ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​សុំ​ឱ្យ​កម្ពុជា​យក​ចិត្ត​ទុកដាក់​បង្កើន​ជំនាញ​ដល់​ពលរដ្ឋ


ជារៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​មាន​តម្រូវការ​ការងារ​ថ្មីៗ​យ៉ាង​តិច​ចំនួន​៣០០.០០០ នាក់។
ជារៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​មាន​តម្រូវការ​ការងារ​ថ្មីៗ​យ៉ាង​តិច​ចំនួន​៣០០.០០០ នាក់។

កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ UNDP ​បាន​ព្រមាន​ឲ្យ​ប្រទេស​កម្ពុជា​ផ្តោត​ការ​យកចិត្តទុកដាក់លើ​ការកសាង​ធនធាន​មនុស្ស​ឱ្យមាន​សក្ដា​នុពល​ប្រយោជន៍​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​មួយ​នៅ​ក្នុង​ប្រទេស។

នៅ​ក្នុង​របាយការណ៍​សិក្សា​លម្អិត​មួយ​ដែល​មាន​ចំណង​ជើង​ថា​ ផល​ទាក់​ទង​នៃ​មូលធន​មនុស្សលើ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ពេល​អនាគត។ របាយការណ៍​ដែល​ត្រូវ​បានផ្សព្វផ្សាយជា​ផ្លូវការនៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​លើក​មក​បង្ហាញ​យ៉ាង​ពិស្ដារ​ពី​ភាព​ទន់ខ្សោយ​ក្នុង​ប្រព័ន្ធ​អប់រំ ​និងការអភិវឌ្ឍ​ផ្នែក​ជំនាញ​ចាំបាច់​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បង្ក​បញ្ហា​ទៅដល់​ដំណើរការកំណើនសេដ្ឋកិច្ច​ក្នុងប្រទេស។

លោកស្រី ​សូហ្វី ​បារ៉េណេ​ (Sophie Baranes) ​នាយិការង​អង្គការ​ UNDP​ ប្រចាំ​ប្រទេស​កម្ពុជា ​មានប្រសាសន៍​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ព្រឹកម៉ិញ​នេះ​ថា ​របាយការណ៍​នេះនឹងក្លាយ​ជា​សារ​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​រៀបចំ​យុទ្ធសាស្ដ្រ​របស់​ខ្លួន។

«សារ​របស់​យើង​គឺថា ​ការ​អភិវឌ្ឈ​សម្រាប់​ពេល​អនាគត​របស់​ប្រទេស​កម្ពុជា​នឹង​ពឹងផ្អែក​ជាខ្លាំង​លើការបង្កើត​ក្រុម​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ ​និង​មានសមត្ថភាព​ដែល​អាច​ជួយ​ពង្រីក​មូលដ្ឋានកំណើនសេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​ប្រទេស​ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​កម្រិត​ប្រាក់ចំណូល​មធ្យម»។

របាយការណ៍​របស់​អង្គការ​ UNDP​ បាន​រៀបរាប់​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប្រមូលផ្ដុំ​និង​ពឹងផ្អែក​តែលើវិស័យ​មួយ​ចំនួន​តូច​តែប៉ុណ្ណោះ​ដូចជា​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​វិស័យ​សំណង់​ និង​វិស័យទេសចរណ៍។ វិស័យ​ទាំងនេះ​ដែល​ពឹងផ្អែក​សំខាន់​បំផុត​លើ​ការវិនិយោគ​ពី​ក្រៅ​ប្រទេស។ ម្យ៉ាងវិញទៀត​ ការវិនិយោគ​ទាំងនេះ​មានតែ​នៅ​តាម​តំបន់​ទីក្រុង​មួយចំនួនតូច​ ជាក់ស្ដែង​ដូចជា​នៅក្នុង​រាជធានី​ភ្នំពេញ​ជាដើម។ ដោយឡែក​វិស័យ​សហគ្រាស​មាន​លក្ខណៈ​ជា​គ្រួសារតូចៗ។ របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា ​ការបញ្ចប់ឧត្តមសិក្សា​នៅ​កម្ពុជា​មាន​កម្រិត​ទាបជាងប្រទេស​នានា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាពិសេស​គឺ​ទាបជាង​ប្រទេសឡាវ ​ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន។​ បន្ថែម​ពីនោះទៀត​កម្ពុជា​មាន​ការយកចិត្តទុកដាក់​តិចតួចលើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្រោយ​ពីមាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ ព្រមជាមួយគ្នា​នេះ​មាន​ការខ្វះ​ចន្លោះ​ក្នុង​ការផ្ដល់​ព័ត៌មាន​អំពី​ការងារនិង​ជំនាញ។

អង្គការ​ UNDP​ ក៏​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ការដោះស្រាយ​ជាបន្ទាន់​ចំពោះមុខ​ដូចជា​ការដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​ ការអភិវឌ្ឍ​ផ្នែកឯកជន​ លើកកម្ពស់​ព័ត៌មាន​ផ្នែក​ទីផ្សារ​ការងារ ​ពង្រឹងអាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ ​លើក​កម្ពស់ការបណ្ដុះ​បណ្ដាល​ផ្នែក​ជំនាញ​ ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ពង្រឹង​វិស័យ​ឧត្តមសិក្សា​ ឈាន​ទៅរក​ភាពចុះ​សម្រុង​ផ្នែក​ស្តង់ដា​គុណភាព​អប់រំជាដើម។

លោក​ ហាវ​ រតនៈ​ អគ្គលេខាធិការរង​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​លើក​ឡើង​ថា​ រ​ដ្ឋាភិបាលបាន​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​សម្រាប់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​របស់​ខ្លួនពេល​ដែលប្រទេស​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។ ហើយ​ពលករ​ចំនួន​ជាង​៤០.០០០​នាក់​បានទទួល​ការបណ្ដុះ​បណ្ដាល។

លោក​ហាវ​ រតនៈ ​បាន​គាំទ្រ​របាយការណ៍​របស់​អង្គការ ​UNDP​ នោះ​ដោយ​និយាយ​ថា ​វាដល់ពេលវេលា​សម្រាប់​ការពង្រឹង​ធនធាន​មនុស្ស​ដើម្បី​ពង្រីក​វិស័យ​សេដ្ឋកិច្ច។

«ឥឡូវនេះ​គឺជា​ពេល​វេលា​យ៉ាងត្រឹមត្រូវ ​និង​គឺជា​ពេលវេលា​ដ៏មាន​សារៈសំខាន់​ដែល​មិនមែន​ត្រឹម​តែសម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្ដែ​គឺ​សម្រាប់​រយៈពេល​មធ្យម ​និង​សម្រាប់​រយៈពេល​វែង​ផងដែរដើ​ម្បី​ធ្វើឲ្យ​មានការរីកចម្រើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពចម្រុះ»។

ជារៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​មាន​តម្រូវការ​ការងារ​ថ្មីៗ​យ៉ាង​តិច​ចំនួន​៣០០.០០០ នាក់។ តម្រូវការការងារ​នេះបានជំរុញ​ឲ្យមាន​ចំណាក​ស្រុកទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទៀតផង។​ របាយការណ៍​របស់កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ UNDP ​បញ្ជាក់​ថា​ ការ​បណ្ដុះ​បណ្ដាល​មូលធន​ធនធាន​មនុស្សនៅគ្រប់​លំដាប់ថ្នាក់ ​គឺជា​ការវិនិយោគ​ជា​អាយុ​ជីវិត​សម្រាប់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG