ស្រ្តីមកពីក្រុមជនជាតិភាគតិច ជាញឹកញយគឺជាជនរងគ្រោះនៃការចាប់រំលោភនិងទារុណកម្ម និងជាទិសដៅដ៏ពិតប្រាកដនៃអំពើទាំងនេះ ដោយសារតែជាតិពិន្ធុនិងសាសនារបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍មួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃពុធ ទី៦ ខែកក្កដា។ ស្រ្តីក៏ជាការផ្តោតការយកចិត្តទុកដាក់ផងដែរ នៃរបាយការណ៍មួយផ្សេងទៀត ដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៦ ខែកក្កដាដែរ។ អង្គការសិទ្ធិមនុស្សមួយនិយាយថា ស្រ្តីត្រូវតែជាការផ្តោតការយកចិត្តទុកដាក់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅ នៅជុំវិញពិភពលោក។
ម៉ក ឡាតទីមឺ (Mark Lattimer) ដឹកនាំអង្គការសិទ្ធិជនជាតិភាគតិចអន្តរជាតិ (Minority Rights Group International)។
លោកបានប្រាប់វីអូអេថា ស្រ្តីជនជាតិភាគតិចអាចទទួលរងគ្រោះដោយអំពើហឹង្សាលើរូបរាងកាយ (បាន)ងាយជាងគេបំផុត។
«អ្វីដែលធ្វើឱ្យខ្ញុំមានការរន្ធត់ផ្ទាល់ខ្លួននោះគឺថា សម្រាប់ស្រ្តីមកពីក្រុមជនជាតិភាគតិច ការរើសអើងមានទម្រង់ជាអំពើហឹង្សាលើរូបរាងកាយជាក់ស្តែង។ នៅក្នុងប្រទេសទាំងឡាយនៅជុំវិញពិភពលោក ស្រ្តីជនជាតិភាគតិចគឺជាទិសដៅនៃការចាប់រំលោភ និងទម្រង់នៃអំពើហឹង្សាផ្សេងៗទៀត ដោយសារហេតុផលសាមញ្ញនៃជាតិពន្ធុនិងសាសនារបស់ពួកគេ»។
អង្គការសិទ្ធិជនជាតិភាគតិច បានយកស្រ្តីទាំងនោះធ្វើជាចំណុចនៃការផ្តោតការយកចិត្តទុកដាក់ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ពួកគេ នៅថ្ងៃពុធ ទី៦ ខែកក្កដា។
លោក ឡាតទីមឺ (Lattimer) និយាយថា នៅក្នុងតំបន់មានជម្លោះ បញ្ហានេះមានភាពធ្ងន់ធ្ងរ។ របាយការណ៍បានគូសបញ្ជាក់ប្រទេស អ៊ីរ៉ាក់ ដោយនិយាយថា នៅទីនោះ ស្រ្តីអ្នកកាន់សាសនាគ្រិស្តនិងស្រ្តីជនជាតិភាគតិចផ្សេងទៀត ត្រូវបានបង្ខំឱ្យពាក់ក្រម៉ាលើក្បាល ដើម្បីការពារប្រឆាំងទល់នឹងការវាយប្រហារប្រកបដោយអំពើហឹង្សា។ នៅក្នុងប្រទេស សូម៉ាលី (Somali) របាយការណ៍និយាយថា ស្រ្តីជនជាតិ បានទូ (Bantu) និងស្រ្តីជនជាតិភាគតិចផ្សេងៗទៀត ទទួលរងការឈឺចាប់ពីការចាប់រំលោភ និងការវាយប្រហារពីជនដៃដល់ ដោយគ្មានទោសពៃ។
របាយការណ៍និយាយថា ការចាប់រំលោភគឺជាអាវុធមួយនៃសង្រ្គាម ហើយស្រ្តីជនជាតិភាគតិចអាចទទួលរងគ្រោះយ៉ាងងាយបំផុត ដោយសារតែជាញឹកញយ ពួកគេមានឋានៈទាបផ្នែកសង្គមនិងសេដ្ឋកិច្ច។
លោក ឡាតទីមឺ (Lattimer) និយាយថា ស្រ្តីជនជាតិភាគតិចក៏ទទួលរងការឈឺចាប់ផងដែរ នៅក្នុងកំឡុងពេលមានសន្តិភាព។ លោកនិយាយថា វាគឺជារឿងសំខាន់ណាស់ដែលសិទ្ធិរបស់ពួកគេមិនត្រូវបានបំភ្លេចចោល។
«យើងបានទទួលការជឿនលឿនច្រើននៅក្នុងកំឡុងពេល១០ទៅ២០ឆ្នាំកន្លងមកនេះ នៅក្នុងការយល់ដឹងអំពីការចាំបាច់ ក្នុងការផ្តោតការយកចិត្តទុកដាក់ទៅលើការការពារសិទ្ធិរបស់ស្រ្តី នៅជុំវិញពិភពលោក។ ខ្ញុំគិតថា ទំហំនៃការរំលោភសិទ្ធិរបស់ស្រ្តី បានធ្វើឱ្យមនុស្សជាច្រើនមានការរន្ធត់ចិត្ត។ ប៉ុន្តែ ខ្ញុំគិតថា អ្នកទាំងឡាយដែលផ្តោតការយកចិត្តទុកដាក់ទៅលើសិទ្ធិរបស់ស្រ្តី ត្រូវតែយល់ថា ស្រ្តីមិនមែនដូចគ្នាទាំងអស់ទេ ហើយថាក្រុមស្រ្តីពិសេសខ្លះ អាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងជាងក្រុមផ្សេងទៀត»។
របាយការណ៍ស្តីអំពីស្រ្តីជនជាតិភាគតិច ត្រូវបានចេញផ្សាយនៅថ្ងៃជាមួយគ្នា ដែលទីភ្នាក់ងារស្រ្តីរបស់អង្គការសហប្រជាជាតិ ដែលទើបបង្កើតថ្មី បានចេញផ្សាយរបាយការណ៍ជាលើកដំបូងរបស់ខ្លួនដែរ។
ស្រ្តីជនជាតិភាគតិចគឺជាការផ្តោតការយកចិត្តទុកដាក់ របស់យុទ្ធនាការដ៏ទូលំទូលាយមួយ ដើម្បីដាក់បញ្ហាស្រ្តីឲ្យនៅមុខគេក្នុងរបៀបវារៈសាកលលោក។
របាយការណ៍នេះពិនិត្យមើលបញ្ហាមួយចំនួននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលរួមមានអំពើហឹង្សា អំណាចនយោបាយនិងសេដ្ឋកិច្ច និងការការពារតាមផ្លូវច្បាប់។ របាយការណ៍នេះបានសួរថា តើស្រ្តី តាមពិតទៅ មានសិទ្ធិអ្វីខ្លះ។
លោក ចន ហែនដ្រា (John Hendra) គឺជាជំនួយការរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហារបស់ស្រ្តី។ លោកស្ថិតនៅក្នុងទីក្រុង ឡុងដ៍ សម្រាប់ព្រឹត្តិការណ៍នៃការចេញផ្សាយរបាយការណ៍នេះ ហើយបាននិយាយជាមួយវីអូអេ។
«មានភស្តុតាងជាច្រើនដែលថា ដើម្បីទទួលបាននូវគោលដៅនៃការអភិវឌ្ឍន៍ជាសាកលពិតប្រាកដ លទ្ធផលដ៏ច្រើនអស្ចារ្យបំផុត គឺការផ្តល់អំណាចទៅឱ្យស្រ្តី ដោយធានាឲ្យស្រ្តីនិងក្មេងស្រីមានលទ្ធភាពស្មើគ្នា ក្នុងការទទួលបានការអប់រំ សេវាជាមូលដ្ឋាន ការថែទាំសុខភាព និងការធ្វើសេចក្តីសម្រេចចិត្ត»។
របាយការណ៍និយាយថា ជាទូទៅ មានដំណឹងល្អផងនិងដំណឹងអាក្រក់ផង។
ខាងផ្នែកនយោបាយ នៅក្នុងប្រទេសមួយចំនួន ស្រ្តីបាននាំមុខគេ។ ឧទាហរណ៍ នៅក្នុងប្រទេស រ្វ៉ាន់ដា (Rwanda) ៥១ភាគរយនៃសមាជិកសភាគឺជាស្រ្តី។ ប៉ុន្តែ ជាលក្ខណៈសាកល មានស្រ្តីតែមួយភាគប្រាំប៉ុណ្ណោះ ដែលជាសមាជិកសភា។
នៅក្នុងប្រទេសចំនួន១៧៣ ស្រ្តីមានការធានាការទទួលបានប្រាក់បៀវត្សរ៍ សម្រាប់ការសម្រាកមាតុភាព ប៉ុន្តែ ករណីនេះមិនកើតឡើងនៅគ្រប់ទីកន្លែងនោះទេ ឧទាហរណ៍ ដូចជានៅសហរដ្ឋអាមេរិក។
ការរំលោភប្រពន្ធដែលរៀបការរួចហើយត្រូវបានដាក់ឱ្យមានទោសឧក្រិដ្ឋ នៅក្នុងប្រទេសចំនួន៥២។ ប៉ុន្តែ ស្រ្តីចំនួន២ពាន់៦រយលាននាក់ រស់នៅក្នុងប្រទេស ដែលការរំលោភបែបនេះមានលក្ខណៈស្របច្បាប់។
លោក ហែនដ្រា (Hendra) និយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង ដើម្បីនាំយកព័ត៌មានទាំងនេះឱ្យមកនៅក្រោមដំបូលតែមួយ ដើម្បីឲ្យរដ្ឋាភិបាលនិងអង្គការនានា អាចបញ្ជូនថាមពលនិងធនធានទាំងឡាយ ទៅកាន់កន្លែងដែលពួកគេត្រូវការបំផុត។
«យើងមិនមានធនធានច្រើនទេ ប៉ុន្តែ តួនាទីរបស់យើងភាគច្រើនគឺការព្យាយាមនាំយកវិធីសាស្រ្តឯកទេសជាក់លាក់ជាងមុន មកប្រើក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ»។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គម្លាតប្រាក់ឈ្នួលនៃយែនឌ័ររវាងស្រ្តីនិងបុរស គឺ២០ភាគរយនៅក្នុងឆ្នាំ២០១០។ លោក ហែនដ្រា (Hendra) មានប្រសាសន៍ថា ការផ្តល់ឱ្យស្រ្តីមានភាពស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច គឺជាគន្លិះមួយឆ្ពោះទៅកាន់សិទ្ធិរបស់ស្រ្តី៕
ប្រែសម្រួលដោយ ឌី ខាំបូលី