ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ដកចេញ​អនុក្រឹត្យ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ ប្រើសេវាអ៊ីនធឺណិតតាមទូរស័ព្ទ​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ ប្រើសេវាអ៊ីនធឺណិតតាមទូរស័ព្ទ​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ភ្នំពេញ — អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ​ដែល​មាន​ទី​ស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិកទទូច​សាជាថ្មី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​អនុក្រឹត្យ​ស្តី​ពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​ពួកគេ​ថា បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​ទទួល​បន្ទុកផ្នែក​សិទ្ធិ​មនុស្ស​ចំនួន ៣២ ស្ថាប័ន​ ចេញផ្សាយនៅ​ថ្ងៃ​ចន្ទ​នេះ។ ​

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​លោក Phil Robertson បាន​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រឹតត្បិត​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សិទ្ធិ​ឯកជនភាព​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ដ៏​ទូលំទូលាយ​ គឺ​អាច​ឃើញ​យ៉ាង ច្បាស់ និង​ត្រូវ​មាន​ការ​រារាំង​អនុក្រឹត្យ​ជា​ដាច់​ខាត»។

លោក​បាន​បន្ត​ថា៖ «លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បង្ហាញ​ការ​មិន​ទ្រាំទ្រ​ចំពោះ​ការ​រិះគន់​ពី​សាធារណមតិ​ណា​មួយ​ តាមរយៈ​ការ​បញ្ជា​ឱ្យ​មនុស្ស​ក្រោម​ឱវាទ​របស់​លោក​តាមដាន​ការ​បង្ហោះ និង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ដែល​មាន​ចរិត​លក្ខណៈ​រិះគន់​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ហើយ​ជា​ការពិត​ គឺ​លោក [ហ៊ុន សែន] ហត់​នឿយ​នឹង​ការ​បង្រ្កាប​តាម​ករណី​ដោយ​ឡែកៗ​ ដូច្នេះ​លោក​បាន​សម្រេចគ្រប់គ្រង​លើប្រព័ន្ធ [អ៊ីនធឺណិត] ទាំង​មូល​តែម្តង»។

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក​ Phil Robertson បាន​អំពាវនាវ​រដ្ឋាភិបាលនិង​ក្រុមហ៊ុន​នានា ដែល​មាន​ការ​ព្រួយបារម្ភ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឱ្យ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​អនុក្រឹត្យ​ស្តី​ពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិនៅ​កម្ពុជា​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន​ បាន​និយាយ​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​ទំនោរ​ក្នុង​ការ​បន្ទុចបង្អាក់រដ្ឋាភិបាល​កម្ពុជា ទាំង​មិនទាន់​យល់​ច្បាស់​ពី​ខ្លឹមសារ​របស់​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិនេះ​នៅ​ឡើយ។

លោក​ក៏​បាន​បញ្ជាក់​សា​ជាថ្មី​ថា គោលបំណង​នៃ​ការ​បង្កើត​អនុក្រឹត្យ​នេះ​ គឺ​ដើម្បី​ការពារ​សុវត្ថិភាព ​សន្តិសុខ​ និង​ទប់ស្កាត់​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏ដូចជា គ្រប់គ្រង​និង​កៀរគរ​ចំណូល​ជាតិ​ តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​ អនុក្រឹត្យ​ស្តី​ពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិត្រូវបាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០២១

ចាប់​តាំង​ពី​ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​នេះ​មក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ អង្គការ​គាំពារ​ផ្នែក​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត ​អ្នក​តាម​ដាន​សង្គម ​និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បង្ហាញ​មន្ទិល​និង​ក្តី​កង្វល់​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​និង​វិសាលភាព​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG