ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​លោក Trump បញ្ឈប់​អគ្គ​អធិការកិច្ច​ក្រសួង​ការបរទេស​ពី​តំណែង


រូបឯកសារ៖ លោក Steve Linick អគ្គអធិការកិច្ច​​ក្រសួង​ការបរទេស ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក Steve Linick អគ្គអធិការកិច្ច​​ក្រសួង​ការបរទេស ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៩។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​លោក​ប្រធានាធិបតី Donald Trump បញ្ឈប់​អគ្គ​អធិការកិច្ច​នៃ​ក្រសួង​ការបរទេស​ពី​តំណែង។

លោក Trump បាន​បញ្ឈប់​លោក​អគ្គ​អធិការកិច្ច Steve Linick កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ លោក Trump បាន​បញ្ឈប់​តំណែង​មនុស្ស ៣ នាក់​រួច​មក​ហើយ តាំង​ពី​ព្រឹទ្ធសភា​បាន​សម្រេច​កាល​ពី​ខែ​កុម្ភៈ​មក​ថា​លោក​គ្មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​ដក​លោក​ពី​តំណែង​ជា​ប្រធានាធិបតី និង​តាំង​ពី​ពេល​ដែល​លោក​បាន​រិះគន់​គេ​ឯង​មក។

លោក Linick ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo។

សមាជិក​ព្រឹទ្ធសភា​លោក Bob Menendez និង​សមាជិក​រដ្ឋសភា​លោក Eliot Engel បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​លិខិត​រួម​គ្នា​មួយ​ផ្ញើ​ទៅ​កាន់​សេតវិមាន​ថា៖ «សេចក្ដី​រាយការណ៍​នានា​បាន​បង្ហាញ​ថា លោក​រដ្ឋមន្ត្រី Mike Pompeo បាន​ស្នើ​ដោយ​ផ្ទាល់​ឲ្យ​មាន​ការ​បញ្ឈប់​លោក Linick ពី​តំណែង ហើយ​ពួក​យើង​យល់​ថា លោក Pompeo ធ្វើ​ដូច្នេះ ដោយសារតែ​លោក​អគ្គអធិការកិច្ច Linick បាន​បើក​ការ​ស៊ើប​អង្កេត​លើ​កំហុស​ផ្ទាល់​ខ្លួន​របស់​លោក Pompeo»។

លោក Menendez ដែល​ជា​សមាជិក​ជាន់​ខ្ពស់​បំផុត​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា និង​លោក Engle ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា បាន​បន្ថែម​ដូច្នេះ​ថា៖ «ទង្វើ​បែប​នេះ... អាច​ជា​ទង្វើ​សងសឹក​ដោយ​ខុស​ច្បាប់»។

សមាជិក​សភា​ទាំង​ពីរ​បាន​ស្នើ​សេតវិមាន​ឲ្យ​ប្រគល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​លោក Linick ពី​តំណែង ជូន​ដល់​គណៈកម្មាធិការ​របស់​ពួកគេ។

លោក Linick ត្រូវ​បាន​តែងតាំង​ជា​អគ្គ​អធិការកិច្ច​នៃ​ក្រសួង​ការបរទេស ដោយ​លោក​អតីត​ប្រធានាធិបតី Barack Obama៕

XS
SM
MD
LG