ក្រុមមេដឹកនាំសហជីពនិយាយថា អ្នកនយោបាយមិនគួរភ្ជាប់ខ្លួនមកលើដំណើរការចរចាប្រាក់ឈ្នួលនេះឡើយ ហើយថា កម្មករអាចរងសម្ពាធក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ចំពោះការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលដែលនៅមានតិចតួចនៅឡើយនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA ថា អ្នកនយោបាយគួរណា កុំយកខ្លួនមកជាប់ពាក់ព័ន្ធក្នុងដំណើរការចរចាប្រាក់ឈ្នួលអប្បបរមា ដោយហេតុថា ការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងដំណើរការចរចានេះ អាចជាការកេងប្រយោជន៍នយោបាយ ជាជាងការជួយកម្មករ។
«ជាទូទៅ គឺយើងមើលឃើញថា វាមិនចង់ឃើញស្ថានភាពនយោបាយ ញាំញីនៅចំពេលយើងចរចាប្រាក់ឈ្នួលហ្នឹងទេ ខ្លាចតែកម្មកររបស់យើងត្រូវបាន គេដាក់សម្ពាធទៅគាត់ ដោយសារតែរឿងនយោបាយ ធ្វើឲ្យគាត់ពិបាកនៅក្នុងការទទួលបាននូវសិទ្ធិ ដែលគាត់ត្រូវតែទទួលស្របច្បាប់»។
លោក អាត់ ធន់ និយាយថា ស្ថានភាពនយោបាយមួយចំនួន ក៏អាចហុចប្រយោជន៍ដល់កម្មករ ដូចជា ពេលវេលានៃការបោះឆ្នោតជាដើម។
«ស្ថានភាពខ្លះ វាអាចប្រសើរសម្រាប់គាត់ដែរ បើសិនជាស្ថានភាពពេលបោះឆ្នោត ពេលអីអញ្ចឹងទៅ ជួនកាលអ្នកនយោបាយគាត់តែងតែ យកចិត្តទុកដាក់ទៅលើកម្មករច្រើន អញ្ចឹងកម្មករអាចនឹងមានឱកាសដែរ»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅរស់នៅក្នុងប្រទេសបារំាង បានថ្លែងពីការគាំទ្ររបស់លោក ចំពោះការទាមទារ ដោយលោកបានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំសូមគាំទ្រ ការទាមទារ របស់សហជីព តំណាងឲ្យកម្មករនៅប្រទេសកម្ពុជា ដែលទាមទារ ឲ្យថៅកែរោងចក្រ ដំឡើងប្រាក់ឈ្នួលអប្បបរមា ពី១៤០ដុល្លារ ដល់១៨០ដុល្លារយ៉ាងតិច សម្រាប់ឆ្នាំ២០១៧ខាងមុខ»។
លោក ពន្យល់ថា ប្រាក់ខែគោល ១៤០ដុល្លារដូចសព្វថ្ងៃ មិនអាចរស់បានទេ ហើយក៏មិនអាចប្រៀបធៀប ទៅនឹងប្រាក់ខែកម្មករនៅប្រទេសជិតខាងបានដែរ ពីព្រោះទំនិញនៅប្រទេសកម្ពុជា ថ្លៃជាងនៅប្រទេសជិតខាង ឆ្ងាយណាស់។ លោកបានបន្ទោសការផ្តល់ប្រាក់ឈ្នួលទាបនេះ ថាបណ្តាលមកពីការជំរិតទារលុយក្រៅប្រព័ន្ធពន្ធដាររបស់រដ្ឋ សិទិ្ធផ្តាច់មុខក្នុងអាជីវកម្មជាច្រើនបានមកពីអំពើពុករលួយ និងការប្រើប្រាស់ប្រាក់ដុល្លារ ជាទូទៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជាសព្វថ្ងៃ។
មេបក្សប្រឆាំងដែលព្យាយាមគេចខ្លួនពីការជាប់ពន្ធនាគារ ទាក់ទិនសំណុំរឿងបរិហារកេរ្ត៍ និងការចូលមកបំភ្លឺរឿងក្តីក្តាំផ្សេងទៀតដែលត្រូវបានមហាជនយល់ថា ជាការគេចវេសផងដែរនោះ បានអះអាងថា ថៅកែរោងចក្រ អាចដំឡើងប្រាក់ខែ យ៉ាងងាយ តាមការទាមទាររបស់កម្មករ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័នសហជីពកម្ពុជា បានប្រាប់ VOA ថា អ្នកនយោបាយតែងតែចង់បានការគាំទ្រពីម្ចាស់ឆ្នោត ដែលជាហេតុធ្វើឲ្យពួកគេពេលខ្លះ ចំណាយពេលគិតដល់ស្ថានភាពរស់នៅរបស់កម្មករ។
អ្នកស្រីនិយាយបន្ថែមថា អ្នកនយោបាយត្រូវផ្តោតការយកចិត្តទុកដាក់ជួយកម្មករឲ្យពិតប្រាកដ ប្រសិនបើខ្លួនចង់ចូលរួមចំណែកក្នុងការទាមទារប្រាក់ឈ្នួល ដែលអ្នកស្រីយល់ថាមិនជាការខុសទាស់អ្វីនោះទេ។ អ្នកស្រីថា ប្រាក់ឈ្នួលដែលសហជីពបានឯកភាពគ្នាសម្រាប់ការចរចានោះ គឺជាចំនួនមួយសមស្រប ដែលភាគីនិយោជក អាចផ្តល់ជូន។
អ្នកស្រីសង្កត់ធ្ងន់ថា កម្មករនឹងសម្រេចចិត្តថា ពួកគេនឹងត្រូវធ្វើកូដកម្ម ឬយ៉ាងណា ប្រសិនបើនិយោជកមិនអាចផ្តល់ការដំឡើងប្រាក់ឈ្នួលមួយ ដែលអាចឲ្យពួកគេរស់បានប្រសើរជាងមុននោះ។
«អញ្ចឹងបើសិនណាគាត់ចាយខ្លួនឯងមិនបានហើយ ហើយមិនអាចទទួលខុសត្រូវអ្នកដែលនៅក្នុង បន្ទុកគ្រួសាររបស់គាត់បានទៀត គាត់សម្រេចចិត្តក្នុងការធ្វើកូដកម្ម ខ្ញុំខ្លួនឯង ខ្ញុំនឹងគាំទ្រគាត់»។
នៅមុនការចរចាប្រាក់ឈ្នួលអប្បបរមាបានចាប់ផ្តើម នាសប្តាហ៍មុន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានផ្ញើលិខិតប្រាប់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា ខ្លួនអាចមានលទ្ធភាពផ្តល់ជូនកម្មករនូវប្រាក់ឈ្នួលអប្បបរមា មានចំនួនត្រឹមតែ ១៤៤.២០ ដុល្លារប៉ុណ្ណោះ។
GMAC ផ្តល់ហេតុផលនៃការផ្តល់ប្រាក់ឈ្នួលនេះថា ជាការសម្រេចឡើង ដោយឈរលើសូច្ចនាករសំខាន់ៗមួយចំនួន ដែលនៅជាក្តីបារម្ភរបស់ឧស្សហកម្ម រួមមាន ការធ្លាក់ចុះនូវតម្លៃបញ្ជាទិញពីអ្នកបញ្ជាទិញ ឬម្ចាស់ម៉ាក ការធ្លាក់ចុះនូវផលិតភាពការងារ អត្រាកំណើននៃទឹកប្រាក់នាំចេញមានការធ្លាក់ចុះ ហើយនិងអត្រាកំណើននៃរោងចក្រថ្មីមានការធ្លាក់ចុះ ខណៈដែលចំនួនរោងចក្របិទមានការកើនឡើង។
ក្រោយការប្រជុំត្រីភាគីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល ដែលរៀបចំដោយក្រសួងការងារកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ VOA ថា ភាគីរដ្ឋាភិបាល បានពន្យល់ពីកំណើនផលិតភាពការងារ និងស្ថានភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ និងការប្រែប្រួលកម្រិតអតិផរណា មកពិភាក្សាលើការដំឡើងប្រាក់ឈ្នួលដល់កម្មករ។ ដំណើរការចរចា នឹងនៅបន្តទៅមុខទៀត នៅក្នុងខែកញ្ញាដដែលនេះ។
លោក អាត់ ធត់ ថ្លែងថា ការដំឡើងប្រាក់ឈ្នួលនៅដើមឆ្នាំ ២០១៤ គឺបានមកពីការតស៊ូរបស់កម្មករខ្លួនឯង ដែលបានធ្វើបាតុកម្មដាច់ដោយឡែកពីការធ្វើបាតុកម្មរបស់គណបក្សប្រឆាំង។ លោកថា ការធ្វើបាតុកម្មរបស់គណបក្សប្រឆាំង ក៏បានរួមចំណែកខ្លះលើការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករផងដែរ។
កាលពីឆ្នាំ ២០១៣ គណបក្សប្រឆាំងត្រូវគេដឹងថា បានចូលរួមពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បរមា។ ការបាតុកម្មនៅចុងឆ្នាំ ២០១៣ និងឈានដល់ដើមឆ្នាំ ២០១៤ បានបង្កឲ្យមានកម្មករមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតរងរបួស៕