ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រួចជីវិត​ពីគុក​ទួលស្លែង​ទន្ទឹង​ចង់ចាំ​យុត្តិធម៌​ពី​ការ​កាត់ទោស​ខ្មែរក្រហម


ទេសចរណ៍​បរទេស​ម្នាក់​ ដើរ​មើល​​រូបគំនូរ​​ដែល​គូរ​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ ក្នុង​សម័យ​ខ្មែរក្រហម។​
ទេសចរណ៍​បរទេស​ម្នាក់​ ដើរ​មើល​​រូបគំនូរ​​ដែល​គូរ​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ ក្នុង​សម័យ​ខ្មែរក្រហម។​

អ្នក​រួចជីវិត​ពីការ​កាប់​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង​ដែល​កាន់តែ​មាន​វ័យ​ចំណាស់​កំពុង​ទន្ទឹង​រក​យុត្តិធម៌​ចុងក្រោយ​ពី​ការ​កាត់ទោស​ឌុច​ នៅចុង​ខែមិនា​នេះ។

ការ​ចង់​ឃើញ​ឌុច​ត្រូវនាំ​ខ្លួន​យក​មក​កាត់ទោស​ជាចុង​ក្រោយ​ ការ​រង់ចាំ​លទ្ធផល​នៃ​សេចក្ដី​សម្រេចផ្ដន្ទាទោស​ឌុច ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដាក់ទោស​ឌុច​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត​ កំពុងតែ​ដក់​ជាប់ក្នុង​អារម្មរណ៍​របស់​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ដែល​នៅ​រស់រាន​មាន​ជីវិត​ទាំងបី​នាក់ ​គឺ​លោក​វ៉ាន់ ណាត ​លោក​ ប៊ូ ម៉េង​និង​លោកជុំ ម៉ី។

អស់​រយៈពេល​ជាង​៣១​ឆ្នាំ​មក​ហើយ​ ដែល​អតីត​អ្នកទោស​របស់​អង្គការ​ខ្មែរក្រហម​ទាំងបី​នាក់​ បាន​រង់ចាំ​ថ្ងៃនេះ​ គឺ​ថ្ងៃ​កាំង ហ្គិច​អ៊ាវ​ ដែល​មាន​ឈ្មោះ​យ៉ាង​ល្បីល្បាញ​ជា​ ឌុច ​ត្រូវ​ផ្តន្ទាទោស​ជាចុង​ក្រោយ​ដោយ​ពុំ​អាច​តវ៉ា​បាន។ ​នោះ​គឺ​ជា​ការ​សម្រេចក្ដី​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល។ ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​ និង​ភាគី​ជាប់​ពាក់ព័ន្ធ​ នៅ​ថ្ងៃទី ២៨ ​ខែមិនា​ រហូត​ដល់​ថ្ងៃទី​៣០ ​ឬ៣១​ខែ​មិនា​នេះ។

លោក​ប៊ូ ម៉េង ​ដែល​ប្រពន្ធ​របស់​គាត់​ត្រូវ​សម្លាប់​ក្នុង​គុក​ទួលស្លែងដែរ​ មាន​ប្រសាសន៍​ថា​ ការ​ផ្ដន្ទា​ទោស​ឌុច​ឲ្យ​ជាប់​គុក​អស់​មួយជីវិតគឺ​ជា​ថ្នាំ​ដែល​នឹង​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​លោក​បាន​មួយ​ផ្នែក។

«ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសារ។​ ខ្ញុំ​ចង់​ចូលរួម​ដោយផ្ទាល់ ​ចង់ស្ដាប់​សាលក្រម​ជា​ចុងក្រោយ​បង្អស់​នេះ​ ថា​តើ​នឹង​យ៉ាង​ម៉េច?​ ប៉ុន្ដែ​ខ្ញុំ​សំណូមពរ​ថា​ កំហុស​របស់​ឌុច​ហ្នឹង​ធ្ងន់ណាស់។​ បើ​ឲ្យខ្ញុំ​ធូរ​ស្បើយ​ លុះ​ណា​តែ​ឌុច​ជាប់​គុក​មួយ​ជីវិត ​ដូច​ខ្ញុំ​សំណូមពរ»។

ជាមួយគ្នា​នេះ​ លោក​ជុំ ម៉ី ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ក្សេមក្សាន្ត ​(Victims Association of Ksemksan )​និង​ជា​អតីត​អ្នក​ទោស​គុកទួល​ស្លែង​ម្នាក់​ទៀត​ ក៏​យល់​ដូចគ្នា​ដែរ​ថា​ តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​គួរតែ​ដាក់​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

«ការ​ដាក់​ទោស​អស់​មួយ​ជីវិត​គឺ​ទុក​ជា​គម្រូ​សម្រាប់​ប្រវត្តិសាស្ដ្រ ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ។ ​យើង​ខ្លាច​ក្មេង​ដើរ​តាម​របប​បីឆ្នាំ​ប្រាំបី​ខែ​ម្ភៃ​ថ្ងៃ​នេះ​ទៀត។​ យើង​គិត​មើល​ ​សម្លាប់​គេ​អស់​រាប់​ម៉ឺន​ រាប់​ពាន់​ មាន​ទោស​តែ​១៩ឆ្នាំ​ តើ​សម ​ឬ​មិនសម?​ ហើយ​យើង​ប្រកាស​ថា ​តុលាការ​នេះ​ជា​តុលាការ​គម្រូ​សម្រាប់​ពិភព​លោក។ ​ចុះ​គម្រូ​យ៉ាងម៉េច​បើ​ឌុច​ជាប់​គុក​តែ១៩ឆ្នាំហ្នឹង?»

សម្រាប់​លោក​វ៉ាន់ ណាត ​បើទោះ​បី​ជា​ឌុច​ត្រូវ​ទទួលទោស​តិច​ ឬ​ក៏ច្រើន​ ក៏​លោក​នៅ​តែ​ចាត់​ទុក​ថា ​នោះ​គឺ​ជា​យុត្តិធម៌​ដែល​លោក​បាន​រង់ចាំ​សម្រាប់​ការ​កាត់ទោស​ចុង​ក្រោយ​នេះ។

«ក្នុង​ចិត្ត​ខ្ញុំ​រាល់ថ្ងៃ ​ខ្ញុំ​រំពឹង​ថា​ ក្នុង​ប្រវត្តិសាស្ដ្រ​ គឺឌុច​ត្រូវតែ​មាន​ទោស​ ទោះបី​តិច​ ឬ​ច្រើន។ ​ខ្ញុំ​នឹង​ឯក​ភាព​យក​លទ្ធផល​នោះ​ទាំងអស់​ដោយ​យល់​ឃើញ​ថា ​នេះ​ជា​យុត្តិធម៌​សម្រាប់​ខ្ញុំ​ជា​ជន​រងគ្រោះ។ ​សព្វ​ថ្ងៃ​ខ្ញុំ​រង់​ចាំ​លទ្ធផល​នេះ​ដើម្បី​ឲ្យដឹង​ច្បាស់ថា​ តើ​គាត់​មាន​ទោស​កម្រិត​ណា។ ​ដូច្នេះ​ខ្ញុំ​រង់​ចាំតែ​ពេល​នោះ​ ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត»។

មាន​អ្នកទោស​យ៉ាងតិច​ចំនួន​១២៣៨០​នាក់​ត្រូវ​បាន​សម្លាប់​បន្ទាប់ពី​ការ​ធ្វើ​ទារុណ​កម្ម​ក្នុង​គុក​ទួលស្លែង​ ឬមន្ទីរ​ស២១។​ មាន​តែ​អ្នកទោស​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មាន​ជីវិត។​ ក្នុង​នោះ​អតីត​អ្នកទោស​មួយ​ចំនួន​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ក្នុងពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​មិនទាន់​លេច​រូបរាង​នៅ​ឡើយ។​ ឌុច​ ដែល​ឆ្នាំ​នេះ​មាន​អាយុ​៦៨​ឆ្នាំ​ហើយ​នោះ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​និង​មនុស្ស​ឃាត​ បន្ទាប់​ពី​ការ​កាត់​ទោស​ចន្លោះ​ពីខែ​មិនា​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០០៩។ ​អង្គជំនុំជម្រះ​សាលាដំបូង​បានសម្រេច​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​៣៥ឆ្នាំ ​ក៏​ប៉ុន្ដែ​ទោស​នេះ​ត្រូវ​កាត់​កង​នៅ​សល់​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។

សហ​ព្រះរាជ​អាជ្ញា ​ជន​រងគ្រោះ​ និង​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ជំទាស់​ទៅនឹង​ការ​ដាក់​ទោស​នេះ​ ដោយ​លើក​ឡើង​ថា​ គឺ​ជា​កម្រិត​ទោស​ដែល​មិន​សម​ល្មម​នឹង​បទ​ឧក្រិដ្ឋ​របស់​ឌុច​នោះ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រក​វិធី​សាស្ដ្រ​ផ្សេង​សម្រាប់​ការពារ​ប្រយោជន៍​អតីត​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

លោក​ហុង គឹមសួន ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​ក្រុម​២​ បាន​លើក​ឡើង​ថា​ ក្រុម​មេធាវី​នឹង​សង្កត់​ធ្ងន់​លើ​ការ​ទាមទារ​សំណង​ រួមទាំង​ការ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ទាត់ចោល​ពី​បញ្ជី​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី។

«ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ទាំងឡាយ​ ដែល​ចៅក្រម​បដិសេធ​នោះ ​បានត្រៀម​និយាយ​ឡើង​វិញ​ ព្រមទាំង​ត្រៀម​និយាយ​អំពី​សំណង​ផ្លូវចិត្ត ​និង​សំណង​សមូហ​ភាព​ឡើង​វិញ»។

លោក​ជុំ ម៉ី​លើក​ឡើង​ថា ​គួរតែ​មាន​ការ​សម្រេច​ធ្វើ​ស្ដូប​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​ដែល​ជា​អតីត​គុក​ទួលស្លែង​ ដើម្បី​ចារឹក​ឈ្មោះ​ជន​រងគ្រោះ​ទាំងអស់​នៅ​លើ​នោះ។

ឌុច​ត្រូវ​ចាប់​ខ្លួន​ដោយ​រដ្ឋាភិបាល​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ ហើយ​ក្រោយមក​ត្រូវ​បញ្ជូន​ទៅ​ដាក់​ឃុំឃាំង​បណ្ដោះ​អាសន្ន​ក្រោម​ការ​គ្រប់គ្រង​របស់​សាលាក្ដី​ខ្មែរក្រហម​វិញ។ ​ជន​ជាប់​ចោទ​រូប​នេះ​មាន​តួនាទី​គ្រប់គ្រង​គុក​ទួលស្លែង​មន្ទីរ​ស​២៤​ ឬ​គុក​ព្រៃ​ស​និង​បឹង​ជើង​ឯក​ដែល​ជា​ទីលាន​ពិឃាត​អ្នក​ទោស។

ទំរាំ​មក​ដល់​ថ្ងៃនេះ ​អតីត​ជន​រងគ្រោះ​ដោយ​ផ្ទាល់​ក្នុង​គុក​ទួលស្លែង​ទាំងបី​នាក់​មាន​វ័យ​កាន់តែ​ចាស់​ជរា​ទៅហើយ។​ លោក​ជុំ ម៉ី​បាន​ឈាន​ដល់​វ័យ​៨០​ឆ្នាំ​នៅ​ឆ្នាំ​នេះ។​ ដោយឡែក​លោក​វ៉ាន់ ណាត​មាន​អាយុ​៦៦​ឆ្នាំ ​ប៉ុន្ដែ​លោក​មាន​សភាព​ទ្រុឌ​ទ្រោម​ដោយ​សារតែ​លោក​មាន​ជំងឺ​ប្រចាំ​កាយ។

រីឯ​លោក​ប៊ូ ម៉េង​ក៏​មាន​វ័យ​ជាង​៦០​ឆ្នាំ​ទៅ​ហើយ​ដែរ។ ​ទោះជា​យ៉ាងណា​ ពួក​គាត់​អះអាង​ថា​ ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​កាត់ទោស​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដោយ​ផ្ទាល់។

ក្រុម​មេធាវី ​និង​ជន​រងគ្រោះ​បាន​លើកឡើង​ដូច​គ្នា​ថា​ សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​គឺ​ជា​តម្លៃ​យុត្តិធម៌​របស់​ជន​រងគ្រោះ​នៅ​ទួលស្លែង​ ហើយ​គឺ​ជា​គម្រូ​នៃ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម ​ជាពិសេស​សម្រាប់​សំណុំ​រឿង​០០២ ​ដែល​គ្រោង​នឹង​បើក​សវនាការ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ។​ ម្យ៉ាង​វិញទៀត​ វា​ក៏​អាច​ជាគម្រូ​យុត្តិធម៌​សម្រាប់​សំណុំ​រឿង​០០៣ ​និង​០០៤ ​ប្រសិន​បើ​អាច ​កើត​មាន​ក្នុង​ពេល​ខាង​មុខ​នេះ៕

សូម​លោក​ អ្នក​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ភាគទី​បី​ដែល​ជា​ភាគបញ្ចប់​របស់​លោក​ គង់ សុឋានរិទ្ធ​ នៅថ្ងៃ​ស្អែក។ ​លោក​ គង់ សុឋានរិទ្ធ ​នឹង​ធ្វើ​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក​កង ឫទ្ធារី ​សហ​មេធាវី​ការពារក្ដី​ឲ្យ​ឌុច ​និង​ការ​រៀបចំ​ការ​ការពារក្ដី​របស់​មេធាវី​ចុង​ចោទ។ សូមអគុណ!

XS
SM
MD
LG