ការចរចាកំពុងបន្តធ្វើនៅវិមានរដ្ឋសភា Capitol Hill ដើម្បីព្យាយាមស្វែងរកការព្រមព្រៀងលើការកម្រិតការចំណាយសម្រាប់ថវិការដ្ឋាភិបាលសហព័ន្ធឆ្នាំ២០១១។ លោក John Boehner ប្រធានសភាតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋនិយាយថាលោកមិនបានឈោងដល់ការព្រមព្រៀងថវិកាជាមួយប្រធានាធិបតី Barack Obama នៅក្នុងការពិភាក្សានៅសេតវិមានកាលពីថ្ងៃអង្គារទេ។
ការពិភាក្សាបន្ទាប់មករវាងលោក Boehner និងលោក Harry Reid មេដឹកនាំសម្លេងភាគច្រើនរបស់ព្រឹទ្ធសភាបានត្រូវគេរៀបរាប់ថាមានផ្លែផ្កាក៏ប៉ុន្តែមិនមានការចង្អុលបង្ហាញពីការបំបែកភាពទាល់ច្រកទេ។ សេចក្តីសម្រេចបណ្តោះអាស័ន្នមួយដើម្បីផ្តល់ថវិកាដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផុតកំណត់នៅចុងសប្តាហ៍នេះ។ ប្រសិនបើសេចក្តីព្រាងច្បាប់ការចំណាយ មិនត្រូវបានយល់ព្រមដោយសភាទេ រដ្ឋាភិបាលមួយផ្នែកនឹងត្រូវបិទទ្វារដែលនឹងមានផលប៉ះពាល់ដល់សេវាកម្មនានាសម្រាប់ប្រជាពលរដ្ឋអាមេរិកកាំងរាប់លាននាក់។
សមាជិកសភាបានជជែកដេញដោលកម្រិតនៃការចំណាយរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែដោយពួកគណៈបក្សសាធារណរដ្ឋទាមទារឲ្យមានការកាត់បន្ថយយ៉ាងច្រើននៅក្នុងកម្មវិធីដ៏ប្រយ័ត្នប្រយែងដែលត្រូវបានគាំទ្រដោយពួកគណបក្សប្រជាធិបតេយ្យ រួមមានកម្មវិធីសង្គមខ្លះសម្រាប់អ្នកក្រីក្រនិងមនុស្សចាស់ជរា ហើយនឹងកាត់ប្រាក់ជំនួយដល់ពួកនិស្សិតមហាវិទ្យាល័យមកពីក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថាពួកគណបក្សប្រជាធិបតេយ្យបានធ្វើទៅតាមការទាមទាររបស់គណបក្សសាធារណរដ្ឋរួចស្រេចហើយដើម្បីកាត់បន្ថយការចំណាយ ហើយថាពួកសមាជិកសភាខាងគណបក្សសាធារណរដ្ឋមិនគួរអនុញ្ញាតិឲ្យមនោគមវិជ្ជាជ្រៀតជ្រែកក្នុងការព្យាយាមមិនឲ្យបិទរដ្ឋាភិបាលមួយផ្នែកដែលអាចឲ្យមានគ្រោះថ្នាក់ដល់ការរើបឡើងនូវសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។
លោកអូបាម៉ា បានអំពាវនាវដល់ប្រធានសភាតំណាងរាស្រ្ត Boehner និងមេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យលោក Harry Reid ឲ្យដោះស្រាយបញ្ហាថវិកាឆ្នាំ២០១១ ដោយនិយាយថាប្រសិនបើបញ្ហាថវិកា ដោះស្រាយមិនបានទេ លោកប្រធានាធិបតី នឹងសុំឲ្យមេដឹកនាំទាំងពីរមកសេតវិមាននៅថ្ងៃពុធ។
«គ្មានមូលហេតុអ្វីដែលថាយើងមិនអាចបង្ហើយកិច្ចការកាលពីឆ្នាំទៅនោះទេ។ ចូរចាំថាយើងកំពុងដោះស្រាយថវិកាដែលគួរបានធ្វើឲ្យរួចស្រេចកាលពី៣ខែមុន កាលពី២ខែមុន ឬកាលពីខែមុន នៅពេលដែលយើងខិតកាន់តែជិតមែនទែនពីព្រោះតែនយោបាយ»។
លោក Boehner និយាយថាការចរចាកំពុងបន្តធ្វើឡើង ក៏ប៉ុន្តែ លោកបានថ្លែងថាគ្មានការព្រមព្រៀង ណាមួយស្តីពីកាត់បន្ថយថវិកាចំនួន៣៣ពាន់លានដុល្លារទេ។
«យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងប្រយុទ្ធដើម្បីកាត់បន្ថយការចំណាយដ៏ធំបំផុតមួយ។ យើងកំពុងពិភាក្សាអំពីការកាត់បន្ថយការចំណាយពិតប្រាកដ មិនមានការប៉ុនប៉ងដើម្បីលាក់បញ្ហានេះទេ។ យើងក៏បានបញ្ជាក់យ៉ាងច្បាស់ថាមិនដែលមានការព្រមព្រៀងកាត់បន្ថយថវិការចំនួន៣៣ពាន់លានដុល្លារទេ ហើយថាយើងកំពុងប្រយុទ្ធម្តងទៀតដើម្បីកាត់បន្ថយថវិកាដ៏ធំបង្អស់មួយ»។
សភាតំណាងរាស្រ្តដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋបានអនុមត្តិថវិកាដោយមានការកាត់បន្ថយការចំណាយ៦០ពាន់លានដុល្លារ ក៏ប៉ុន្តែការកាត់បន្ថយនោះមិនបានទទួលការអនុម័តនៅក្នុងព្រឹទ្ធសភាដែលត្រួតត្រាដោយគណបក្សប្រជាធិបតេយ្យ ។ ពួកអភិរក្សនិយមមួយចំនួននៃចលនា Tea Party នៃគណបក្សសាធារណរដ្ឋ កំពុងច្រានចោលការសម្របសម្រួលលើការកាត់បន្ថយការចំណាយ ដោយដាក់លោក Boehner ប្រធានសភាដំណាងរាស្រ្តនៅក្នុងស្ថានភាពដ៏លំបាកមួយ។
លោកប្រធានាធិបតី លោក Boehner និងមេដឹកនាំសភាពីរនាក់ទៀតត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីការកាត់បន្ថយការចំណាយក្នុងស្រុកដែលមានទឹកប្រាក់៣០ពាន់លានដុល្លារ ដែលខិតចូលកាន់តែជិតទៅនឹងចំនួនដែលលោក Boehner បានស្នើរកាលពីដំបូង។
ការបិទរដ្ឋាភិបាលមួយផ្នែក មានន័យថាបុគ្គលិកសហព័ន្ធរាប់លាននាក់ដែលចាត់ទុកមិនសូវសំខាន់ នឹងមិនទៅធ្វើការរហូតទាល់ថវិកាត្រូវបានដោះស្រាយ។ ក្រសួងសន្តិសុខជាតិ នឹងមិនប៉ះពាល់ទេ ក៏ប៉ុន្តែ សេវាកម្មនានាទំនងជាត្រូវផ្អាក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន