ប្រទេសកម្ពុជាកំពុងតាក់តែងច្បាប់ថ្មីមួយសម្រាប់គ្រប់គ្រងសហជីពកម្មករ។ ក្រុមមេដឹកនាំសហជីពបានហៅសេចក្តីព្រាងច្បាប់នេះថា ជាឧបករណ៍ច្បាប់សម្រាប់រារាំងសិទ្ធិសេរីភាពនៃការបង្កើតសហជីព ការចូលរួមសហជីព និងការធ្វើសកម្មភាពរបស់សហជីព។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធការអះអាងនេះដោយបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមានបំណងធ្វើឱ្យមានភាពសុខដុមនៅក្នុងសង្គម។
ក្រសួងការងារកំពុងតែតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសហជីពកម្មករដើម្បីគ្រប់គ្រងលើសហជីពជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមមេដឹកនាំសហជីពកម្មករនៅថ្ងៃអង្គារនេះបានសម្តែងការព្រួយបារម្ភអំពីការប្រើសេចក្តីព្រាងច្បាប់នេះដើម្បីប្រឆាំងនឹងសហជីពណាដែលមិនធ្វើតាមបន្ទាត់នយោបាយរបស់រដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមាន៩២មាត្រាបានចែងថា ចំពោះលក្ខខណ្ឌតម្រូវឱ្យស្នើសុំចុះបញ្ជី បញ្ជីរាយនាមនៃសមាជិកដែលបានបង់ភាគទានយ៉ាងហោចណាស់២០ភាគរយ ឬសមាជិកចំនួន២០ភាគរយដែលបានអនុញ្ញាតឱ្យកាត់ប្រាក់ឈ្នួល ដើម្បីបង់ភាគទាន។ សហជីពត្រូវរាយការណ៍ពីសកម្មភាពការងារទៅក្រសួងការងារជាទៀងទាត់ បើមិនដូច្នេះទេ ក្រសួងការងារនឹងមានសិទ្ធិព្យួរ ឬបញ្ចប់សកម្មភាពរបស់សហជីព។ សហជីពនឹងត្រូវបានរំលាយដោយសេចក្តីសម្រេចរបស់តុលាការ នៅពេលមានពាក្យបណ្តឹងពីជនពាក់ព័ន្ធទីបី ឬក្រសួងការងារ។ មេដឹកនាំសហជីព ដែលបានរកឃើញថា មានការរំលោភលើលក្ខខណ្ឌដែលបានចែងនៅក្នុងមាត្រាច្បាប់នេះនឹងត្រូវពិន័យរហូតដល់២៥០០ដុល្លារអាមេរិក និងជាប់ពន្ធនាគាររហូតដល់បីឆ្នាំ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅសណ្ឋាគារសាន់វ៉េថា ច្បាប់នេះមានការរឹតបន្តឹងយ៉ាងខ្លាំងទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព ការចូលរួមសហជីព និងការធ្វើសកម្មភាពសហជីព។
«ខ្ញុំគិតថា បើច្បាប់នេះនឹងត្រូវបានអនុម័តដោយគ្មានការបញ្ចូលអនុសាសន៍របស់សហជីពទេ សហជីពកម្មករមិនមានវត្តមាននៅកម្ពុជា នាពេលអនាគត ប៉ុន្តែមានតែសហជីពដែលគាំទ្រដោយថៅកែរោងចក្រប៉ុណ្ណោះ។ ការតវ៉ាដើម្បីដំឡើងប្រាក់ឈ្នួល ល័ក្ខខ័ណ្ឌការងារ សុខភាព និងសេរីភាពសហជីពនឹងមិនមានទៀតទេ»។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានបញ្ជាក់ថា ច្បាប់នេះនឹងបិទមាត់មេដឹកនាំសហជីព មិនស្និទ្ធនឹងរដ្ឋាភិបាល បើច្បាប់នេះមិនបានធ្វើការកែលំអរនោះ។
«មាត្រា១២ ១៩ ២០ ២១ ២៧ ២៩ ៣០ និង៣៩បានរឹតបន្តឹងសិទ្ធិសេរីភាពសហជីព ធ្ងន់ធ្ងរណាស់ ដែលផ្ទុយពីអនុសញ្ញាពលកម្មអន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា»។
លោកមឿន តុលា មន្រ្តីទទួលបន្ទុកកិច្ចការអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថាសេចក្តីព្រាងច្បាប់នេះជាប្រព័ន្ធនៃចំណងច្បាប់ ដើម្បីបង្កើតសហជីព និងបានផ្តល់អំណាចយ៉ាងធំធេងដល់ក្រសួងការងារ ក្នុងការចុះ ឬមិនចុះបញ្ជីការ។
«ក្រសួងមានសិទ្ធិបដិសេធការសុំបញ្ជីការរបស់សហជីព និងព្យួរបញ្ជីការរបស់សហជីព និងដកហូតបញ្ជីការរបស់សហជីព និងប្តឹងទៅតុលាការ ដើម្បីលុបចោលបញ្ជីការរបស់សហជីព និងគាបសង្កត់ថ្នាក់ដឹកនាំសហជីពដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ»។
លោកហួយ ហានសុង អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា សេចក្តីព្រាងច្បាប់នេះមានបំណងធ្វើឱ្យមានភាពសុខដុមនៅក្នុងសង្គម និងមិនមានបំណងគាបសង្កត់លើភាគីណាមួយទេ ហើយសេចក្តីព្រាងច្បាប់កំពុងតែដំណើរការតាក់តែងនៅក្នុងដៃរបស់ក្រសួងការងារ។
ប្រទេសកម្ពុជាមានសហជីពកម្មករចំនួន៦២។ សហជីពខ្លះមានជំហរទៅរករដ្ឋាភិបាល និងថៅកែរោងចក្រ នេះបើយោងតាមក្រុមមេដឹកនាំសហជីព៕