ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប​ត្រូវ​​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​មន្រ្តី​រាជការ និង​នគរបាល


រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

សមាជិក​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប ម្នាក់​បម្រើ​ការ​ជា​មន្រ្តី​រាជការ​នៅ​ក្រសួង​សុខាភិបាល និង​ម្នាក់​ទៀត​ជាមន្រ្តី​នគរ​បាល ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ ដែល​ការណ៍​នេះ​ពួកគេ​សង្ស័យ​ថា ​បណ្តាល​មក​ពី​សកម្មភាព​នយោបាយ​របស់​ពួក​គេ។

ការ​ប្រកាស​បញ្ឈប់​មន្រ្តី​ទាំង​ពីរ​រូប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​មក​លើ​សមាជិក និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​នឹង​ដំណើរ​ការ​សា​ជា​ថ្មី។

ក្រសួង​សុខាភិបាល​បាន​សម្រេច​ដក​ហូត​តំណែង​លោក កែវ​ សុមុនី មន្រ្តី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវ​ចិត្ត​និង​ការ​បំពាន​គ្រឿង​ញៀន​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​ ដោយ​យោង​លើ​ហេតុ​ផល​ច្បាប់​វិន័យ​ ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ត​ទៅ។ នេះ​បើ​សេចក្តី​ប្រកាស​មួយ​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក​ ម៉ម ប៊ុនហេង កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា។

លោក កែវ សុមុនី មន្រ្តី​ផ្នែក​សុខាភិបាល​មក​ដាក់​លិខិត​ស្នើ​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​រូប​លោក​ពី​ក្របខណ្ឌ នៅ​ក្រសួង​សុខាភិបាល​ ក្នុងរាជធានី​ភ្នំពេញ ថ្ងៃ​ពុធ ទី២២ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
លោក កែវ សុមុនី មន្រ្តី​ផ្នែក​សុខាភិបាល​មក​ដាក់​លិខិត​ស្នើ​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​រូប​លោក​ពី​ក្របខណ្ឌ នៅ​ក្រសួង​សុខាភិបាល​ ក្នុងរាជធានី​ភ្នំពេញ ថ្ងៃ​ពុធ ទី២២ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)


លោក កែវ សុមុនី ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន និង​បាន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​រង​ទី​២ នៅ​សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

លោក កែវ សុមុនី ចាត់​ទុក​ការ​បញ្ឈប់​រូប​លោក​ពី​ក្រប​ខណ្ឌ​មន្រ្តី​រាជ​ការ​នេះជា​«រឿង​អយុត្តិធម៌» និង​ថា​ការ​បញ្ឈប់​នេះ​គឺ មិន​ស្រប​តាម​នីតិវិធី​ទូទៅ និង​មិន​មាន​មូលហេតុ​បញ្ជាក់​ច្បាស់​លាស់។ ​

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា បែប​ហ្នឹង។ ព្រោះ​យើង​អត់​ដឹង​ថា ទណ្ឌកម្ម​វិន័យ​ដែល​ក្រសួង​សម្រេច​ហ្នឹង​គឺ​ជាទណ្ឌកម្ម​វិន័យ​បែប​ណា គាត់​អត់​មាន​បាន​បញ្ជាក់។ ជា​គោលការណ៍​នៃ​ការ​ដក​ក្របខណ្ឌ​មន្រ្តី​រាជ​ការ​ស៊ីវិល​ គឺ​ត្រូវ​តែ​មាន​ការ​ណែនាំ​ដោយ​ផ្ទាល់​មាត់​ ឬ​ជា​លាយលក្ខណ៍​អក្សរ​អ៊ីចឹង​ណា។ ប៉ុន្តែ​ក្រសួង​អត់​បាន​ធ្វើ​អ៊ីចឹង​ទេ។ ក្រសួង​ដក​ក្របខណ្ឌ​របស់​យើង​ឆៅៗ​តែ​ម្តង»។

លោក កែវ សុមុនី ដែល​បាន​បម្រើ​ការ​ជា​មន្រ្តី​រាជការ​អស់​រយៈពេល​២៧​ឆ្នាំ​មក​នេះ យល់​ថា ហេតុ​ផល​ចម្បង​នៅ​ពី​ក្រោយ​ការ​បញ្ឈប់​លោក​ពី​ក្របខណ្ឌ​ គឺ​ការ​ឈរ​ឈ្មោះ​របស់​លោក​ឱ្យ​គណបក្ស​ភ្លើង​ទៀន។

ដោយ​សារ​មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ពុធ​នេះ លោក សុមុនី​បាន​ដាក់​លិខិត​មួយ​ស្នើ​សុំ​ឱ្យ​រដ្ឋមន្រ្តី លោក ម៉ម ប៊ុនហេង ពិនិត្យ​ឡើង​វិញចំពោះ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សាវិន័យ ដោយ​លោក​លើក​ឡើង​ថា​«មាន​ចំណុច​មិន​ប្រក្រតី​ច្រើន» ពាក់​ព័ន្ធ​នឹងការ​លុប​ឈ្មោះ​របស់​លោក​ចេញ​ពី​ក្របខណ្ឌ។

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត មន្រ្តី​នគរបាល លោក អេង ស្រូយ ដែល​ជា​មន្រ្តី​គណបក្ស​ភ្លើង​ទៀន ក៏​ត្រូវ​បាន​ដក​ហូត​មុខ​តំណែង ឋាន​ន្តរសក្តិ និង​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​នគរ​បាល​ជាតិ​ផង​ដែរ។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាសមួយ​ ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា។

សេចក្តី​ប្រកាស​ស្តី​ពី​ការ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​មន្រ្តី​នគរ​បាល​ជាតិ​បាន​បញ្ជាក់​មូលហេតុ​យ៉ាង​ខ្លី​ថា លោក អេង ស្រូយ «បោះ​បង់​ចោល​ការងារ»។

បច្ចុប្បន្ន លោក​ អេង ស្រូយ មាន​តំណែង​ជា ប្រធាន​ក្រុម​ការងារ​បណ្តោះ​អាសន្ន​គណបក្ស​ភ្លើង​ទៀន ​ខេត្ត​ត្បូងឃ្មុំ។

លោក អេង ស្រូយ ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ (រូបភាពផ្តល់ដោយ អេង ស្រូយ)
លោក អេង ស្រូយ ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ (រូបភាពផ្តល់ដោយ អេង ស្រូយ)

លោក​ អេង ស្រូយ​ ដែល​បាន​បម្រើការ​ជា​មន្រ្តី​នគរ​បាល​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ​មិន​បានបញ្ជាក់​ថា​ តើ​ការ​បណ្តេញ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​របស់​លោក​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន ឬ​យ៉ាងណា​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​ថា ​លោក​មាន​លទ្ធភាព​មក​ធ្វើ​ការ​ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ដោយ​សារ​តែ​លោក​រស់​នៅ​ឆ្ងាយ​ពី​កន្លែង​ធ្វើការ។
លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ទេ។ អាហ្នឹង​ទុក​ឱ្យ​សាធារណជន​គាត់​វិនិច្ឆ័យ​តាម​ហ្នឹង​ទៅ ព្រោះ​មូលហេតុ​ គេ​ដាក់​តាម​ហ្នឹង​ថា​យើង​បោះ​បង់​ចោល​ការងារ​ហ្នឹង​ហ្អា»។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ លោក ឆាយ គឹមឃឿន បាន​ច្រានចោល​ការ​បញ្ឈប់​ពី​ការ​ងារ​របស់​មន្រ្តី​ខាង​លើ​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​បាន​បញ្ជាក់​ថា​ នគរបាល​ជាតិ​ផ្តោត​លើ«រឿង​អនុវត្ត​ច្បាប់»តែ​ប៉ុណ្ណោះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកា​ដូ លោក អំ សំអាត សង្កេត​ឃើញ​ថា​ ករណី​បញ្ឈប់​មន្រ្តី​រាជការ​ទាំង​ពីរ​ខាង​លើ​ កើត​ឡើង​ ស្រប​ពេល​មានចំណាត់​ការ​ផ្លូវ​ច្បាប់​ផ្ទួនៗ​មក​លើ​បុគ្គលដែល​មាន​ទំនាក់​ទំនង​ជាមួយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន​នា​ពេល​ថ្មីៗ​នេះ។ មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​ជំរុញ​ឱ្យ​មាន​ការ​បញ្ជាក់​ពី​ហេតុ​ផល​សម​ស្រប​ក្នុង​ករណី​មាន​ការ​បញ្ឈប់​មន្រ្តី​រាជការ​ណា​ម្នាក់​ ជា​ពិសេស​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ដទៃ​ក្រៅ​ពី​គណ​បក្ស​កាន់​អំណាច ដើម្បី​បញ្ចៀស​ការ​យល់​ឃើញ​ថា​ជា​ការ​រើសអើង​នយោបាយ។

លោក​ប្រាប់​វីអូអេ​ថា៖ «ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ទិដ្ឋភាព​ជា​ទូទៅ​ដែល​គេ​មើល​ឃើញ​ មិន​មាន​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់​ណា​មួយ​ទេ គេ​នឹង​អាច​យល់​ច្រឡំ​ថា ដោយសារ​តែ​ពួក​គាត់​ហ្នឹង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ទើប​មាន​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ។ ហើយ​គេ​អាច​យល់​ថា​ វា​ជា​ការ​រើសអើង​និន្នាការ​គណបក្ស​នយោបាយ​អី​ជា​ដើម»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​អង្គារ បេក្ខ​ជន​ជាប់​មេ​ឃុំ​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ឃុំ​ចំណា​លើ ស្រុក​ស្ទោង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្លាមៗ ដោយ​ចោទ​ពី​បទ​«ប្លន់» ក្នុង​សំណុំ​រឿង​កាល​ពី​២០​ឆ្នាំ​មុន៕

XS
SM
MD
LG