ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើររើបឡើងវិញនៃ​សេដ្ឋកិច្ច​អាស៊ី​​មិន​ទាន់​រឹង​មាំ


មនុស្សដណ្តើមគ្នា​ទិញ​ខ្ទឹម​ក្រហម​ដែល​លក់​ក្នុង​តម្លៃ​ថោក​ដោយ​​គណបក្ស​នយោបាយ​មួយ ដែលជា​សញ្ញា​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារនៅក្នុង​ទី​ក្រុង​ ម៉ុមបៃ ប្រទេសឥណ្ឌា នៅ​ថ្ងៃ​ទី​៩​ខែ​មករា​ ឆ្នាំ​២០១១។
មនុស្សដណ្តើមគ្នា​ទិញ​ខ្ទឹម​ក្រហម​ដែល​លក់​ក្នុង​តម្លៃ​ថោក​ដោយ​​គណបក្ស​នយោបាយ​មួយ ដែលជា​សញ្ញា​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារនៅក្នុង​ទី​ក្រុង​ ម៉ុមបៃ ប្រទេសឥណ្ឌា នៅ​ថ្ងៃ​ទី​៩​ខែ​មករា​ ឆ្នាំ​២០១១។

គណកម្មការ​សង្គម​និង​សេដ្ឋកិច្ច​របស់​អសប​ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ព្រមាន​ថា​ដំណើរ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​មិនទាន់​រឹងមាំ​នៅឡើយ​ ដោយ​សារ​ ភាព​មិន​ពិត​ប្រាកដ​នៃ​តម្លៃ​ម្ហូបអាហារ​និង​ប្រេង​ដែល​ឡើង​ខ្លាំង។​ លោកស្រី​ Noeleen Heyzer​ អគ្គលេខាធិការ​នៃ​តំបន់​របស់​អសប​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​យកចិត្ត​ទុកដាក់​ទៅលើ​សេចក្តី​ត្រូវការ​ របស់​ក្រុម​អ្នក​មាន​ប្រាក់​ចំណូល​ទាប​ ព្រោះ​តម្លៃ​ម្ហូប​ឡើង​ថ្លៃ​ខ្លាំង​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ។

លោកស្រី​ Noeleen Heyzer​ អគ្គលេខាធិការ​របស់​ អសប​ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ព្រមាន​អំពី​អតិផរណា​ដែល​កើន​ឡើង​ខ្លាំង​នៅ​ពាសពេញ​អាស៊ី​ បាន​នាំ​ឲ្យ​មនុស្ស​ច្រើន​ជាង​៤០​លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​ នៅ​ឆ្នាំនេះ​ ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ជាស្រេច​ទៅហើយ។

នៅ​ពាសពេញ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ មនុស្ស​ច្រើន​ជាង​៦០០​លាន​នាក់​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ ដោយ​មាន​ប្រាក់ចំណូល​តិចជាង​មួយ​ដុល្លារ​២៥សេន​ក្នុង​មួយ​ថ្ងៃ។

តម្លៃ​ម្ហូប​អាហារ​និង​ប្រេង​ឡើង​ខ្ពស់ខ្លាំង​ នឹង​ដំណើរ​ទង្គិចទង្គើ​ខាងក្រៅ​ដទៃ​ទៀតដូចជា​ការ​ហូរ​ចូល​ធនធាន​ដ៏​ជ្រួលច្រាល​ ពីទី​កន្លែង​មិន​ជាក់លាក់​នៅ​ក្នុង​មជ្ឈិមបូព៌ា​ប្រទេស​នោះ​ កំពុង​ធ្វើ​ឲ្យ​ទន់ខ្សោយ​ដល់​ទំនុកចិត្ត​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

«ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅ​ផុយស្រួយ​និង​រដិបរដុប​ណាស់​ ហើយ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ ​គឺ​ត្រូវ​ឲ្យ​ប្រាកដ​ថា​ យើង​អភិវឌ្ឍ​យុទ្ធសាស្ត្រ​មួយ​ ទៅលើ​ថាតើ​យើង​ទ្រទ្រង់​ការរើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ដោយ​វិធីណា​ ដើម្បី​ធានាថា​ការរើប​ឡើងវិញ​នោះ​មាន​នៅ​ក្នុង​គ្រប់​វិស័យ»។

ការព្រមាន​របស់​លោកស្រី​ Heyzer​ មកដល់​ចំ​ពេល​ដែល​សេចក្តីរាយការណ៍​ទាំងឡាយ​ ដោយ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អសប​ និង​ធនាគារ​ពិភពលោក​ និយាយ​អំពី​តម្លៃ​ម្ហូប​សាកល​ឡើងថ្លៃ​ ជាមួយ​នឹង​ការរំពឹង​ថា​ធញ្ញជាតិ​ក្នុង​ពិភពលោក ​នឹង​ចុះថយ​ចំនួន​យ៉ាង​ខ្លាំង នៅ​ក្នុង​ឆ្នាំនេះ។​ លោកស្រី​មានប្រសាសន៍​ថា​ តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ត្រូវការ​ប្រុងប្រៀប​សម្រាប់​ផលប៉ះពាល់​ថ្មី​ទៅលើ​សេដ្ឋកិច្ច។

«ការ​ឡើងថ្លៃ​ម្ហូបអាហារ​និង​ប្រេង​ និង​បញ្ហា​ហិរញ្ញវត្ថុ​ ព្រមទាំង​ការបះបោរ​នៅ​មជ្ឈិម​បូព៌ា​នាំ​ឲ្យ​កម្មករ​ចំណាកស្រុក​ជាច្រើន​ត្រូវគេ​បញ្ជូន​ត្រឡប់​ទៅស្រុក​វិញ។​ ពួកគេ​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​ ហើយ​គ្រួសារ​ពឹងពាក់​លើ​ប្រាក់ខែ​ផ្ញើ​ទៅ​ឲ្យ។​ ដូច្នេះ​មនុស្ស​ជាច្រើន​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ»។

អង្គការ​ទេសន្តរ​ប្រវេសន៍​ឲ្យ​ដឹងថា​ ចាប់តាំង​ពីថ្ងៃ​ទី​២០​ខែកុម្ភៈ​មក​ជន​ចំណាក​ស្រុកជាង​២១​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​តំបន់​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​លីប៊ី​ភាគច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​ជនជាតិ​បង់ក្លាដេស្ហ។

លោកស្រី​ Heyzer​មាន​ប្រសាសន៍ថា​ ទៅ​ជាមួយ​នឹង​អតិផរណា​ គេ​ឃើញ​តម្លៃ​ផ្ទះសម្បែង​ឡើងថ្លៃ​យ៉ាងខ្លាំង​ ដោយសារ​តែ​ប្រាក់​ហូរចូល​ ពី​មជ្ឈិមបូព៌ា​ប្រទេស។​ នៅ​ក្នុង​ទីផ្សារ​ទាំងឡាយ​ដូចជា​ប្រទេស​ចិន​និង​ថៃ​ រដ្ឋាភិបាល​បាន​ទប់​ការ​ឲ្យ​ខ្ចីប្រាក់​ និង​តម្លើង​ការប្រាក់​ នៅ​ក្នុង​ការ​ប៉ុនប៉ង​បន្ថយ​ការ​ឡើងថ្លៃ​ទំនិញ​នៅ​ក្នុង​តំបន់​ ដូចជា​ទី​ផ្សារ​ផ្ទះសម្បែង​ជាដើម។

លោកស្រី​និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​ការ​ធានា​ថា​ ការរើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ជាច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​អំពាវនាវ​រដ្ឋាភិបាល​ទាំងឡាយ​ឲ្យ​ធ្វើការ​ថ្លឹងថ្លែង​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ ជាមួយនឹង​គម្រោង​ទាំងឡាយ​ដែល​រៀបចំ​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោកស្រី​និយាយ​ថា​ រដ្ឋាភិបាល​ចាំបាច់​ផ្តល់​ការ​យកចិត្ត​ទុកដាក់​លើ​សេចក្តី​ត្រូវការ​នៃ​ក្រុម​អ្នក​មាន​ប្រាក់​ចំណូលទាប​ និង​តម្លើង​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​សង្គម ​ដូចជា​វិស័យ​សុខភាព​ជាដើម។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG