មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនិយាយថា ប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានប្រទេសថៃ កម្ពុជា និងឡាវ កំពុងខកខានមិនបានអនុវត្តច្បាប់ដែលមានស្រាប់ដែលមានគោលបំណងប្រយុទ្ធការជួញដូរមនុស្ស។ ការសន្និដ្ឋាននេះកើតមានឡើងនៅពេលដែលបេសកជនរបស់អង្គការសហប្រជាជាតិស្តីពីការជួញដូរមនុស្សបានបញ្ចប់ការវាយតម្លៃដែលមានរយៈពេល១០ថ្ងៃ អំពីការខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីទប់ស្កាត់ការរំលោភធ្វើបាបជនចំណាកស្រុករកការងារធ្វើ។
លោកស្រី Joy Ezeilo អ្នកសរសេររបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការជួញដូរមនុស្សមានប្រសាសន៍ថា ប្រទេសនានាចាំបាច់អនុវត្តវិធីដោះស្រាយដ៏ធំទូលាយមួយដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សហើយនឹងអនុវត្តច្បាប់ដែលមានរួចហើយនៅលើក្រដាស។
លោកស្រីមានប្រសាសន៍ថា នៅក្នុងប្រទេសថៃ ពួកអាជ្ញាធរបានធ្វើឲ្យមានការជឿនលឿនគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែពួកមន្រ្តី មិនបានធ្វើឲ្យល្មមគ្រប់គ្រាន់ដើម្បីការពារជនផ្លាស់ប្តូរទីលំនៅមិនទៀតទាត់ និងកម្ចាត់អំពើពុករលួយទេ។
«យើងត្រូវការវិធីដោះស្រាយដ៏ទូលំទូលាយដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ខ្ញុំគិតថាការអនុវត្តច្បាប់ប្រាកដជាបញ្ហាចម្បងពីព្រោះអស់លោកអាចមានច្បាប់ ផែនការជាតិដ៏ល្អបំផុត ហើយជាការណ៍ពិត យើងមានវិធានការណ៍ជាច្រើនទាក់ទិនទៅនឹងការកែលម្អមនុស្សដែលត្រូវបានគេជួញដូរ ប៉ុន្តែដោយមានចន្លោះប្រហោងនៃការអនុវត្តច្បាប់ គេគួរតែកាត់ទោស ការដាក់ទោសពួកអ្នកជួញដូរមនុស្សឲ្យបានទូលំទូលាយ។»
បន្ទាប់ពីធ្វើការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីទប់ស្កាត់ការរំលោភ លោកស្រី Ezeilo មានប្រសាសន៍ថាប្រទេសនេះ នៅតែជាប្រភពជាចំណុចការឆ្លងកាត់ និងជាប្រទេសទិសដៅសម្រាប់ការជួញដូរមនុស្ស។
សេចក្តីរាយការណ៍ប្រាប់ឲ្យដឹងថា ពលរដ្ឋថៃ ត្រូវបានគេជួញដូរទៅប្រទេសចិន កោះតៃវ៉ាន់ ហុងកុង អាល្លឺម៉ង់ អ៊ីស្រាអែល ជប៉ុន អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ ថៃ ក៏ជាប្រទេសទទួលយកមនុស្សដែលត្រូវគេជួញដូរពីកម្ពុជា ភូមា ឡាវនិងវៀតណាមដែរ។
លោកស្រី Ezeilo មានប្រសាសន៍បន្តទៀតថា នៅក្នុងប្រទេសថៃ ការជួញដូរកូនក្មេងនៅក្នុងស្រុកមានកើតឡើងច្រើនដែរ រួមមានកូនចៅរបស់សហគមន៍កុលសម្ព័ន្ធភ្នំផង។
ការជួញដូរកុមារនេះធ្វើឲ្យមានពេស្យាចារកុមារ រូបអាសគ្រាមនិងទេសចរណ៍ផ្លូវភេទ។ ពួកអ្នកជួញដូរមនុស្សផ្សេងៗទៀតកំណត់យកពួកកម្មករសម្រាប់បម្រើតាមផ្ទះ ការសុំទាន ការរៀបការដោយបង្ខំ និងការពពោះជំនួសស្រ្តីដទៃ។ សេចក្តីរាយការណ៍ប្រាប់ឲ្យដឹងទៀតថាការអនុវត្តបែបនេះ កំពុងកើនឡើងក្នុងផ្នែកកសិកម្ម សំណង់និងឧស្សាហកម្មនេសាទ។
ការជួញដូរមនុស្សត្រូវគេប៉ាន់ស្មានថាមានតម្លៃរាប់លានដុល្លារបានធ្លាក់ចូលកណ្តាប់ដៃពួកឧក្រិដ្ឋជននៅពាសពេញតំបន់។
អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បានគាំទ្រកិច្ចខិតខំប្រឹងប្រែងអនុវត្តកម្មវិធីការពារកម្មករផ្លាស់ប្តូរទីលំនៅពីប្រទេសកម្ពុជា ចិន ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម។
ប៉ុន្តែ លោក Nilim Baruah ប្រធានទីប្រឹក្សាបច្ចេកទេសរបស់ការិយាល័យ (ILO)ក្នុងទីក្រុងបាងកក និយាយថា ទោះបីមានការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងតំបន់ រួមមានកម្ពុជា និងឡាវក៏ដោយ ពួកគេ ខកខានអនុវត្តច្បាប់របស់ខ្លួនឲ្យបានប្រសើរដើម្បីកម្រិតចំណាកស្រុករកការងារធ្វើ។
«ការចាត់ចែងនិងអភិបាលកិច្ចទៅលើការផ្លាស់ទីលំនៅបន្តក្លាយជាការព្រួយកង្វល់ដ៏ខ្លាំងមួយសម្រាប់រដ្ឋាភិបាលក្នុងមហាអនុតំបន់ទន្លេមេគង្គ។ ប្រសិនបើ គេក្រឡេកមើល ប្រទេសឡាវនិងកម្ពុជា បញ្ហាក៏ប្រហែលមកពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការតុបតែងហើយនឹងការអនុវត្តច្បាប់របស់ពួកគេដែរ។បើនិយាយអំពីប្រទេសឡាវ និងកម្ពុជា មានសេចក្តីត្រូវការខាងការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលនៅក្នុងរដ្ឋាភិបាលខ្លួនឯងតែម្តង។»
លោក Martin Reeve ទីប្រឹក្សាប្រចាំតំបន់របស់ការិយាល័យប្រឆាំងថ្នាំញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានយល់ស្របថាយុទ្ធសាស្រ្តដោះស្រាយដ៏ទូលំទូលាយជាការចាំបាច់ដើម្បីទប់ស្កាត់ការជួញដូរមនុស្សហួសពីក្រុមអ្នកប្រតិបត្តិច្បាប់ ហើយរួមមានផ្នែកផ្សេងៗទៀតរបស់សហគមន៍ដូចជាផ្នែកពាណិជ្ជកម្មជាដើម។
«ជាការណ៍ពិត ក្រុមអ្នកអនុវត្តច្បាប់ មិនអាចធ្វើការងារដោយខ្លួនឯងបានទេ ទាំងនយោបាយរដ្ឋាភិបាលនិងសង្គមស៊ីវិលក៏មិនអាចធ្វើបានដែរ។ ដូច្នេះ លោកអ្នកត្រូវការវិធីដោះស្រាយពហុភាគីដើម្បីដោះស្រាយបញ្ហានេះ រួមមានសហគមន៍ពាណិជ្ជកម្មផង។ សហគមន៍ពាណិជ្ជកម្ម អាចពិនិត្យមើលការប្រតិបត្តិរបស់ខ្លួន និងធ្វើឲ្យប្រាកដថាខ្លួននឹងមិនពាក់ព័ន្ធការកេងប្រយោជន៍ខាងពលកម្មនៅកាលៈទេសៈណាក៏ដោយក្នុងអំឡុងពេលនៃដំណើរការផ្តល់ពលកម្មនោះហើយនេះជាបញ្ហាសំខាន់មួយ។»
ប្រទេសថៃ បានអនុវត្តដំណើរការរៀបចំឯកសារនិងចុះបញ្ជីកម្មករផ្លាស់ប្តូរទីលំនៅជាងមួយលាននាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាគច្រើនមកពីប្រទេសភូមា កម្ពុជានិងឡាវ។ យុទ្ធនាការនាពេលថ្មីៗនេះដើម្បីចុះឈ្មោះកម្មករដែល ភាគច្រើនមកពីឧស្សាហកម្មនេសាទបានបញ្ចប់នៅខែនេះ។ សេចក្តីរាយការណ៍ដ៏ពេញលេញរបស់លោកស្រី Ezeilo អ្នកសរសេររបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិត្រូវគេរំពឹងនឹងដាក់ជូនអង្គការសហប្រជាជាតិនៅពាក់កណ្តាលឆ្នាំ១០១២៕
ប្រែសម្រួលដោយជឹង ប៉ូជីន