រដ្ឋមន្ត្រីការបរទេសអាស៊ានជួបប្រជុំគ្នានៅវ៉ាស៊ីនតោនមួយថ្ងៃមុនកិច្ចប្រជុំកំពូល
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ (ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា) រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀតបានចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងាររបស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅថ្ងៃបន្ទាប់។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។
- ដោយ វីអូអេខ្មែរ
កិច្ចប្រជុំកំពូលអាមេរិក-អាស៊ានចាប់ផ្តើមនៅរដ្ឋធានីវ៉ាស៊ីនតោន
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ នៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ចូ បៃដិន)។
ក្រុមផ្សាយរបស់វីអូអេ ដោយមាន លោក ម៉ែន គឹមសេង លោក សុខ ខេមរា លោក ប៉ូច រាសី និងលោក ចាប ចិត្រា បានចាប់ផ្តើមការផ្សាយពិសេសនេះផ្ទាល់ពីបរិវេណ សេតវិមាន ដែលជាវិមានប្រធានាធិបតីសហរដ្ឋអាមេរិក។
- ដោយ វីអូអេខ្មែរ
មេដឹកនាំអាស៊ានចូលជួបប្រធានរដ្ឋសភាសហរដ្ឋអាមេរិក
នៅវេលាម៉ោង ១១:៣០នាទីព្រឹកនៅរដ្ឋធានីវ៉ាស៊ីនតោន គេឃើញវត្តមានមេដឹកនាំអាស៊ានទាំង ៨ រូប រួមទាំងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមានសភាអាមេរិក ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក និងសមាជិករដ្ឋសភាអាមេរិកផ្សេងៗទៀត។ នេះជាជំនួបផ្លូវការដំបូងគេបង្អស់រវាងមេដឹកនាំអាស៊ានជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលមានរយៈពេល ២ ថ្ងៃ។
- ដោយ Reuters
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធទី១១ ខែឧសភា ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូបថា លោកប្រធានាធិបតី Joe Biden នឹងមាន «ពេលវេលាឯកជន» ជាមួយមេដឹកនាំអាស៊ាននិមួយៗដាច់ដោយឡែកពីគ្នា ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅថ្ងៃព្រហស្បតិ៍និងសុក្រសប្តាហ៍នេះ។ មន្ត្រីរូបនោះក៏បានបញ្ជាក់ថា អាមេរិកក៏កំពុងពិភាក្សាជាមួយអាស៊ានចំពោះលទ្ធភាពទុកឱ្យអាសនៈមីយ៉ាន់ម៉ានៅទំនេរនៅក្នុងកិច្ចប្រជុំកំពូលពិសេសរយៈពេល២ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោននេះ។