ​ចំនួន​ជាង​២០​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​ចិន​វិញ​កាល​ពី​ចុង​ឆ្នាំ​២០០៩។

លោក​ រ៉ូប៊ើត​ ថូម៉ាស​ (Robert Thomas) ​មេ​បញ្ជាការ​ប្រតិបត្តិការ​នៃ​កង​ទាហាន​ម៉ារីន​លេខ​៣ ​បញ្ជាក់​ក្រោយ​ពី​បទ​បង្ហាញ​វគ្គ​ទី​១ថា​ ការសិក្សា​រួម​គ្នា​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​ទាំង​ពីរ​ប្រទេស​រៀបចំ​គម្រោង​ទប់ទល់​ជាមុន​ចំពោះ​មុខ​គ្រោះ​អាក្រក់​កើត​មាន​ឡើង​ដូច​ជា​អគ្គីភ័យ​ ឬ​គ្រោះ​ទឹកជំនន់ជា​ដើម។ ក្រៅ​ពី​នោះ​ នឹង​មាន​ការបង្ហាញ​ពី​បច្ចេកទេស​យោធា​ប្រាប់​គ្នា​ទៅ​វិញ​ ទៅ​មក​ផងដែរ។

«យើង​បាន​ដឹង​ព័ត៌មាន ​ហើយ​កង​យោធា​កម្ពុជា​ក៏​ដឹង​ពី​ព័ត៌មាន​ដែរ​ហើយ​យើង​ធ្វើ​ការ​រួមគ្នា​លើ​បញ្ហា​នេះ ដូចជា​តើ​ភាគី​កម្ពុជា​ជម្លៀស​ប្រជាជន​ដោយ​របៀបណា ​រី​ឯ​យើង​វិញ​ជម្លៀស​ពួក​គាត់​យ៉ាង​ដូចម្ដេច»។

ដោយ​ឡែក​កញ្ញា ​មៀច ​សិដ្ឋការ្យ ​វរៈសេនីយ៍ទោ​ខាង​កង​ទព័​កម្ពុជា​ ដែល​ទើប​នឹង​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត​សភាយោធា ​Westpoint​ របស់​អាមេរិក​បាន​លើក​ពី​សារៈសំខាន់​ដូច​គ្នា​ដែរ។

«យើង​មិន​អាច​ដោះស្រាយ​បញ្ហា​តែ​ម្នាក់​ឯង​ទេ។ ដូច្នេះ​សមយុទ្ធ​នេះ​ជួយ​យើង​ឲ្យ​រៀន​ដោះស្រាយ​ហ្វឹកហ្វឺន​ដោះស្រាយ​ជាមួយ​គ្នា។ វា​ជា​លក្ខណៈ​សមយុទ្ធ​ហ្វឹកហ្វឺន​ជាមួយ​កុំព្យូទ័រ»។

សូម​បញ្ជាក់​ថា ​ជា​បន្តបន្ទាប់​កង​ទព័​សហរដ្ឋ​អាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​ ជា​ពិសេស​ផ្តោត​លើ​ការ​សង្គ្រោះ​ជាមួយ​កងទព័​កម្ពុជា។ នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ខាង​មុខ​នេះ ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ម្ដង​ទៀត៕

XS
SM
MD
LG