អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននិងក្រុមអង្គការសិទ្ធិមនុស្ស បានបង្កើនការព្រួយកង្វល់អំពីសេចក្តីរាយការណ៍ថាប្រទេសថៃកំពុងមានផែនការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនភូមាដែលកំពុងរស់នៅជំរំនានាក្នុងប្រទេសថៃ។ ក្រុមអង្គការសិទិ្ធមនុស្សនិយាយថាជម្លោះនិងការរំលោភសិទ្ធិមនុស្សកំពុងបន្តមាននៅឡើយនៅក្នុងប្រទេសភូមានៅក្នុងតំបន់មួយដែលមានគ្រាប់មីននៅពាសពេញមកពីការប្រយុទ្ធគ្នាអស់រាប់ទសវត្សរ៍។អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានស្វាគមន៍ដោយការប្រុងប្រយ័តនូវសេចក្តីរាយការណ៍ថាថៃមានផែនការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនភូមាដែលកំពុងរស់នៅក្នុងជំរំនានាតាមបណ្តោយព្រំដែនភាគខាងលិចជាមួយប្រទេសភូមា។
ពាក្យចចាមអារ៉ាមនៃផែនការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនកើតឡើងបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្រ្តី Abhisit Vejjajiva ហើយនឹងប្រធានសន្តិសុខជាតិរបស់លោក។ បញ្ហានេះក៏បានត្រូវលើកឡើងក្នុងពេលនៃការពិភាក្សាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ Kasit Piromya និងរដ្ឋមន្រ្តីក្រសួងការបរទេសភូមា Wunna Muang Lwin ។
ប៉ុន្តែ លោកស្រីKitty McKinsey អ្នកនាំពាក្យជាន់ខ្ពស់ប្រចាំតំបន់របស់អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និយាយថាមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនភូមា ដែលកើតមានឡើងនៅពេលខាងមុខគួរតែកើតមានឡើងនៅពេលមានស្ថានភាពប្រកបដោយសុវត្ថិភាព។
«នេះជាដំណើរការដែលមានរយៈពេលវែងឆ្ងាយហើយខ្ញុំកត់សំគាល់ថាសូម្បីតែមន្រ្តីរដ្ឋាភិបាលថៃក៏មិនបានដាក់កាលបរិច្ឆេទ រយៈពេល កាលកំណត់ដែរ។ ដូច្នេះការបិទជំរំជនភៀសខ្លួនក៏ជាគោលបំណងរបស់យើងដែរ។ យើងមិនដែលនិយាយថាមនុស្សទាំងអស់នោះ គួរតែរស់នៅក្នុងប្រទេសថៃជារៀងរហូតនោះទេ។ គ្មាននរណាម្នាក់ចង់ធ្វើជាជនភៀសខ្លួនមួយជីវិតនោះទេ»។
លោកស្រី McKinsey និយាយទៀតថា ការវិលត្រឡប់របស់ជនភៀសខ្លួន គួរតែពាក់ព័ន្ធនឹងការឃ្លាំមើលពីសំណាក់អន្តរជាតិហើយនឹងធ្វើឲ្យប្រាកដប្រជាថាគ្រាប់មីនត្រូវបានបោសសំអាតហើយការវិលត្រឡប់របស់ជនភៀសខ្លួនទាំងនោះ ធ្វើឡើងដោយការស្ម័គ្រចិត្ត។
មានជនភៀសខ្លួនភូមាប្រហែល១សែន៤ម៉ឺននាក់ ភាគច្រើនជនជាតិភាគតិចការ៉ែន នៅក្នុងជំរំចំនួន៩ ។ ពួកគេបានរត់គេចខ្លួនពីជម្លោះក្នុងប្រទេសបន្ទាប់ពីការប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលកណ្តាល។ មនុស្សខ្លះ បានរស់នៅក្នុងជំរំអស់រយៈពេល២០ឆ្នាំ។
មន្រ្តីរដ្ឋាភិបាលថៃ បានធ្វើការចចារជាមួយរដ្ឋាភិបាលថ្មីនៃប្រទេសភូមាពីការបិទជំរំនេះ។ប៉ុន្តែ ក្រុមអង្គការសិទ្ធិមនុស្សនិយាយថាស្ថានភាពនៅខាងក្នុងប្រទេសភូមានៅតែមិនមានសុវត្ថិភាពនៅឡើយ។
លោក Jack Dunford នាយកប្រតិបត្តិនៃសមាគមព្រំដែនថៃនិងភូមាដែលជាអង្គការជំនួយដែលផ្តល់ការថែទាំដល់ជនភៀសខ្លួន និយាយថាការប្រយុទ្ធកំពុងបន្តមានឡើងនៅក្នុងប្រទេសភូមាហើយការធ្វើមាតុភូមិនិវត្តរបស់ជនភៀសខ្លួនអាចប្រឈមមុខពីការរំលោភសិទ្ធិមនុស្ស។
«យើងទាំងអស់គ្នាសង្ឃឹមថា ជនភៀសខ្លួនអាចធ្វើមាតុភូមិនិវត្តន៍ទៅអនាគត។ យើងទាំងអស់គ្នាចង់ឃើញការបិទជំរំទាំងនោះ។ ប៉ុន្តែ ភ័ស្តុតាងប្រាប់ឲ្យដឹងថាស្ថានភាពពិតប្រាកដក្នុងប្រទេសភូមាភាគខាងកើតមិនបានល្អប្រសើរទេ។ ជម្លោះនិងការរំលោភសិទ្ធិមនុស្សបន្តធ្វើឲ្យមានជនភៀសខ្លួនកាន់តែច្រើនឡើងនៅពេលបច្ចុប្បន្នជាជាងបង្កើតឲ្យមានស្ថានភាពដែលជនភៀសខ្លួនអាចវិលត្រឡប់ទៅមាតុភូមិវិញ»។
លោកស្រី Debbie Stothardt ជាអ្នកនាំពាក្យអង្គការសិទ្ធិមនុស្ស Alternative ASEAN Network និយាយថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលក្នុងនោះប្រទេសភូមាជាសមាជិក មានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិដើម្បីបញ្ចៀសការរំលោភសិទ្ធមនុស្ស។
«តាមការពិតគឺថាមនុស្សទាំងអស់នោះ ត្រូវគេរុញឲ្យចូលក្នុងស្ថានភាពដែលពួកគេ នឹងត្រូវរងគ្រោះដោយសារឧក្រិដ្ឋកម្មសង្គ្រាមនិងប្រឆាំងមនុស្សជាតិកាន់តែខ្លាំងឡើង។ ហើយ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសក្នុងសមាគម ASEAN ចាំបាច់យល់ថាកាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់អន្តរជាតិ។ ពួកគេកំពុងប្រើប្រាស់ការបោះឆ្នោតក្នុងប្រទេសភូមាជាលេសដើម្បីរុញច្រានមនុស្សទាំងអស់នោះឲ្យធ្លាក់ចូលក្នុងផ្លូវប្រកបដោយគ្រោះថ្នាក់ដែលជាការមិនត្រឹមត្រូវទាល់តែសោះ»។
ក្រុមអង្គការសិទ្ធិមនុស្សប្រាប់ឲ្យដឹងថារដ្ឋាភិបាលថៃ ក៏កំពុងស្ថិតនៅក្រោមការគាបសង្កត់ពីប្រទេសម្ចាស់ជំនួយខ្លះដែលនិយាយថា រដ្ឋាភិបាលជាប់ឆ្នោតថ្មីៗនេះនៅក្នុងប្រទេសភូមាកត់សម្គាល់ការផ្លាស់ប្តូរស្ថានភាពនយោបាយនៅខាងក្នុងប្រទេសភូមា ។ ប៉ុន្តែ ក្រុមអង្គការសិទ្ធិមនុស្ស និយាយថាទោះបីមានសភាជាប់ឆ្នោតរបស់ភូមាក៏ដោយ ពួកយោធានៅតែមានអំណាចដ៏ច្រើនលើសលុបហើយកំពុងធ្វើសេចក្តីសម្រេចនយោបាយពីក្រោយឆាក។
ប្រែសម្រួលដោយជឹង ប៉ូជីន