ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ទារទាម​ប្រាក់​ខែ​ពី​ថៅកែ​រោងចក្រ​ក្ស័យធន


កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ ​នៅ​ជាង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១០។
កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ ​នៅ​ជាង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១០។

យ៉ាងតិច​មាន​ក្រុមកម្មក​រកាត់ដេរ​សម្លៀកបំពាក់​ប្រមាណ​៥នាក់​បាន​ទទួល​រងរបួស​តិចតួច​នៅ​ពេល ដែល​មាន​ការប៉ះទង្គិច​គ្នា​មួយ​ឈុត​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ខណៈ​ដែល​ក្រុម​អាជ្ញាធរ​ប៉ូលីស​ប្រដាប់​ដោយ ​អាវុធ ​ខែល ​និង​ដំបង​ឆក់ ​បាន​វាយ​បំបែក​ការ​តវ៉ា​របស់​ក្រុម​កម្មករ។ នេះ​បើ​តាម​ការ​អះអាង​របស់​សាក្សី​ឃើញ​ផ្ទាល់ភ្នែក៕

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​តាកហ្វាត​ប្រមាណ​ជាង​៥០០នាក់​ បាន​បិទ​កំណាត់ផ្លូវ​ ជាតិ​លេខ២ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើក្រុង​ភ្នំពេញ ​ព្រម​ទាំង​បាន​ដុត​កង់ឡាន​ចាស់ៗ ដើម្បី​ទាមទា​រឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ទៅតាម​ច្បាប់​ការងារ។

ការបិទផ្លូវ​របស់​ក្រុម​កម្មករ​ បាន​ធ្វើឡើងរ​យៈពេល​តែ​មួយម៉ោង​តែប៉ុណ្ណោះ​ ហើយ​ក្រោមមក​ត្រូវ បាន​អាជ្ញាធរ​ប៉ូលីស​វាយ​បំបែក។ ប៉ុន្តែ​ពុំមាន​សេចក្តី​រាយការណ៍​ថា​ មាន​កម្មករ​ណាម្នាក់​ទទួល​រងរបួស​ ធ្ងន់ធ្ងរ​ទេ។

អ្នកស្រី​ ស៊ុំ សុខហេង ​អាយុ​២៨ឆ្នាំ ​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៃ​រោងចក្រ​តាកហ្វាត​បាន​និយាយ​ថា ​អ្នកស្រី​បាន​ទទួល​រង​របួស​ត្រង់​ដៃខាងស្តាំ​ នៅ​ពេល​ដែល​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលីស។ អ្នក​ស្រី​បាន​និយាយ​ដោយ​សម្តី​ខ្លាំងៗថា៖

«ពួក​វា​វាយ អត់​មាន​និយាយ​ខុស​ត្រូវ។ ពួកវា​ច្បាប់​ តែ​ច្បាប់​បំពាន​លើច្បាប់ ​ធ្វើបាប​កម្មករ។ កម្មករ​ដៃ​ទទេសោះ​ ហេតុអ្វី​វាយ​កម្មករ។ កម្មករ​មាន​កាំភ្លើង ​មាន​កំបិត​មក​ធ្វើ​ទៅ​ អាហ្នឹង​បាន​អាច​វាយបាន។ កម្មករ​ដៃ​ទទេ មក​ធ្វើអញ្ចឹង។ច្បាប់​បាន​ន័យ​ថា​ ម៉េច»។

ក្រុមកម្មករ​កាត់​ដេរសម្លៀក​បំពាក់​នៃ​រោងចក្រ​តាកហ្វាត​ បាន​តវ៉ា​ទាមទារ​អស់​រយៈពេល​ជាងពីរ​ សប្តាហ៍​មកហើយ ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រា​ក់បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​បន្ទាប់ពី​ រោងចក្រ​បាន​ប្រកាស់​ថា ក្ស័យធន​ ដោយ​មិន​បាន​ជូនដំណឹង​ដល់​ក្រុម​កម្មករ​ជាមុន។

«រោងចក្រ​បិទទ្វារ​ អត់​មាន​ជូនដំណឹង​កម្មករ​មុនទេ ​ខុសច្បាប់​ពេញ​ទំហឹង​ហើយ។ ហេតុអ្វី​គណៈកម្មការចម្រុះ​គាត់​មិនចុះ​មក​ដោះស្រាយ​កម្មករខ្ញុំ។ ម៉េច​ក៏គាត់​មិន​មើលផង។ កម្មករ​រងទុក្ខ​វេទនា»។

កម្មការីនី​មួយ​ ដែល​និយាយ​ក្នុង​ល័ក្ខខ័ណ្ឌ​សុំ​មិនបញ្ចេញ​ឈ្មោះ ​បាន​ឲ្យដឹងថា​ ការ​តវ៉ា​រយៈពេល​ជាង​ពីរ​សប្តាហ៍​មក​នេះ​ ថៅកែ​រោងចក្រ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយនៅឡើយ​ទេ។

អ្នកស្រី​បាន​និយាយ​ទៀតថា ​ក្រុមកម្មករ​បាន​ដាក់​វេន​គ្នា​យាម​នៅ​ពេល​យប់ ​ដើម្បី​ឲ្យ​ថៅកែ​ចេញ មក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បើក​ប្រាក់​បៀវត្សរ៏​ដល់​ពួក​គេ។ អ្នក​ស្រី​ថ្លែងទាំង​ទឹក​ភ្នែក​ថា៖

«យប់ៗ ខ្ញុំ​មកយាម​ ៦​ ទៅ ​៧នាក់ ទឹកភ្នែក ​ទឹក​សំបោរ​ហូត។ ហើយ​គ្មាន​រដ្ឋាភិបាល​ណា​ជួយ​ដោះ ស្រាយសោះ»។

លោក​គួច ចំរើន​ អភិបាល​ខណ្ឌមាន​ជ័យ​ ដែល​មា​នវត្តមាន​នៅពេល​ដែល​ក្រុម​កម្មករ​ធ្វើការ​តវ៉ា​ដែរ នោះ​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ចំពោះ​អ្នកយក​ព័ត៌មាន​ទេ។

លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ប្រសិន​ណា​បើ​គិត​ទៅ​តា​មអាយុកាល​នៃ​ការងារ ក្រុម​កម្មករ​ម្នាក់ៗនឹង​ទទួល​បាន​ប្រាក់​សំណ​ងជម្ងឺចិត្ត​ពី ១០០០ដុល្លារ​ រហូត​ទៅដល់​២០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​បាន​មាន​ប្រសាសន៍​ទៀតថា​ រដ្ឋាភិបាល​គួរតែ​ជំរុញ​ឲ្យ​និយោជិក​ទទួល​ខុសត្រូវ​ដល់​ក្រុម កម្មករ។ លោក ជា មុន្នី បន្ត​ថា៖

«នេះ​ជា​អំពើ​មួយ​ដែល​រដ្ឋាភិបាល​គាត់​មិន​ទទួល​ខុសត្រូវ​ ចំពោះ​សកម្មភាព​ដែល​និយោជក​ធ្វើបាប​កម្មករ ​កម្មការីនី​កេញ​ប្រវ័ញ្ញ​កម្មករ​ កម្មការីនី»។

បន្ទាប់ពី​មាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​កម្មករ​ និង​អាជ្ញាធរ​ប៉ូលីស ​គណៈកម្មការ​ចំរុះ​មួយ ​ដែលបង្កើត ឡើង​ដោយ​មាន​ការចូលរួម​ពី​តំណាង​រដ្ឋាភិបាល ​តំណាង​សហជីព ​និង​តំណាង​ក្រុម​កម្មករ​ បាន​បើក​កិច្ច ប្រជុំ​ភ្លាមៗ ​ជា​បន្ទាន់​មួយ ​ដើម្បី​បញ្ជប់​នៅ​វិវាទនេះ ។

កញ្ញា​យ៉ុង លាភ​ តំណាង​សហជីព​សេរីកម្មករ​ប្រចាំ​រោងចក្រ​តាកហ្វាត​បាន​និយាយថា​ កិច្ច​ប្រជុំ​អស់ រយៈពេល​ជាង​បីម៉ោង​កន្លង​ទៅនេះ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ។ ហើយ​នៅថ្ងៃពុធ​ស្អែក​នេះ គណៈកម្មការចម្រុះ នឹង​កោះហៅ​ថៅកែ​រោងចក្រ ​ដើម្បី​ពិភាក្សា៕

XS
SM
MD
LG