ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ប្រកាស​កម្ទេច​មីន​របស់​ខ្លួន​រួចរាល់​


អ្នក​ជំនាញ​ខ្មែរ​ម្នាក់​កំពុង​ធ្វើ​ការ​ដោះ​មីន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ជា​អតីត​តំបន់​ខ្មែរ​ក្រហម​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។
អ្នក​ជំនាញ​ខ្មែរ​ម្នាក់​កំពុង​ធ្វើ​ការ​ដោះ​មីន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ជា​អតីត​តំបន់​ខ្មែរ​ក្រហម​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។

តួកគី​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បាន​កម្ទេច​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស​រួចរាល់​ទាំងស្រុង​ពី​ឃ្លាំង​របស់​ខ្លួនហើយ។ នេះ​បើ​យោង​តាម​ក្រុម​អ្នកនាំ​ពាក្យ​នៃ​កិច្ចប្រជុំ​រដ្ឋភាគី​លើក​ទី​១១​ ស្ដីពី​អនុសញ្ញា​ក្រុង​អូតាវ៉ា ​ឬ​អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្រុម​ប្រទេស​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា ​ដែល​បាន​អង្គុយ​ប្រជុំ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ម្ល៉េះ​ បាន​ចាប់​ផ្ដើម​ជជែក​គ្នា​ពី​ការ​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស ​ដែល​នៅ​សេសសល់​ក្នុង​ឃ្លាំង​ស្ដុក​កាល​ពី​ព្រឹកមិញនេះ។

លោក​ ស៊ើហាន់​ យីជីត​ (Serhan YIGIT) ​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទួគី​ ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្ដីជូនដំណឹង​ក្រោយ​ពី​កិច្ចប្រជុំ​ថា ​ប្រទេស​តួកគី​បាន​កម្ទេច​មីន​ពី​ស្ដុក​របស់​ខ្លួន​រួចរាល់​ហើយ។ ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជិត​បី​លាន​គ្រាប់​ត្រូវ​បាន​បំផ្លាញ។

រដ្ឋភាគី​ចំនួន​បួន​ត្រូវ​បង្ហាញ​ឡើងវិញ​ពី​លទ្ធផល​នៃ​ការកម្ទេច​គ្រាប់មីន​ពី​ក្នុង​ឃ្លាំង​របស់​ខ្លួន​ ក្នុង​នោះ​មាន​ប្រទេស​តួកគី បេឡារូស ​ក្រិក ​និង​ប្រទេស​អ៊ុយក្រែន។ ក៏ប៉ុន្ដែ​ក្រៅពី​តួកគី​ ប្រទេស​បី​ទៀត​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ជា​បន្ថែម​ទៀត​ក្នុង​ការ​កម្ទេច​គ្រាប់​មីន​ពី​ក្នុង​ឃ្លាំង។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី​ ឡៃឡា ​រ៉ដឌ្រីហ្គេស៍ ​អ្នក​សម្របសម្រួល​ព័ត៌មាន​ នៃ​កិច្ចប្រជុំ​រដ្ឋភាគី​នៃ​អនុសញ្ញា​ក្រុង​អូតាវ៉ា។

លោកស្រី​ ឡៃឡា ​រ៉ដឌ្រីហ្គេស៍​ មាន​ប្រសាសន៍​ថា ៖ «​ប្រទេស​ទាំង​នោះ​បាន​និយាយ​ថា ​ពួក​គេ​កំពុង​ប្រឹងប្រែង​បង្កើន​ការ​កម្ទេច​ឃ្លាំង​ស្ដុក​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស។ ប្រទេស​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេស​ទាំង​បួន​ ដែល​បានកម្ទេច​គ្រាប់​មីន​ក្នុង​ឃ្លាំង​រួចរាល់​នោះ ​គឺ​ប្រទេស​តួកគី»។

អនុសញ្ញា​ក្រុង​អូតាវ៉ា​សំដៅ​លុបបំបាត់​គ្រាប់មីន​ប្រឆាំង​មនុស្ស។ ​រដ្ឋភាគី​ដែល​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ត្រូវ​បញ្ឈប់​ការផលិត ​ការកែច្នៃ ​និង​ការប្រើប្រាស់​គ្រាប់មីន​ប្រភេទ​នេះ​ ជា​បន្ទាន់​ ហើយ​ត្រូវ​កម្ទេច​គ្រាប់មីន​ទាំង​អស់​ចេញ​ពី​ឃ្លាំង​ក្នុង​រយៈពេល​បួន​ឆ្នាំ​ បន្ទាប់​ពី​ចូល​ជា​រដ្ឋភាគី​រួច។

ដោយឡែក​ប្រទេស ​បែលឡារូស ​និង​ ក្រិក ត្រូវ​បំផ្លាញ​គ្រាប់មីន​ពី​ឃ្លាំង​ឲ្យ​រួច​នៅ​ខែ​មិនា ​ឆ្នាំ​២០០៨ ​និង​អ៊ុយក្រែន ​ត្រូវ​បំផ្លាញ​គ្រាប់មីន​ពី​ឃ្លាំង​នៅ​ខែ​មិថុនា ​ឆ្នាំ ​២០១០។ ​លោក​ស្រី​ ឡៃឡា ​លើក​ឡើង​ថា ​ការ​ខកខាន​ក្នុង​ការ​កម្ទេច​គ្រាប់មីន​តាម​ការកំណត់​ គឺ​ជា​ការ​រំលោភ​មួយ។ ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ នៅ​ថ្ងៃ​នេះ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ធ្វើ​ការ​រិះគន់​ លើ​ប្រទេស​ក្រិក​ បែលឡារូស ​និង​អ៊ុយក្រែន។

លោក​ ហែម ​វណ្ណឌី ​អគ្គលេខាធិការ​នៃ​កិច្ចប្រជុំ​រដ្ឋភាគី​ នៃ​អនុសញ្ញា​ក្រុងអូតាវ៉ា​ បាន​អះអាង​ថា​ លោក​ប្រាក់​ សុខុន ​រដ្ឋលេខាធិការ​ទីស្ដីការ​គណរដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​កិច្ចប្រជុំ​នេះ​ បាន​ថ្លែង​អបអរសាទរ​ប្រទេស​តួកគី។

«លោក​បាន​ថ្លែង​ស្វាគមន៍​ ហើយ​អបអរសាទរ​ប្រទេស​តួកគី»។

កម្ពុជា​មាន​ផ្ទៃ​ដី​ជា​ច្រើន​ពាន់​គីឡូម៉ែត្រ​ការ៉េ​ ដែល​គ្រប​ដណ្ដប់​ដោយ​គ្រាប់​មីន​បន្ទាប់​ពី​ប្រទេសក្រីក្រ​មួយ​នេះ​ ឆ្លងកាត់​សង្រ្គាម​ស៊ីវិល​អស់​រយៈពេល​បី​ទសវត្សរ៍​កន្លង​មក។ កម្ពុជា​បាន​បំផ្លាញ​គ្រាប់​មីន​ពី​ក្នុង​ស្ដុក​របស់​ខ្លួន​រួចរាល់ហើយ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ កម្ពុជា​ត្រូវ​បោស​សម្អាត​គ្រាប់​មីន​លើ​ផ្ទៃដី​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០៕

XS
SM
MD
LG