ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពាន (Working Group on Arbitrary Detention)នៅដើមសប្តាហ៍នេះបានបញ្ចេញសេចក្តីវិភាគខាងច្បាប់មួយដែលបង្ហាញថា អតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី(RFA)គ្មានទោស ហើយពួកគេទាំងពីរនាក់គួរទទួលបានសេរីភាពពេញលេញ និងលទ្ធភាពទទួលបានសំណង។ នេះបើយោងតាមសេចក្តីប្រកាសមួយដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ(អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
អតីតអ្នកយកព័ត៌មានទាំងពីរ គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិនត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧ពីបទផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ប្រសិនបើត្រូវបានរកឃើញថា មានទោសមែននោះ អ្នកទាំងពីរអាចត្រូវជាប់ពន្ធនាគារពី ៧ដល់១៥ឆ្នាំ។
សេចក្តីពន្យល់នៅលើគណនីហ្វេសប៊ុករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកឡើងពីការយល់ឃើញរបស់ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនអ្នកទាំងពីរ។
ក្រុមការងារបានផ្តល់ហេតុផលថា ការឃុំខ្លួនពួកគេគឺជាការឃុំខ្លួនដោយបំពាន ដោយសារមិនមានមូលដ្ឋានច្បាប់ណាមួយអាចយកមកប្រើប្រាស់ដើម្បី ធ្វើយុត្តិកម្មដកហូតសេរីភាពរបស់ពួកគេឡើយ ហើយការឃុំខ្លួនពួកគេកើតចេញពីការអនុវត្តសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិដោយសន្តិវិធី។ ការឃុំខ្លួននេះ ជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិទទួលបានសវនាការប្រកបដោយយុត្តិធម៌របស់ពួកគេ។
ក្រុមការងារដដែលបានផ្តល់ការកត់សម្គាល់ថា អតីតអ្នកកាសែតទាំងពីររបស់វិទ្យុអាស៊ីសេរីត្រូវបានដាក់ឲ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ ដោយត្រូវបានឃុំខ្លួនរយៈពេលប្រាំបួនខែ និងប្រាំពីរថ្ងៃដោយគ្មានសវនាការ។
ក្រុមការងារនេះក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា «ដោះលែងអ្នកទាំងពីរដោយគ្មានលក្ខខណ្ឌ ផ្តល់សិទ្ធិឱ្យពួកគេទាមទារសំណង និងការជួសជុលសំណង កែប្រែមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ (បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ)ដើម្បីធ្វើឱ្យមាត្រា៤៤៥នេះស្របនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន»។
ឯកសារបន្ថែមរបស់ក្រុមការងារអង្គការសហប្រជាជាតិបានបញ្ជាក់ឲ្យដឹងថា បទចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតទាំងពីរគឺជាការប្រតិដ្ឋ ដែលបង្ហាញពីយុទ្ធសាស្ត្រមួយរបស់អាជ្ញាធរដើម្បីគាបសង្កត់សិទ្ធិបញ្ចេញមតិ និងដើម្បីរាំងខ្ទប់មិនឲ្យអ្នកកាសែតនៅប្រទេសកម្ពុជា បន្តធ្វើសេចក្តីរាយការណ៍ឲ្យការិយាល័យវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិក។
ឯកសារដដែលបានបន្ថែមក្នុងន័យដើមថា៖
«ប្រភពបានបន្ថែមទៀតថា ជាច្រើនដង អាជ្ញាធរបរាជ័យក្នុងការផ្តល់ភ័ស្តុតាងច្បាស់លាស់នៃសកម្មភាពឧក្រិដ្ឋ ដើម្បីបង្ហាញនូវហេតុផលសមស្របចំពោះការចាប់ខ្លួន និងការឃុំខ្លួនលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ(Licadho)យល់ស្របនឹងការវាយតម្លៃរបស់ក្រុមការងារអង្គការសហប្រជាជាតិ។
លោកប្រាប់ VOA ថា៖
«យើងជាអង្គការសង្គមស៊ីវិលយល់ឃើញថា គួរណាស់តែមានការលើកលែងការចោទប្រកាន់ទៅដល់អ្នកទាំងពីរ ឲ្យមានសេរីភាពពេញបរិបូណ៌ ហើយដើម្បីជាការលើកកម្ពស់បន្ថែមទៀតចំពោះវិស័យនៃសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើងនោះបាទ»។
ក៏ប៉ុន្តែ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថា កម្ពុជាមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ ហើយទស្សនរបស់បុគ្គលឬអង្គការណាមួយមិនអាចដាក់សម្ពាធលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានទេ។
លោកប្រាប់ VOA ថា មានតែការចូលរួមផ្តល់ហេតុផល និងភ័ស្តុតាងបនែ្ថម ដែលអាចបញ្ជាក់ថា អតីតអ្នកកាសែតទាំងពីររបស់ RFA មិនបានធ្វើខុសដូចការចោទប្រកាន់នោះ។
«មានតែការចូលរួមក្នុងដំណើរការនីតិវិធីទេ បើសិនជាយល់ថា អ្នកទាំងពីរហ្នឹងគឺមិនមានពិរុទ្ធទេ ហើយមិនមានមូលដ្ឋានក្នុងការចោទប្រកាន់អីទេ គឺចូលរួមក្នុងដំណើរការនីតិវិធី ដោយការធ្វើដែលបង្ហាញនូវភ័ស្តុតាង សាក្សី ទឡ្ហីករណ៍តាមផ្លូវច្បាប់ឲ្យបានរឹងមាំទៅ ដើម្បីដោះបន្ទុកអ្នកទាំងពីរហ្នឹង»។
ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានទាំងពីរនាក់នេះធ្វើឡើង ក្រោយពីមានយុទ្ធនាការបង្ក្រាបជាទូទៅរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលមិនចំណុះរដ្ឋាភិបាល។
ដោយមិនបានបញ្ជាក់ហេតុផល កាលពីខែសីហាឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោះលែងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទឲ្យបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង៩ខែមកហើយនោះ។
លោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីអាសេរី មានប្រសាសន៍ថា លោកចង់ឃើញស្ថាប័នតុលាការផ្តល់យុត្តិធម៌ឲ្យបានឆាប់សម្រាប់រូបលោក និងបញ្ឈប់ការដាក់ឲ្យលោកនិងអតីតសហការីលោកម្នាក់ទៀតស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
«យើងមិនមានសិទ្ធិ សូម្បីតែទៅស្រុកកំណើត ជួបឪពុកម្តាយហ្នឹង ក៏អត់មានបានដែរហ្នឹង! ហើយត្រូវចំណាយពេលទៅបង្ហាញខ្លួន។ យើងអត់ចង់រស់នៅអ៊ីចឹងទេ។ យើងក៏ចង់មានសេរីភាពដូចពលរដ្ឋទូទៅដែរ។ អ៊ីចឹងខ្ញុំនៅតែទាមទារ និងស្នើឲ្យខាងតុលាការហ្នឹងទម្លាក់បទចោទលើពួកខ្ញុំអ៊ីចឹង បាទ»។
ទាក់ទងសំណុំរឿងរបស់អតីតអ្នកកាសែតទាំងពីរនាក់នេះ លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកទឹកចិត្តម្តងហើយម្តងទៀតឲ្យតុលាការទម្លាក់ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ផងដែរ៕