ទីក្រុងទុយនីស៖ ស្ត្រីគឺជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានផ្តួលរំលំមេដឹកនាំរបស់ប្រទេសទុយនីស៊ីនិងអេហ្ស៊ីប។ ឥឡូវនេះ ខណៈពេលដែលទុយនីស៊ីបិទទំព័រនៃរបបផ្តាច់ការរួចហើយស្រ្តីកំពុងស្វែងរកឱកាសរបស់ខ្លួននៅក្នុងសមាសភាពនយោបាយនាពេលអនាគតនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។
នេះជាសំឡេងស្រដៀងគ្នានៅក្នុងការតវ៉ាកាលពីខែមករា ដែលបានបណ្តេញបុរសខ្លាំងគឺលោកប្រធានាធិបតី ហ្ស៊ីន អេលអាប៊ីឌីន បិនអាលី (Zine el Abidine Ben Ali) ឲ្យចេញពីមុខតំណែង។ សំឡេងរបស់ស្ត្រី មានដូចជាអ្នកគ្រូ ឡេឌៀ ណេប្លី (Ledia Nebli) ដែលបានចូលរួមក្នុងការប្រមូលផ្តុំគ្នាប្រឆាំងនឹងរបបមួយនេះនៅទីក្រុងទុយនីសជាមួយស្វាមីរបស់លោកស្រី និងកូនស្រីទាំងបីនាក់ផង។
លោកស្រី ណេប្លី មានប្រសាសន៍ថាជាការណ៍ពិតណាស់ស្រ្តីបានស្ថិតនៅក្បែរបុរសជានិច្ចនៅក្នុងបាតុកម្មនោះពួកគេចង់បានសេរីភាពក្រោយរបបផ្តាច់ការដែលមានរយៈពេលជាងពីរទសវត្សរ៍។
ស្រ្តីទុយនីស៊ី បានស្ថិតនៅក្បែរបុរសតាមរបៀបផ្សេងទៀតជាច្រើនដោយចាប់ផ្តើមពីការប្រយុទ្ធដើម្បីឯករាជ្យភាព ពីប្រទេសបារាំង កាលពីជាងកន្លះសតវត្សរ៍កន្លងទៅ។ មនុស្សជាច្រើនមានដូចជាអ្នករាយការណ៍ព័ត៌មាន លោកស្រី សាម៉ា ណេហ្គីដា (Samar Neguida) មានមោទនភាពចំពោះតួនាទីរបស់ស្ត្រីទាំងនោះ។
«ស្រ្តីទុយនីស៊ី មានសិទ្ធិសេរីភាពច្រើនជាងកន្លែងផ្សេងៗទៀតនៅក្នុងតំបន់អារ៉ាប់និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ពួកគេមានសិទ្ធិបោះឆ្នោត ពួកគេត្រូវបានអនុញ្ញាតឲ្យមានរថយន្តដែលមិនដូចស្ត្រីនៅប្រទេសអារ៉ាប៊ីសាអូឌីទេ។ ពួកគេមានសិទ្ធិនៅក្នុងរដ្ឋសភាដែលមានសមាសភាពស្ត្រីជាង២៥ភាគរយនៅក្នុងសភាជាន់ទាប»។
ឥឡូវនេះ ស្រ្តីទុយនីស៊ី កំពុងស្វែងរកឱកាសរបស់ខ្លួននៅក្នុងទិដ្ឋភាពថ្មីក្រោយរបបបិនអាលី។ អ្នកខ្លះព្រួយបារម្ភពីការងើបឡើងវិញនៃគណបក្សអ៊ីស្លាមអេណាដា (Ennadha Islamist party) ដែលធ្លាប់ត្រូវបានហាមឃាត់។
លោក រ៉ាឆីត ហ្គានូជី (Rachid Ghanouchi) ប្រធានគណបក្សនេះបានអះអាងថា លោកគ្មានចេតនាក្នុងការដាក់បង្ខំជំនឿផ្ទាល់ខ្លួនគាត់ទៅលើជនជាតិទុយនីស៊ីទេ។ ប៉ុន្តែ ស្ត្រីទាំងឡាយ មានដូចជា លោកស្រី ហ្វាតែន អាប់ដេលខេហ្វី (Faten Abdelkefi) ដែលជាមាតាម្នាក់មានអាយុ៣៣ឆ្នាំ និងកូនបីនាក់ផងហើយក៏ជាអ្នកចូលរួមដ៏សំខាន់ក្នុងការក្រោកឡើងប្រឆាំងនៅតាមទំព័រ Facebook ដែលបានបណ្តេញលោកបិនអាលីឲ្យចេញពីអំណាចបានចេញមុខប្រើកម្លាំងដោយធ្វើបាតុកម្មប្រឆាំងនឹងការវិលត្រឡប់របស់លោកកាលពីចុងខែមុននេះ។
លោកស្រីអាប់ដេលខេហ្វី ថ្លែងថាស្រ្តីទុយនីស៊ី មានការព្រួយបារម្ភថាពួកគេអាចបាត់បង់សិទ្ធិដែលពួកគេបានទទួលប្រសិនបើគណបក្សអេណាដាក្លាយទៅជាកម្លាំងនយោបាយដ៏សំខាន់មួយនោះ។
ប៉ុន្តែ អ្នកផ្សេងៗទៀតដូចជាលោកស្រី ណេហ្គីដា កត់សម្គាល់ថាការគាំទ្រសិទ្ធិរបស់ស្រ្តីក៏ត្រូវបានប្រើធ្វើជាលេសមួយដើម្បីផ្តល់ភាពស្របច្បាប់ដល់របបមិនដឹកនាំតាមសាសនាជាប់លាប់និងគ្មានលទ្ធិប្រជាធិបតេយ្យរបស់លោកបិនអាលីផងដែរ។
«តាមទស្សនៈមួយឬផ្សេងៗទៀត ការធ្វើបែបនេះបានជួយលោកបិនអាលី។ ឧទាហរណ៍ ដោយសារតែលោកបានប្រយុទ្ធប្រឆាំងនឹងពួកជនអ៊ីស្លាមតាមរយៈការឱ្យដោះស្បៃបិទមុខចេញពីស្ត្រី»។
ដោយការបោះឆ្នោតត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងរយៈពេល៦ខែទៀតឥឡូវនេះ ស្រ្តីទាំងឡាយ កំពុងពិចារណាថាតើពួកគេនឹងមានតួនាទីណាមួយនៅក្នុងដំណើរការបោះឆ្នោតនេះ។
លោកស្រីអាប់ដេលខេហ្វី អ្នកសរសេរប្លុក ឬគេហទំព័រផ្ទាល់ខ្លួនមានប្រសាសន៍ថាស្រ្តីទាំងឡាយ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិលត្រឡប់របស់ពួកជនអ៊ីស្លាម ពួកគេបានផ្តោតការយកចិត្តទុកដាក់តិចតួចណាស់ទៅលើឱកាសរបស់ស្ត្រី នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននាពេលបច្ចុប្បន្ននេះ ដែលមានស្ត្រីកាន់តំណែងជារដ្ឋមន្ត្រីពីររូបក្នុងចំណោមរដ្ឋមន្ត្រី២៣រូប។ គ្មានតំណែងអភិបាលណាមួយក្នុងចំណោមតំណែងអភិបាលទាំង២៤ ជាស្ត្រីទេ។
លោកស្រីអាប់ដេលខេហ្វី បានស្នើឡើងថា ក្រុមដ៏យូរអង្វែងមួយ ឈ្មោះ សមាគមស្ត្រីប្រជាធិបតេយ្យទុយនីស៊ី (Tunisian Association of Democratic Women) អាចត្រូវកែប្រែទៅជាគណបក្សនយោបាយមួយវិញ។
លោកស្រី អាប់ដេលខេហ្វី ក៏កំពុងសម្លឹងមើលទៅលើស្ត្រី នៅតាមបណ្តាប្រទេសអារ៉ាប់ដទៃទៀត ដែលឥឡូវនេះបានចូលប្រឡូកក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។ លោកស្រីបានឲ្យដឹងថា លោកស្រីបានអបអរសាទរដល់សមភាគីរបស់លោកស្រី នៅអេហ្ស៊ីបដែលបានជួយបណ្តេញលោកប្រធានាធិបតីដ៏យូរលង់ ហូស្នី មូបារ៉ាក់ (Hosni Mubarak) ឲ្យចេញពីមុខតំណែងកាលពីថ្ងៃសុក្រកន្លងមកនេះ៕
ប្រែសម្រួលដោយលី សុខឃាង