ការបោះឆ្នោតដែលមានជម្លោះក្នុងប្រទេសកូដឌីវ័រ (Cote d’Ivoire ) បានធ្វើឲ្យមានប្រធានាធិបតីប្រជែងពីរនាក់ដែលដឹកនាំរដ្ឋាភិបាលប្រកួតប្រជែងគ្នា។ ក៏ប៉ុន្តែមានមេដឹកនាំតែមួយគត់នៃមេដឹកនាំទាំងពីរនោះ បានកាន់កាប់វិមានប្រធានាធិបតី។ មេដឹកនាំម្នាក់ទៀតស្ថិតនៅសណ្ឋាគារកន្លែងកំសាន្តដែលត្រូវបានការពារដោយកងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ មេដឹកនាំពិភពលោកស្ទើរតែទាំងអស់ឥឡូវនេះទទួលស្គាល់ថា សណ្ឋាគារនេះជាទីកន្លែងកាន់អំណាចរបស់ប្រទេស។
ដោយមានកងទ័ពរដ្ឋាភិបាលព័ទ្ធជុំវិញសណ្ឋាគារ Golf មធ្យោបាយតែមួយគត់ ដែលជនស៊ីវិលចេញចូលបានគឺតាមឧទ្ធម្ភាគចក្រ។
អ្នកបើកយន្តហោះជាតិអ៊ុយក្រែន ដែលបើកយន្តហោះរយៈពេល៥នាទីបានដឹកជញ្ជូនកាសែតនិងរបស់ផ្ញើតាមប៉ុស្តិ៍ប្រចាំថ្ងៃ ទឹកដោះគោប្រអប់ ទឹកផឹក ទឹកខ្មៅសម្រាប់ម៉ាស៊ីនថតចម្លង ហើយនឹងពួកបុរសនិងស្រ្តីដែលសម្អាតសណ្ឋាគារនិងបូមទឹកសំអុយ។
ឧទ្ធម្ភាគចក្រធ្វើនៅប្រទេសរុស្ស៊ី ហោះក្រឡឹងបឹងទឹកប្រៃក្បែរមាត់សមុទ្រដ៏សំខាន់មួយរបស់ទីក្រុងអាប៊ីចាន (Abidjan) ដើម្បីចុះចតនៅចំណតបណ្តោះអាសន្ននៅទីធ្លាខាងក្រោយសណ្ឋាគារ។
នេះជាមជ្ឈមណ្ឌលរដ្ឋាភិបាលរបស់លោក Alassane Ouattara ដែលគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសកូដឌីវ័រហើយនិងសហគមន៍អន្តរជាតិភាគច្រើន បានទទួលស្គាល់ថាជាប្រធានាធិបតីជាប់ឆ្នោតត្រឹមត្រូវតាមច្បាប់។ ក៏ប៉ុន្តែមេដឹកនាំកំពុងកាន់អំណាចឡូរ៉ង់បាបបូ (Laurent Gbagbo) មិនបោះបង់អំណាចទេ ពីព្រោះសម្ព័ន្ធមិត្ររបស់លោកនៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានសន្លឹកឆ្នោតល្មមគ្រប់គ្រាន់ដើម្បីធ្វើឲ្យលោកនាំមុខលោកវ៉ាតារ៉ា។
បញ្ហានេះ បាននាំឲ្យមានភាពទាល់ច្រករវាងរដ្ឋាភិបាលប្រកួតប្រជែងរបស់គណៈរដ្ឋមន្រ្តីលោក Gbagbo ដែលមានក្រសួងនៅក្នុងទីក្រុងហើយនិងគណៈរដ្ឋមន្រ្តីរបស់លោក Outtara ដែលជាប់នៅក្នុងសណ្ឋាគារ Golf។
អ្នកសារព័ត៌មានរបស់លោកវ៉ាតារ៉ាធ្វើការងារនៅការិយាល័យរបស់អ្នកចាត់ការទូទៅ។ ពួកអ្នកគាំទ្រខាងនយោបាយលេងបៀនៅកន្លែងទទួលភ្ញៀវដែលស្ទើរតែគ្មានអ្វីទាំងអស់ ដែលមានម៉ាស៊ីនបើកលុយគ្មានប្រាក់នៅក្នុងនោះ ទីភ្នាក់ងារធ្វើដំណើរបានបិទទ្វារ ហើយពួកអ្នកបម្រើសសេរចំនួនទឹកប្រាក់នៅលើក្រដាសកត់សំគាល់លុយជំពាក់ ពីព្រោះខ្វះក្រដាសប្រាក់តូចៗសម្រាប់ប្រើប្រាស់។
លោក ឃីត អេដវឺដ (Keith Edward ) ជាទីប្រឹក្សាច្បាប់របស់លោកវ៉ាតារា។
“ទោះបីលោកអ្នកស្ថិតនៅក្នុងទីក្រុងនោះក៏ដោយ ក៏លោកអ្នកនៅមិនទាន់ដឹងថា មានអ្វីកំពុងកើតមានឡើងដែរនៅក្នុងបរិយាកាសដែលលោកអ្នកមានព័ត៌មានយ៉ាងច្រើនតែពិបាកផ្ទៀងផ្ទាត់ថា តើព័ត៌មាននោះពិតឬមិនពិតនោះ“។
លោកអេដវឺដ (Edward )បានចុះឈ្មោះចូលសម្រាកក្នុងសណ្ឋាគារ Golf មុនពេលបោះឆ្នោតខែវិច្ឆិកានៅពេលដែលមនុស្សធ្វើដំណើរដោយសេរី។ លោកនិយាយថា ការបិទផ្លូវចេញចូលរបស់កងទ័ព ធ្វើឲ្យក្រុមគ្រួសារដែលស្ថិតនៅតំបន់ផ្សេងគ្នា មានការពិបាកខ្លាំងបំផុតក្នុងការធ្វើទំនាក់ទំនង។
“មនុស្សស្ទើរតែទាំងអស់នៅទីនេះរស់នៅក្នុងទីក្រុង។ ដូច្នេះពួកគេមានសមាជិកក្រុមគ្រួសារ កូនចៅ ប្តី ប្រពន្ធនៅម្ខាងទៀតនៃស្ពាននេះ ហើយ ព្រះអើយមិនមានទំនាក់ទំនងផ្ទាល់ខ្លួនទេ មិនតែទំនាក់ទំនងប្រព័ន្ធទូរស័ព្ទចល័តល្អនៅក្នុងប្រទេសនេះតែប៉ុណ្ណោះ“។
លោក Alcide Djedje រដ្ឋមន្រ្តីក្រសួងការបរទេសរបស់លោកបាបបូ និយាយថា សណ្ឋាគារ Golf មិនមែនជាគុកទេ។
“លោក Djedje និយាយថា ការបិទផ្លូវចេញចូលនេះមានបំណងការពារជនជាតិកូដដឺវ័រនិងអ្នកការទូតដែលរស់នៅជិតសណ្ឋាគារនេះ“។
លោក Allomo Koussi ជាអ្នកគាំទ្រលោកវ៉ាតតារា មិនបានចាកចេញពីសណ្ឋាគារជាងមួយខែហើយ ក៏ប៉ុន្តែ លោកយល់ស្របថា សណ្ឋាគារនេះមិនមែនជាគុកទេ។ លោកនិយាយទៀតថា អ្នកទោសក្នុងប្រទេសកូដដឺវ័រគឺលោកឡូរ៉ង់បាបបូទៅវិញទេ។
លោកគូសស៊ី និយាយថា មនុស្សទាំងអស់នៅក្នុងសណ្ឋាគារនេះមានគោលដៅមួយគឺថា លោកបាបូត្រូវចាកចេញពីអំណាច។ ចំពោះការទទួលទានឬក៏មិនទទួលទាន លោកគូសស៊ី និយាយថា ពួកគេនឹងទទួលទានអាហារឆ្ងាញ់នៅថ្ងៃស្អែក។ គោលដៅរបស់ពួកគេនៅពេលឥឡូវនេះ គឺត្រូវដកចេញរបាំងទាំងអស់។ លោកនិយាយទៀតថា ចំពោះពួកគេ ឧបសគ្គរបស់ប្រទេសកូដដឺវ័រគឺលោកឡូរ៉ង់បាបូ។
លោក Djeje និយាយទៀតថា លោកបាបូនឹងមានការរីករាយលើកចោលរបាំង ប្រសិនបើមិនមានកងទ័ពប្រដាប់ទៅដោយអាវុធធុនធ្ងន់ជាង៣រយនាក់ដែលកំពុងនៅក្នុងសណ្ឋាគារទេនោះ។
លោក Djeje និយាយថា យោធាមិនអាចអនុញ្ញាតឲ្យពួកឧទ្ទាមទាំងនោះធ្វើចលនាដោយសេរីទេ ពីព្រោះពួកគេនៅក្បែរគេហដ្ឋានរបស់លោកបាបូ ពីព្រោះពួកគេជិះទូកតែ៥នាទីនឹងទៅដល់គេហដ្ឋានលោកបាបូ។
ពួកឧទ្ទាម២នាក់បានលេងអុកនៅលើរានហាលផ្ទាល់នឹងដីដែលមានពួកស្រីៗលក់កាតទូរស័ព្ទ ដោយមានការឡើងថ្លៃ១០ភាគរយ។ ពួកកងថែរក្សាសន្តិភាពជាតិសេណេហ្គាល់ (Senegal) បោកគក់សម្លៀកបំពាក់នៅជិតអាងហែលទឹក សម្លៀកបំពាក់របស់ពួកគេដាក់ហាលត្រដាងលើកៅអីទម្រតដែលព័ទ្ធជុំវិញបារនីយដ្ឋានដែលឥឡូវនេះគ្មានមនុស្ស។ មន្រ្តីប៉ាគីស្ថានម្នាក់ដឹកនាំពួកទាហាននិងជនស៊ីវិលក្នុងការសូត្រធ៌មនៅជិតតង់ស្នាក់នៅដ៏វែងព៌ណសរបស់អង្គការសហប្រជាជាតិ។
ពួកអ្នកបោសសម្អាតដែលមិនបានស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសណ្ឋាគារ បានកាត់ស្មៅវែងៗនៅជុំវិញតង់ស្នាក់នៅព៌ណខ្លាឃ្លោករបស់កងថែរក្សាសន្តិភាព។ រថពាសដែកបានខ្ទប់ផ្លូវចូលទ្វារមុខ។ មានកាំភ្លើងយន្តនៅលើបាវខ្សាច់ដាក់នៅតម្រៀបនៅមាត់ជណ្តើរ។ មានលួសបន្លាព័ទ្ធជុំវិញវាលភក់នៅមាត់បឹងទឹកប្រៃក្បែរមាត់សមុទ្រ។
ពួកអ្នកគាំទ្រលោកបាបូនិយាយចម្អកដល់សណ្ឋាគារដែលលោកវ៉ាតារាស្នាក់នៅថា ជា La Republique de Golf ដែលមានន័យថា ឥទ្ធិពលរបស់លោកមាននៅតែកន្លែងដែលពួកទាហានព័ទ្ធប៉ុណ្ណោះ។
ក៏ប៉ុន្តែ លោកអេដវឺដ ទីប្រឹក្សាច្បាប់ និយាយថា ភាគីទាំងពីរដែលមានការបែកបាក់ខាងនយោបាយក្នុងរដ្ឋធានីអាប៊ីចាន មានច្រើនជាងមនុស្សភាគច្រើនបានគិត។
“ការទាក់ទងគ្នាមិនបានល្អជាកត្តាដ៏សំខាន់មួយ ហើយការប្រាស្រ័យទាក់ទងមិនបានល្អនេះហើយដែលមានឥទ្ធិពលលើឥរិយាបទរបស់មនុស្សនៃភាគីទាំងពីរ។ ខ្ញុំបានឃើញស្រ្តីជាច្រើនស្រែកយំ ពីព្រោះពួកគាត់គិតថា កូនរបស់គាត់បានបាត់ខ្លួន ឬគ្រួសារស្រែកយំនៅម្ខាងទៀត ពីព្រោះពួកគេកំពុងគិតថា គ្រាប់បែកទើបតែធ្លាក់មកលើពួកយើង“។នៅពេលព្រលប់នៅលើវាស្មៅខាងក្រោយសណ្ឋាគារ មានការប្រកួតបាល់ទាត់រវាងកងថែរក្សាសន្តិភាពជាតិហ្សកដានីនិងពួកឧទ្ទាមកូដដឺវ័រ។
ពួកគេប្រហែលកំពុងការពារបុរសតែមួយ ក៏ប៉ុន្តែនៅពេលលេងបាល់ ពួកគេកំពុងរុញគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង។
ប្រធានថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចង់ជួយជ្រោមជ្រែងកងកម្លាំងនេះក្នុងរយៈពេល៣-៤សប្តាហ៍ខាងមុខទៀតនេះ។ ក៏ប៉ុន្តែ លោកបាបូនិយាយថា មនុស្សទាំងអស់ រួមទាំងទាហានជិត៨រយនាក់ដែលកំពុងការពារសណ្ឋាគាររបស់លោកវ៉ាតារាផងដែរ ត្រូវតែចាកចេញពីកូដឌីវ័រដោយសារលោកលែងមានទំនុកចិត្តតទៅទៀតលើអព្យាក្រិត្យភាពរបស់ពួកគេ ពីព្រោះពួកគេកំពុងការពារគូប្រជែងរបស់លោក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន