បាតុកម្មជាច្រើនដែលបានទម្លាក់លោក ហ្ស៊ីន អិល-អាប៊ីឌីន បិន អាលី (Zine el-Abidine Ben Ali) មេដឹកនាំផ្តាច់ការនៃប្រទេសទុយនេស៊ី ពីតំណែង ក៏បានផ្តល់ឲ្យបណ្តាញព័ត៌មានទុយនេស៊ី ដែលត្រូវគេបំបិតមាត់ជាយូរមកហើយ នូវរសជាតិដំបូងនៃសេរីភាពផងដែរ។
អ្នកយកព័ត៌មានទុយនេស៊ីកំពុងព្យាយាមធ្វើការផ្លាស់ប្តូរទៅតាមទិដ្ឋភាពថ្មីសម្រាប់បណ្តាញផ្សាយព័ត៌មាននៅក្នុងប្រទេសរបស់ខ្លួនយ៉ាងត្រដាបត្រដួស។
សម្រាប់ទស្សនាវដ្តី រេអាលីតេស៍ (Realites) ដែលជាទស្សនាវដ្តីព័ត៌មានប្រចាំសប្តាហ៍តូចមួយ នៅទីក្រុងទុយនិស លែងមានការដាក់កម្រិតអ្វីផ្សេងទៀតក្រៅពីការដាក់កម្រិតទៅលើពេលវេលាកំណត់ ដែលអ្នកយកព័ត៌មានត្រូវប្រញាប់ប្រញាល់បញ្ចប់អត្ថបទរបស់ខ្លួនឲ្យទាន់ពេល ដើម្បីដាក់បោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី។ អ្នកយកព័ត៌មានខ្លះត្រូវហៅទូរស័ព្ទជាចុងក្រោយ ខ្លះត្រូវឆែកព័ត៌មានជាក់លាក់បន្ថែម ដើម្បីរាយការណ៍អំពីប្រវត្តិសាស្រ្ត។
ចាប់តាំងពីពេលដែលទស្សនាវដ្តីនេះបានបោះពុម្ពផ្សាយលេខចុងក្រោយបង្អស់របស់ខ្លួនមក ប្រជារាស្រ្តទុយនេស៊ីបានផ្តួលមេដឹកនាំយូរអង្វែងរបស់ខ្លួន លោក ហ្ស៊ីន អិល-អាប៊ីឌីន បិន អាលី ដោយអ្វីដែលពួកគេហៅថា បដិវត្តន៍ផ្កាម្លិះ។
ឥឡូវនេះ អ្នកយកព័ត៌មាន ដូចជានាង អាហ្សា ទួរគី (Azza Turki) វ័យ ២៩ ឆ្នាំរបស់ទស្សនាវដ្តី រេអាលីតេស៍ កំពុងមានការលំបាកជាមួយនឹងភាពវឹកវរដែលកើតមានបន្តមកទៀត ដូចជារដ្ឋាភិបាលបណ្តោះអាសន្នមិនមាំទាំរបស់ទុយនេស៊ី បាតុកម្ម និងការបះបោរជាដើម។
នាង ទួរគី និយាយថា អ្នកយកព័ត៌មានជាតិទុយនេស៊ីមិនអាចតាមទាន់ព្រឹត្តិការណ៍ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅទីនេះបានទេ។ ពេលណាពួកគេព្យាយាមតាមដានព័ត៌មានៗផ្លាស់ប្តូរភ្លាម។
ដូច្នេះ នេះក៏ជាបដិវត្តន៍មួយសម្រាប់បណ្តាញព័ត៌មាននៅទីនេះដែរ។ កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន មោហាមិត ហ្កានូជី បានប្រកាសថា រដ្ឋាភិបាលបានលប់ចោលបម្រាមទាំងអស់លើបណ្តាញព័ត៌មានហើយ។ លោកក៏បានបំបាត់ក្រសួងព័ត៌មានផងដែរ ដែលបិទមាត់បណ្តាញផ្សាយព័ត៌មាននៅក្រោមការគ្រប់គ្រងអំណាចរបស់លោក បិន អាលី ក្នុងរយៈពេល ២៣ ឆ្នាំ។
ចំពោះនិពន្ធនាយក ហ្សៃអ៊ែត គ្រិជិន (Zyed Krichin) នៃទស្សនាវដ្តី រេអាលីតេស៍ សេរីភាពថ្មីទាំងនេះ បាននាំយកគោលបំណងដើម មកឲ្យទស្សនាវដ្តី រេអាលីតេស៍ វិញ ពោលគឺទស្សនាវដ្តីឯករាជ្យពិតប្រាកដមួយ។
គ្រិជិន និយាយថា នៅក្រោមរដ្ឋាភិបាលលោកអតីតប្រធានាធិបតី ហាប៊ីប បួហ្គីបា បន្ទាប់ពីពេលដែលប្រទេសទុយនេស៊ីបានទទួលឯករាជ្យ ទស្សនាវដ្តី រេអាលីតេស៍ មានសេរីភាពខ្លះក្នុងការបំពេញកិច្ចការ ទោះបីជាមានពេលខ្លះត្រូវបិទទ្វារអស់ពេលជាច្រើនខែ ក្រោយពីត្រូវបានចោទប្រកាន់ថា បានបង្ខូចកេរ្តិ៍ឈ្មោះសមាជិកខ្លះរបស់រដ្ឋាភិបាលក៏ដោយ។ គ្រិជិន និយាយថា នៅក្រោមលោក បិន អាលី សេរីភាពនេះរលាយបាត់អស់។
គ្រិជិននិយាយថា មានបម្រាមជាច្រើននៅក្រោម បិន អាលី។ បណ្តាញព័ត៌មានមិនអាចរិះគន់ប្រធានាធិបតី និងគ្រួសាររបស់លោកបានទេ។ គេមិនអាចរាយការណ៍អំពីរឿងអាស្រូវណាដែលប៉ះពាល់ទៅលើរដ្ឋាភិបាល ឬពាណិជ្ជកម្មធំៗ ឬអំពីការលួចបន្លំក្នុងការបោះឆ្នោតបានទេ។
ប្រព័ន្ធអ៊ិនធឺណិត ជាពិសេស ហ្វេសប៊ុក (Facebook) ធ្វីធរស៍ (Twitters) និងប្លក (Blog) បានផ្សព្វផ្សាយព័ត៌មាន ជំរុញឲ្យមានការផ្លាស់ប្តូរអំណាចនៅក្នុងទុយនេស៊ី គឺមិនមែនបណ្តាញព័ត៌មានធម្មតាទេ។ បណ្តាញព័ត៌មានទុយនេស៊ីធម្មតាបានរាយការណ៍តែបន្តិចបន្តួចប៉ុណ្ណោះអំពីបាតុកម្ម រហូតទាល់តែលោក បិន អាលី បានចេញផុត។
ឥឡូវនេះ ព័ត៌មានពេលល្ងាចមានសរសេរអំពីការរិះគន់រដ្ឋាភិបាលរបស់។ ទូរទស្សន៍រដ្ឋទុយនេស៊ីបានផ្លាស់ប្តូរទិសដៅ។ សារព័ត៌មានខ្លះបានធ្វើតាម ដោយដេញនិពន្ធនាយករបស់ខ្លួនចោល។
ព្រឹត្តការណ៍នៅប្រទេសទុយនេស៊ី អាចជាសញ្ញាព្រមានមួយសម្រាប់ប្រទេសអារ៉ាប់ដទៃទៀត ដែលការដាក់លក្ខខណ្ឌលើបណ្តាញព័ត៌មានជាការធម្មតា។ អង្គការឃ្លាំមើលបណ្តាញព័ត៌មានឈ្មោះ ‘អ្នករាយការណ៍គ្មានព្រំដែន’ បានឲ្យពិន្ទុរទាបដល់មជ្ឈឹមបូព៌ាប្រទេស និងទ្វីបអាហ្វ្រិកខាងជើង នៅក្នុងលិបិក្រម(តារាង)សេរីភាពបណ្តាញព័ត៌មានចុងក្រោយរបស់ខ្លួន។ ប្រទេសទុយនេស៊ីបានជាប់លេខជិតក្រោមគេបំផុត។ ‘អ្នករាយការណ៍គ្មានព្រំដែន’បានរៀបរាប់អំពីការចាកចេញរបស់លោក បិន អាលី យ៉ាងដូច្នេះថា ‘អ្នកបំបាត់សេរីភាពព័ត៌មានបានចេញទៅហើយ’។
នៅទស្សនាវដ្តី រេអាលីតេស៍ ឥឡូវនេះអ្នកយកព័ត៌មានមានលក្ខខណ្ឌតែមួយទេ - គឺពេលកំណត់សម្រាប់ពួកគេ។ ពួកគេត្រូវបញ្ចប់កិច្ចការរបស់គេឲ្យបានមុនថ្ងៃលិច ដើម្បីបញ្ជូនរឿងរបស់គេទៅឲ្យទស្សនាវដ្តី៕
ប្រែសម្រួលដោយ កែរ យ៉ាន