ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ផ្ទេរ​តំណែង​លោក Trump គ្រោង​ធ្វើ​បញ្ច្រាស​គោលនយោបាយ​លោក Biden រឿង​រថយន្ត​អគ្គិសនី


រូបឯកសារ៖ រថយន្ត Tesla តម្រង់ជួរនៅចំណតរថយន្តរោងចក្រ Fremont រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ រថយន្ត Tesla តម្រង់ជួរនៅចំណតរថយន្តរោងចក្រ Fremont រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុម​ផ្ទេរ​តំណែង​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump កំពុង​ផ្តល់​អនុសាសន៍​ឲ្យ​ផ្លាស់ប្តូរ​ខ្លាំងក្លា​ដោយ​កាត់ផ្តាច់​ការ​គាំទ្រ​រថយន្ត​អគ្គិសនី​និង​ស្ថានីយ​សាក​អាគុយ​រថយន្ត និង​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​នាំចូល​រថយន្ត គ្រឿងបន្លាស់ និង​អាគុយ​រថយន្ត​ពី​ចិន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ផ្អែក​លើ​ឯកសារ​មួយ​ដែល​ខ្លួន​បាន​ឃើញ។

អនុសាសន៍​ទាំងនោះ​បាន​ធ្វើ​ឡើង​នៅពេល​ដែល​ការ​វិវត្ត​ទៅ​ប្រើ​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាមេរិក​នៅ​ជាប់គាំង ហើយ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ដែល​មាន​រដ្ឋ​ឧបត្ថម្ភ​ធន​ដ៏​សម្បើម​របស់​ចិន​បន្ត​កើនឡើង។

ក្រុម​ផ្ទេរ​តំណែង​លោក Trump ក៏​បាន​ផ្តល់​អនុសាសន៍​ផងដែរ​ឲ្យ​ដាក់​ពន្ធគយ​លើ​ទំនិញ​អាគុយ​គ្រប់​ប្រភេទ​ទូទាំង​សាកលលោក​ដើម្បី​ជំរុញ​ផលិតកម្ម​របស់​អាមេរិក ហើយ​បន្ទាប់មក​ចរចា​លើកលែង​ពន្ធ​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​នីមួយៗ។ នេះ​បើ​តាម​ឯកសារ​នោះ។

ជារួម អនុសាសន៍​ទាំងនោះ​គឺជា​ការ​ធ្វើ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ដោយ​ការ​លើកទឹកចិត្ត​សង្វាក់​ផ្គត់ផ្គង់​អាគុយ​ក្នុង​ប្រទេស​ផ្ដាច់ចេញ​ពី​ចិន​តាមរយៈ​ការ​វិវត្ត​ទៅ​ប្រើ​រថយន្ត​អគ្គិសនី​យ៉ាង​ឆាប់រហ័ស។

ផែនការ​របស់​ក្រុម​ផ្ទេរ​តំណែង​លោក Trump នេះ​នឹង​បង្វែរ​ថវិកា​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​សាងសង់​ស្ថានីយ​សាក​អាគុយ​និង​ការ​ធ្វើឲ្យ​រថយន្ត​អគ្គិសនី​មាន​តម្លៃ​សមរម្យ​ទៅ​ក្នុង​អាទិភាព​ការពារ​ជាតិ​វិញ ដែល​រួម​មាន​ទាំង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​អាគុយ​និង​ធាតុផ្សំ​សំខាន់ៗ​ដើម្បី​ផលិត​អាគុយ​ទាំង​នេះ​មិន​ពាក់ព័ន្ធ​នឹង​ចិន​ផងដែរ។

សំណើ​នេះ​ចេញ​មកពី​ក្រុម​ផ្ទេរ​តំណែង​របស់​លោក Trump ដែល​មាន​ភារកិច្ច​ធ្វើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​ភ្លាមៗ​នូវ​គោលនយោបាយ​ថ្មី​ស្តីពី​រថយន្ត។ គោលនយោបាយ​ថ្មី​នេះ​អាច​ប៉ះពាល់​ដល់​ការ​លក់​និង​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​អាមេរិក នៅ​ចំ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ល្បីៗ​ដូចជា General Motors និង Hyundai ជាដើម​បាន​ចេញ​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ក្នុង​ទីផ្សារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG