ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក អង់គ្លេស និង​កាណាដា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​បុគ្គល​និង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​របប​យោធា​មីយ៉ាន់ម៉ា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​ការ​ចេញ​ផ្សាយ​របាយការណ៍ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បរទេស​ស​ហរដ្ឋ​អាមេរិក​ស្ដី​អំពី​ការ​ជួញដូរ​មនុស្ស​​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​ការ​ចេញ​ផ្សាយ​របាយការណ៍ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បរទេស​ស​ហរដ្ឋ​អាមេរិក​ស្ដី​អំពី​ការ​ជួញដូរ​មនុស្ស​​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​កាណាដា បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ៧ នាក់ និង​អង្គភាព​ចំនួន ២ បន្ថែម​ទៀត ដែល​មាន​ទំនាក់ទំនង​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ខួប​មួយ​ឆ្នាំ​ នៃ​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​ឆ្នាំ​មុន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​សម្របសម្រួល​វិធានការ​ទាំងនេះ​ជាមួយ​ចក្រភព​អង់គ្លេស​និង​ប្រទេស​កាណាដា ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រជាពលរដ្ឋ​ភូមា [មីយ៉ាន់ម៉ា] និង​ដើម្បី​លើក​កម្ពស់​បន្ថែម​ទៀត​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​និង​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​របប​យោធា»។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​លើកឡើង​ថា បុគ្គល​និង​អង្គភាព​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​លើក​នេះ​រួម​មាន​ទាំង​អ្នកស្រី Thida Oo ដែលជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​របប​យោធា​មីយ៉ាន់ម៉ា​ផងដែរ ដោយសារ​ក្រសួង​របស់​អ្នកស្រី​គឺជា​អ្នក​រៀបចំ​ចាត់ចែង​ការ​ចោទប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នកស្រី Aung San Suu Kyi។

បុគ្គល​សំខាន់​ពីរ​រូប​ទៀត​ដែល​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើក​នេះ​គឺ​ប្រធាន​តុលាការ​កំពូល និង​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​របប​យោធា​មីយ៉ាន់ម៉ា។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា អ្នក​ទាំងពីរ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​កាត់ទោស​អ្នកស្រី Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

ការ​ដាក់​ទណ្ឌកម្ម​នេះ​គឺ​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នក​ទាំងនោះ​ដែល​មាន​នៅក្នុង​សហរដ្ឋ​អាមេរិក និង​រារាំង​ពលរដ្ឋ​អាមេរិក​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ទាំងនោះ៕

XS
SM
MD
LG