មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមាររាយការណ៍ថា កុមារប្រមាណកន្លះលាននាក់នៅក្នុងតំបន់ស្នែងនៃទ្វីបអាហ្វ្រិកអាចស្លាប់ដោយសារតែគ្មានអាហារបរិភោគគ្រប់គ្រាន់។ ទីភ្នាក់ងារនេះបញ្ជាក់ថា កុមារ១លាន៧សែននាក់ទៀតក៏អាចមានគ្រោះថ្នាក់បែបនេះដែរ។ មន្ត្រីជាន់ខ្ពស់ពីររូបនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលទើបវិលត្រទ្បប់មកពីប្រទេសអេត្យូពី (Ethiopia) និងកេនយ៉ា (Kenya) បានបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលជនរងគ្រោះរាប់លាននាក់ ជាពិសេសកុមារ ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត។ ក្រុមមន្ត្រីអង្គការសហប្រជាជាតិបានទស្សនាជំរុំជនភៀសខ្លួននៅតំបន់ដូឡូអាបូ (Dollo Abo) ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអេត្យូពី និងនៅតំបន់ដាដាប (Dadaab) នៃប្រទេសកេនយ៉ា ដែលជាជំរុំជនភៀសខ្លួនធំបំផុតនិងមានមនុស្សកកកុញបំផុតនៅក្នុងពិភពលោក។ លោក ផូល ស្ពីហ្គេល (Paul Spiegel) នាយកផ្នែកសុខភាពសាធារណៈនៃស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា លោកមានភាពរន្ធត់ចិត្តដោយសារតែស្ថានការណ៍ដ៏ធ្ងន់ធ្ងរនៅតំបន់ដូឡូ។
លោកថ្លែងថា លោកតក់ស្លុតចំពោះអត្រាមនុស្សស្លាប់ជាច្រើន កាលពីខែមិថុនា។ លោកបានបញ្ជាក់ថា “មានការស្លាប់មនុស្ស៧,៤នាក់ក្នុងចំណោមមនុស្សចំនួន១ម៉ឺននាក់ក្នុងមួយថ្ងៃ។ កម្រិតមូលដ្ឋានសម្រាប់តំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រ៊ិកគឺមានចំនួន០,៥នាក់ប៉ុណ្ណោះ។ ភាពអាសន្នបានត្រូវប្រកាសជាទូទៅនៅក្នុងកម្រិតច្រើនជាងការស្លាប់មនុស្សម្នាក់ៗ។ ដូច្នេះ ចំនួននេះមាន១៥ដងច្រើនជាងកម្រិតមូលដ្ឋាន ហើយចំនួនច្រើនបំផុតនៃការស្លាប់កើតឡើងក្នុងចំណោមកុមារអាយុតិចជាង៥ឆ្នាំ។ អត្រានៃការខ្វះខាតម្ហូបអាហារ ដែលជាបុព្វហេតុចម្បងមួយចំពោះការស្លាប់នេះ ក៏មានកម្រិតខ្ពស់ដែរ»។
ទិន្នន័យរបស់អង្គការគ្រូពេទ្យគ្មានព្រំដែនបង្ហាញថា អត្រានៃការខ្វះខាតម្ហូបអាហារយ៉ាងធ្ងន់ធ្ងរកាលពីខែមិថុនានៅក្នុងជំរុំទាំងនេះ មានចំនួនជាង៥០ភាគរយ ហើយអត្រាខ្វះខាតម្ហូបអាហាយ៉ាងធ្ងន់ធ្ងរដែលអាចនាំឱ្យស្លាប់គឺមានចំនួន២៦,៨ភាគរយ។ លោកស្ពីហ្គេល បានថ្លែងថា ការរកឃើញទាំងនេះបានត្រូវចាត់ទុកថាមានកម្រិតខ្ពស់ ហើយមិនសូវមានពីពេលមុនទេ។ លោកកត់សម្គាល់ថា អត្រានៃការខ្វះខាតម្ហូបអាហារដ៏ធ្ងន់ធ្ងរក្នុងខែកក្កដា ហាក់ដូចជាថយចុះដែលជាសញ្ញាដ៏ល្អ។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្សជាង១០លាននាក់នៅក្នុងតំបន់ស្នែងនៃទ្វីបអាហ្វ្រ៊ិកទទួលរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត។ ស្ថានភាពនេះមានភាពធ្ងន់ធ្ងរ ជាពិសេសនៅក្នុងប្រទេសសូម៉ាលី ដែលបានបណ្តាលឱ្យជនភៀសខ្លួនថ្មីៗរាប់ពាន់នាក់ចាកចេញពីគ្រោះរាំងស្ងួតនិងអំពើហិង្សា៕
ប្រែសម្រួលដោយ ឈឹមសុមេធ