ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ព្រមាន​យូណេស្កូ​កុំ​ឱ្យ​ទៅ​ប្រាសាទ​ព្រះវិហារ​ដោយសារ​សនិ្តសុខ​មិនល្អ


កាលពីឆ្នាំ​ ២០០៩ លោក Olabiyi Babalola Joseph Yai,​ ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់UNESCOបានបំពេញទស្សនៈកិច្ចនៅប្រាសាទព្រះវិហារដើម្បីត្រួតពិនិត្យបេតិកភណ្ឌវប្បធម៍ពីភពលោកក្រោយពេលកម្ពុជានិងថែបានវាយប្រយុទ្ធគ្នាក្បែរប្រាសាទព្រះវិហារផងដែរនៅពេលនោះ។
កាលពីឆ្នាំ​ ២០០៩ លោក Olabiyi Babalola Joseph Yai,​ ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់UNESCOបានបំពេញទស្សនៈកិច្ចនៅប្រាសាទព្រះវិហារដើម្បីត្រួតពិនិត្យបេតិកភណ្ឌវប្បធម៍ពីភពលោកក្រោយពេលកម្ពុជានិងថែបានវាយប្រយុទ្ធគ្នាក្បែរប្រាសាទព្រះវិហារផងដែរនៅពេលនោះ។

រដ្ឋ​ធានី​វ៉ាស៊ីនតោន៖ ក្រសួង​ការបរទេស​ថៃ​បាន​និយាយ​ឱ្យ​ដឹង​កាលពី​ថ្ងៃពុធ​ថា​អង្គការ​យូណេស្កូ​គួរ​ស្វះស្វែង​រក​ការអនុញ្ញាត​ពី​ប្រទេស​ថៃ​ជាមុនសិន​មុនពេល​ចុះ​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ព្រមាន​ថា​តំបន់​បេតិកភណ្ឌ​នោះ​នៅមាន​ស្ថានការណ៍​តានតឹង​ផ្នែក​យោធា​នៅឡើយ។ នេះ​ជា​ការអះអាង​របស់​លោក Thani ​Thongphakdi​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​ទទួល​បាន។

លោក​បាន​បញ្ជាក់​ថា៖​«វា​អាច​ជា​រឿង​មិន​សមរម្យ​ទេ​សម្រាប់​អង្គការ​យូណេស្កូ​ក្នុងការចុះ​វាយ​តម្លៃ​អំពី​ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​នេះ​ខណៈ​ដែល​ស្ថានការណ៍ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​នៅ​មាន​ភាពតានតឹង​ ហើយ​ទស្សនកិច្ច​នេះអាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគ​ស្មាញ»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ទទួល​បាន​កាល​ពីថ្ងៃ​អង្គារ​លោក​ស្រី​ Irina ​Bokova ​អគ្គនាយិកា​អង្គការ​យូណេស្កូ​បាន​អំពាវ​នាវ​ឲ្យ​មាន​ភាពស្ងប់​ស្ងាត់​និង​បញ្ឈប់​ការវាយ​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក។​ លោកស្រី​បានបញ្ជាក់​ថា៖

«ខ្ញុំ​មាន​បំណង​បញ្ជូន​ក្រុម​បេសកកម្ម​មួយ​ក្រុម​ដើម្បី​ចុះ​ទៅ​កាន់​តំបន់

ប្រាសាទ​ព្រះវិហារ​ដ៏​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​វាយ​តម្លៃ​ប្រាសាទ​របស់​កម្ពុជា»។

លោកស្រី​ Bokova ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ជម្លោះ​យោធា​រវាង​កម្ពុជា​-ថៃ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការស្លាប់​ជាច្រើន​ហើយ​រួម​ទាំង​ការខូចខាត​ដល់​រម្មណីយដ្ឋាន​ប្រាសាទ​ផង​ដែរ។

ក៏ប៉ុន្តែ​លោក​ Thani ​Thongphakdi ​នៃ​ក្រសួង​ការបរទេស​ថៃ​វិញ​បាន​បញ្ជាក់​ថា

«ដោយសារ​តែ​អង្គការ​យូណេស្កូ​ទទួល​ខុសត្រូវ​អំពី​បញ្ហា​វប្បធម៌​ អង្គការ​យូណេស្កូ​គួរ​អនុវត្ត​កិច្ចការ​របស់​ខ្លួន​ក្នុង​ការត្រួត​ពិនិត្យ​និង​អភិរក្ស​រម្មណីយដ្ឋាន​បុរាណ​នៅពេល​ដែល​ស្ថានការណ៍​វិលត្រឡប់​ទៅក្នុង​សភាព​ធម្មតា​សិន»។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការសម្រេច​ចិត្ត​របស់​អង្គការ​យូណេស្កូ​បាន​កើត​ឡើង ក្រោយ​ពេល​ដែល​កម្ពុជា​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ជា​បន្ទាន់​ពី​អង្គការ​យូណេស្កូ​ ជាមួយ​សារលិខិត​ផ្លូវការ​ដែល​រៀបរាប់​ពី​ស្ថាន​ការណ៍​ខូចខាត​ដល់​ប្រាសាទ​ដែល​កម្ពុជា​បាន​ចោទ​ថា​ដោយសារ​គ្រឿង​សញ្វវុធ​ធុនធ្ងន់​របស់​ថៃ​កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ។

លោកផៃ​ ស៊ីផាន​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា​បាន​អះអាង កាល​ពី​ថ្ងៃច័ន្ទ​ថា​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​វត្តមាន​កង​កម្លាំង​យោធា​អ.ស.ប​ជា​អ្នកសង្កេត​ការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ការពារ​បេតិកភណ្ឌ​ពិភព​លោក​ក្រែង​កើតមាន​ការវាយ​ប្រហារ​ពី​ប្រទេស​ថៃ​ថ្ងៃ​ក្រោយ​ទៀត។

«អាស្រ័យ​ហេតុ​ដូច្នេះ​ដើម្បី​ធានា​បាន​នូវ​តម្លាភាព​ នូវ​ប្រសិទ្ធភាព​ហើយ​នឹង​ទំនុក ចិត្ត​ យើង​ត្រូវការ​អញ្ជើញ​ឲ្យ​កង​កម្លាំង​សន្តិសុខ​ផ្នែក​សង្កេត​ការណ៍​របស់ អ.ស.ប​ដែល​ជា​ទាហាន​មួយ​បាន​ចូល​មក​រួម​ជាមួយ​ការងារ​នេះ​ដើម្បី​ធានា​នូវ​សុវត្តិភាព​ប្រាសាទ​និង​ដល់​ក្រុម​ការងារ​យូណេស្កូ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ដែល​មាន​ភារកិច្ច​ដោះស្រាយ​ជម្លោះ​យោធា​និង​សន្តិសុខ​ពិភពលោក​គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃច័ន្ទ​ខាង​មុខ​ក្រោយពី​ប្រទេស​ទាំងពីរ​ កម្ពុជា​និង​ថៃ​បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ពី​ការរំលោភ​បំពាន​បូរណភាព​ទឹកដី។

ប្រទេស​ថៃ​ដែល​ទាមទារ​ការចរចា​ទ្វេរភាគី​នោះ​មិនពេញ​ចិត្ត​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ទេ​ដោយ​ទាមទារ​ឲ្យ​មាន​ការគ្រប់​គ្រង​រួម​នៅ​ទីតាំង​រម្មណីយ​ដ្ឋាន​ឬ​ដី​ក្បែរ​បរិវេណ​ប្រាសាទ​ដែល​ថៃ​ចាត់​ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន​ដែល​កម្ពុជា​ចោទ​ប្រកាន់​ថៃថា​បាន​គូស​ផែនទី​ជា​ឯកតោ​ភាគី​ក្នុង​គោល​បំណង​កាន់​កាប់​តំបន់​នោះ។​ កង​យោធា​ទាំងពី​បាន​ឈប់​វាយ​ប្រហារ​គ្នា​៣ថ្ងៃ​ហើយ​ក្រោយ​ពី​បាន​វាយ​ប្រហារ ​គ្នា​កាល​ពី​ថ្ងៃ​៤​ដល់​ថ្ងៃ​៧ កុម្ភៈ​ដោយ​សារ​ទំនាស់​ព្រំដែន។ តែ​ភាគី​ទាំងពី​នៅ​ត្រៀម​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់​រៀង​ខ្លួន៕

XS
SM
MD
LG