ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សារព័ត៌មាន​ពីរ​នាក់​ជួយ​លើក​ស្ទួយ​ការ​អប់រំ​នៅ​តាម​ខេត្ត​​


ក្មេង​សិស្សបឋម​សិក្សា​កេសរារាមចាក​ចេញ​ពី​សាលា​របស់​គេ​ កាល​ពី​​​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក្នុងខេត្ត​​សៀមរាប​​ ប្រទេស​កម្ពុជា។ (នូវ​ ពៅលក្ខិណា​/VOA)
ក្មេង​សិស្សបឋម​សិក្សា​កេសរារាមចាក​ចេញ​ពី​សាលា​របស់​គេ​ កាល​ពី​​​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក្នុងខេត្ត​​សៀមរាប​​ ប្រទេស​កម្ពុជា។ (នូវ​ ពៅលក្ខិណា​/VOA)

​បញ្ញវន្ត​​​កម្ពុជា​​មួយ​ចំនួន​តូច​ បច្ចុប្បន្ន​នេះ ​បាន​ចាប់​ផ្តើម​ត្រឡប់​ទៅ​ភូមិ​កំណើត​របស់​ពួក​គេ​ដើម្បី​សង់​សាលារៀន​ជូន​កុមារ​តូចៗ​ក្នុង​ភូមិ។

ទំនោរ​ថ្មី​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​បញ្ញវន្តកម្ពុជា។ នោះ​គឺ​ការ​ធ្វើ​ការងារ​សប្បុរសធម៌​ក្នុងវិស័យ​អប់រំ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កុមារ​តូចៗ​នៅ​តាម​ជនបទ ​អាចទទួល​បាន​ការអប់រំ​ និង​ការ​អភិវឌ្ឍ​ខ្លួន។​

​បញ្ញវន្ត​កម្ពុជាមួយ​ចំនួន​តូច​ បច្ចុប្បន្ន​នេះ ​បាន​ចាប់​ផ្តើម​ត្រឡប់​ទៅ​ភូមិ​កំណើត​របស់​ពួក​គេ​ដើម្បី​សង់​សាលារៀន​ជូន​កុមារ​តូចៗ​ក្នុង​ភូមិ។​ រីឯ​មួយ​ចំនួន​ទៀត​ ក៏​បាន​ធ្វើ​ការ​ឧបត្ថម្ភ​កង់​ដល់​កុមារ​ក្រីក្រ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដើម្បី​ឲ្យ​ពួក​គេ​មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលារៀន​ផង​ដែរ។

លោក​ ទូច​ យិនមុនី​ គឺ​សាស្ត្រាចារ្យ​មួយ​រូប​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោក​ ទូច​ យិន​មុនី ​និង​ក្រុម​របស់​លោក​ ដែល​ក្នុង​នោះ​មាន​ទាំង​កម្មករ​ និង​ទាំងជន​ពិការ​ផង​នោះ​ បាន​ផ្តួចផ្តើម​គម្រោង​សាងសង់​សាលារៀន​ខ្នាត​តូច​ឈ្មោះ​ថា​«ត្បូង​ដំរី»​នៅ​ឯ​ស្រុក​បាទី ​ខេត្ត​តាកែវ។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ លោក​បាន​ត្រឡប់​ទៅ​ភូមិ​កំណើត​ដើម្បី​សាង​សង់​សាលារៀន​ថ្នាក់​មតេ្តយ្យ​សម្រាប់កុមារ​តូចៗ​នៅ​ក្នុង​ភូមិ​របស់​លោក ដោយ​រំពឹង​ថា​កុមារ​ទាំង​នោះ​នឹង​អាច​ទទួលបាន​ឱកាស​អភិវឌ្ឍ​ខ្លួនឯង​ និង​គ្រួសារ​របស់​ពួក​គេ​ ដូច​លោក​ដែរ។​

«វិនិយោគទុន​ដែល​សំខាន់ ​ដែល​អភិវឌ្ឍ​គ្រួសារ​យើង​ ខ្លួន​យើង​ ​សង្គម​ជាតិ គ្មាន​អ្វី​ក្រៅ​ពី​ការ​សិក្សា​ទេ។ ខ្ញុំ​មិន​ជឿ​ថា​យើង​ឲ្យ​លុយ​គេ​មួយ​ដុំ ហើយ​គេ​នឹង​អាច​ក្លាយ​ជា​អ្នក​ល្អ​ប្រសើរ​នោះ​ទេ។ ចឹង​ហើយ​ការ​សិក្សា​ វា​ត្រូវ​តែ​ជា​អាទិភាព»។

សាលា​មតេ្តយ្យ​«ត្បូង​ដំរី» ​បច្ចុប្បន្ន​នេះ​ មាន​សិស្ស​ចំនួន​៣២​រូប​ និង​បាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​២ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​សាងសង់​លើកដំបូង។ សាលារៀន​ខ្នាត​តូច​នេះ​ បាន​ប្រើប្រាស់​កម្មវិធី​សិក្សា​សាលា​រដ្ឋ​យក​មក​បង្រៀន​ និង​បាន​ជួល​គ្រូ​បង្រៀន​ម្នាក់​ក្នុង​តម្លៃ​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។​

លោក មុនី​ ឲ្យ​ដឹង​ថា​ គំនិត​នៃ​ការ​បង្កើត​សាលា​មត្តេយ្យ​ដោយ​ខ្លួនឯង​នេះ គឺ​ជា​គំនិត​ថ្មី​មួយ​ដែល​លោក​ចង់​ធ្វើ​ជូន​សហគមន៍​លោក​។ ហើយ​ថ្នាក់​មតេ្តយ្យ​នេះ​ទៀត​សោត ​គឺ​ជា​ការ​ជួយ​ឲ្យ​កុមារ​តូច បាន​ត្រៀមខ្លួន មុន​ពេល​ពួកគេ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​សាលា​រដ្ឋ​នោះ។

«សម្រាប់​ពួក​យើង ​សាលា​មតេ្តយ្យ​សិក្សា​មិន​អាច​អត់​បាន​ទេ ​ព្រោះ​ថ្នាក់ទី១​ធំ​ណាស់។ ចឹង​មុន​អាយុ​៦​ឆ្នាំ ​គាត់ត្រូវ​រៀន​ផ្ស៊ាំខ្លួន​ទៅ​នឹង​សាលា​រដ្ឋ​សិន ​ផ្ស៊ាំ​ខ្លួន​ទៅ​នឹង​បរិយាកាស​អប់រំ​សិន។ ហើយ​វា​ធ្វើ​ឲ្យ​ក្មេង​មាន​ភាព​ស្វាហាប់ ​អង់អាច​ក្លាហាន»។

សម្រាប់​លោក ទូច​ យិនមុនី​ ចង់​ឃើញ​កុមារ​ក្នុង​ភូមិ​លោក​ជំនាន់​ក្រោយ​ ទទួល​បាន​ការ​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​ជំនាន់​លោក។​

«ក្មេងៗ​ទាំង​នោះ​ដែល​ឆ្លង​កាត់​សាលា​នេះ ខ្ញុំ​ចង់​ឃើញ​ថា ក្មេង​នោះ​មាន​អ្វី​ពិសេស​ជាង​ជំនាន់​ខ្ញុំ មិន​មែន​ខ្ញុំ​ទេ​ ពួក​ម៉ាកខ្ញុំ​ដែល​ជួប​ការ​លំបាក ​សិក្សា​បាន​តិចតួច​ គាត់​គួរ​តែ​មាន​ផ្លូវ​ដើរ​មួយ​ប្រសើរ​ជាង​ហ្នឹង ​ដើម្បី​អភិវឌ្ឍ​សង្គម​គាត់»។

លោក មុនី ​រំពឹង​ថា​យុវជន​ជំនាន់​ក្រោយ​គួរ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្មេងៗ​ក្នុង​ភូមិ​របស់​ពួកគេ​ ដោយ​ត្រឡប់​ទៅ​ភូមិ​កំណើត ​ហើយ​ធ្វើ​អ្វី​ដែល​អាច​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ ជា​ពិសេស​គឺ​ការ​ផ្តល់​ឱកាស​អប់រំ ​និង​អភិវឌ្ឍ​ខ្លួន​ដល់​កុមារ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ លោក​ ឆាយ សុផល​ ជា​អ្នក​សារព័តមាន​ជើង​ចាស់​មួយ​រូប​ដែល​ជា​រឿយៗ​លោក​តែង​ធ្វើការ​រៃអង្គាស​ប្រាក់​ ដើម្បី​ទិញ​កង់​ឧបត្ថម្ភ​ដល់​ក្មេងៗ​នៅ​តាម​តំបន់​ដាច់​ស្រយាល។ លោក​សង្កេត​ឃើញ​ថា ​នៅ​ក្នុង​តំបន់​ខ្លះ ​កុមារ​តូចៗ​ត្រូវ​ធ្វើដំណើរ​ប្រមាណ​៥ ទៅ១០​គីឡូម៉ែត្រ​ដើម្បី​ទៅ​សាលារៀន ​ដែល​នេះ​គឺ​ជា​ការ​លំបាក​សម្រាប់​ពួកគេ។​

ក្នុង​រយៈពេល២ឆ្នាំកន្លង​មក​នេះ​ លោក ឆាយ សុផល ​បាន​ផ្តល់​កង់​ចំនួន​១០០​គ្រឿង​ ទៅដល់កុមារ​ក្រីក្រ​ចំនួន​១០០​នាក់ ​មកពី​ខេត្ត​ចំនួន​៤​គឺ ​ខេត្ត​ស្វាយរៀង ​ខេត្ត​កំពង់ឆ្នាំង ​ខេត្ត​កំពង់ស្ពឺ ​និង​ខេត្តពោធ៍សាត់។ លោក​រំពឹង​ថា​ ការ​ឧបត្ថម្ភ​កង់​នេះ ​អាច​រួម​ចំណែក​កាត់​បន្ថយ​ការ​បោះបង់​ការ​សិក្សា​របស់​កុមារ​មួយ​ចំនួន​ នៅ​តាម​ទី​ជនបទ។

លោក ឆាយ សុផល​ ឲ្យដឹង​ថា​ លោក​ផ្ទាល់​បាន​ជួប​កុមារ​ម្នាក់​ដែល​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​១០​គីឡូម៉ែត្រ​ទៅ​អនុវិទ្យាល័យ ​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បឋមសិក្សា​នៅ​ក្នុង​ភូមិ​ខ្លួន។ ដោយសារ​តែ​ជីវភាព​ខ្វះខាត​ផង​ និង​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលា​ថ្មី​ផង ​ឪពុក​របស់​ក្មេង​នោះ​ស្ទើរ​តែ​ឲ្យ​កូន​ខ្លួន​បោះបង់​ការសិក្សា​ទៅ​ហើយ។​

«ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់ចិត្ត​មែន​ទែន​ គាត់​ដើរ​បណ្តើរ គាត់​យំ​បណ្តើរ ​ហើយ​គាត់​សុំ​ឪពុក​គាត់​កង់​មួយ​ ហើយ​ឳពុក​គាត់​ថា​អត់​មាន​លុយ​ឱ្យ​ ហើយ​ថា​បើ​ពិបាក​ពេក​ឲ្យ​ឈប់​រៀន ប៉ុន្តែ​គាត់​ចង់​ទៅ​រៀន។ ពេលខ្លះ​គាត់​សុំ​ជិះ​កង់​ដោយសារ​គេ ។ ដូច្នេះ​នៅ​ពេល​ខ្ញុំ​ឲ្យ​កង់​គាត់​មួយ គាត់​បាន​និយាយ​ថា​ក្នុង​មួយ​ជីវិត​គាត់​ស្រម៉ៃ​ចង់បាន​កង់​មួយ​គ្រឿង​ ហើយ​ប្តេជ្ញា​ថា​គាត់​នឹង​ខិតខំ​រៀន​សូត្រ​ឲ្យ​ចប់​ យ៉ាងហោចណាស់​ថ្នាក់​បាក់​ឌុប​ដែរ»។​

ក៏ដូចគ្នា​នឹង​លោក ទូច​ យិនមុនី​ ដែរ​ លោក ឆាយ សុផល​ សង្ឃឹម​ថា​ បន្ទាប់​ពី​កុមារ​ទាំង​នោះ​ទទួល​បាន​ការ​អប់រំ​ហើយ​ ពួក​គេ​អាច​នឹង​ត្រឡប់​មក​ជួយ​សហគមន៍​របស់​ពួកគេ​វិញ​នា​ពេល​អនាគត។

«រឿង​សំខាន់​គឺ ​ខ្ញុំ​ចង់ឲ្យ​គាត់​ខិត​ខំ​សិក្សា​រៀន​សូត្រ ​យក​ចំណេះដឹង​របស់​គាត់​បម្រើ​ក្នុង​សង្គម​ ហើយ​នៅ​ពេល​ដែល​គាត់​មាន​ជីវភាព​ធូរធារ​ គាត់​ត្រូវ​នឹក​ឃើញ​ដល់​អ្នក​ក្រីក្រ​ ដូច្នេះ​ត្រូវ​ចេះ​ជួយ​ចែក​រំលែក​គ្នា​ដើម្បី​ឲ្យ​សង្គម​មាន​ការ​រីក​ចម្រើន »។

ក្រៅ​អំពី​ការ​សាងសង់​សាលា​ខ្នាត​តូច​នៅ​ក្នុង​ភូមិ​កំណើត​ និង​ការ​ចែក​កង់​ដល់​កុមារ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ គេ​ក៏​ឃើញ​មាន​យុវជន​មួយ​ចំនួន​ទៀត​បានសាងសង់​បណ្ណាល័យ​នៅ​តាម​សាលារៀន​ និង​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​នានា​ទៅដល់​កុមារ​តាម​ជនបទ​ផង​ដែរ៕

XS
SM
MD
LG