ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំ​ពាក្យ​ពិសេស​អ​.ស.ប.​ប្រមូល​ព័ត៌មាន​បឋម​ស្តីពី​សិទ្ធិ​មនុស្ស​នៅភូមា


បាងកក៖ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ភូមា​ បាន​ជួប​ជាមួយ​នឹង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​និង​អតីត​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ថៃ។

ទស្សន​កិច្ច​របស់​លោក​Tomas​ Quintana​ ​រយៈ​ពេល​បួន​ថ្ងៃ ​គឺរួម​មាន​ដំណើរ​ទៅ​កាន់​ Mae Sot​ តំបន់​នៅ​ព្រំដែន​ថៃ ​និង​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ឈៀងម៉ៃ ​ជាទី​ដែល​លោក​ជួប​ជាមួយ​នឹង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ភូមា។

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ពិពណ៌នា​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ថា​ ​ជា​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​មួយ។ ​ប្រភព​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ដឹង​ថា​ ​លោក​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

នៅ​ឯ ​Mae Sot ​ជា​ទី​ដែល​ជន​ភៀស​ខ្លួន ​និង​ជន​និរទេស​ភូមា​រាប់​ពាន់​នាក់​រស់​នៅ​នោះ​ ​លោក​ Quintana​ បាន​ជួប​ជាមួយ​នឹងសមាគមជំនួយ​ដើម្បី​អ្នក​ទោស​នយោបាយ​នៅ​ភូមា។ ​លោកBo Kyi​ គឺជា​សហ​លេខាធិការ​នៃ​សមាគម​នេះ។

«មូល​ហេតុ​ដែល​លោក​មក​ធ្វើ​ទស្សន​កិច្ច​នៅ​ព្រំ​ប្រទល់​ភូមា ថៃ​ ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ស្តី​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ភូមា។ ​ដូច្នេះ​នៅ​ក្នុងដំណើរ​ទស្សន​កិច្ច​របស់​លោក​ ​គឺយើង​បាន​ពិភាក្សា​អំពី​ការ​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​ភូមា ​និងការ​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​ពន្ធនាគារ​ ​ប្រព័ន្ធ​តុលាការ​នៅ​ភូមា​ ​ការ​ថែទាំ​សុខភាព​ និង​ការ​ផ្តល់​ឱសថ​ដល់​អ្នកទោស​នយោបាយ ​និង​អ្នក​ទោស​ទូទៅ។​ នេះគឺ​ជា​អ្វី​ដែល​លោក​បានពិ​ភាក្សា»។

លោក​ Bo Kyi​ មាន​ប្រសាសន៍​ថា​ ​លោក ​Quintana​ បាន​បង្ហាញ​នូវ​ភាព​តាន​តឹង​ក្នុង​ចិត្ត​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ភូមា។ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ ​រដ្ឋា​ភិបាល​យោធា​ភូមា​បាន​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​ជាង​២.០០០​នាក់​ ​រួម​ទាំង​ជ័យ​លាភី​រង្វាន់​ណូបែល​ ​Ang San Suu Kyi​ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

ក្រុម​ផ្សេង​ទៀត​ដែល​ វីអូអេ ​បាន​ទាក់​ទង​នទៅ​គឺ ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បក​ស្រាយលម្អិត​អំពី​ការ​ពិភាក្សា​ដែល​គេ​បាន​ធ្វើ​ជាមួយ​នឹង​លោកQuintana។ ​លោក​មិន​បាន​ជួប​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេលលោក​ធ្វើ​ទស្សន​កិច្ច​នោះ​ទេ។

លោក​ស្រី​ ​Debbie Stothardt​ អ្នក​នាំពាក្យ​បណ្តាញ​អាស៊ាន​ជម្រើស ​(Alternative ASEAN Network) មាន​ប្រសាសន៍ថា​ ​លោកQuintana ​បាន​ស្វែង​យល់​អំពី​ព័ត៌មាន​បឋម​អំពី​ស្ថាន​ភាព​ដែល​ជន​ភាស​ខ្លួន​ភូមា​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ជួប​ប្រទះ។

«វាគឺជា​វិធាន​នយោបាយ​សមរម្យ​បំផុត​មួយ​សម្រាប់​លោក​គ្ Quintana ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំ​ដែន​ និង​ទៅ​ឃើញ​ដោយ​ផ្ទាល់​នូវ​ផល​វិបាក​រយៈពេល​វែង​មួយ​ចំនួន​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ដោយ​រដ្ឋា​ភិបាល​ភូមា។ ​យ៉ាង​ហោច​ណាស់​ ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ ​គាត់​មាន​ឱកាស​មើល​ឃើញ​ដោយ​ផ្ទាល់​នូវផល​ប៉ះពាល់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​របប​នេះ​មាន​អ្វី​ខ្លះ»។

លោក​ Quintana ​បាន​ស្វះស្វែង​ធ្វើ​ដំណើរ​ជា​លើក​ទី​បួន​ទៅ​កាន់​ប្រទេស​ភូមា​ ​ប៉ុន្តែ​សកម្មជន​និយាយ​ថា​ ​រដ្ឋា​ភិបាល​ភូមា​មិន​ផ្តល់​ទិដ្ឋាការ​ដល់​លោក​ទេ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​ ​នោះ​ប្រហែល​ជា​ផល​វិបាក​ដែល​កើត​ពី​សេចក្តី​អំពាវនាវ​របស់​លោក​Quintana ឲ្យ​មាន​គណៈ​កម្មការ​មួយ​ ដើម្បី​ស៊ើប​សួរ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋា​ភិបាល​ភូមា​ ដែល​ត្រូវបាន​ស្គាល់​ថា​ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ និង​សន្តិភាព​រដ្ឋ​ ឬ ​SPDC។

យោធា​ឲ្យ​ដឹង​ថា​ ​ខ្លួន​នឹង​រៀប​ចំការ​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ​ ​ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ។ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​នេះ​ គឺ​ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល២០​ឆ្នាំ​ ​ហើយ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​នឹងធ្វើ​ឲ្យ​ឥទ្ធិពលយោធា​បន្ត​ចាក់​ឫស។

សកម្ម​ជនភូមា​និយាយ​ថា លោក​ Quintana​ ត្រូវបាន​រំពឹង​ថា​ ​នឹង​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តី​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​នៅ​ចុង​ឆ្នាំ​នេះ៕

ប្រែសម្រួដោយលោកអ៊ឹម សុធារិទ្ធ

XS
SM
MD
LG