សហចៅក្រមស៊ើបអង្កេតអន្ដរជាតិ លោក ស៊ីកហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) បានប្រកាសលាលែងពីការងារនៅថ្ងៃច័ន្ទនេះ ដោយសារមូលហេតុនៃការជ្រៀតជ្រែកផ្នែកនយោបាយជាខ្លាំងរបស់រដ្ឋាភិបាលទៅលើកិច្ចការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤ដែលរដ្ឋាភិបាលកម្ពុជាបានបង្ហាញការជំទាស់ជាចំហមិនចង់ឲ្យលេចចេញជារូបរាងនោះទេ។
លោក ស៊ីកហ្វ្រ៊ីត ប៊្លុង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លូនថា លោកបានបញ្ជូនពាក្យនៃការសុំលាឈប់ពីការងាររបស់លោករួចហើយកាលពីថ្ងៃសៅរ៍ទី ៨ ខែតុលា ទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-Moon) បន្ទាប់ពីរូបលោកបានទទួលការប្រឆាំងជំទាស់របស់លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន និងការប្រឆាំងជំទាស់នេះត្រូវបានលើកឡើងច្រំដែលៗ ដោយមន្ដ្រីរដ្ឋាភិបាលដែលលោកចុចចំឈ្មោះ រួមមានលោក ខៀវ កញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្ដីក្រសួងការបរទេស។
សហចៅក្រមស៊ើបអង្កេតសញ្ជាតិអាល្លឺម៉ង់បានហៅអំពើទាំងនោះថា «ការប៉ុនប៉ងជ្រៀតជ្រែករបស់មន្ដ្រីរដ្ឋាភិបាលក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤»។
កាលពីសប្ដាហ៍មុនអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអំពាវនាវឲ្យសហចៅក្រមស៊ើបអង្កេតទាំងពីររូប គឺលោក យូ ប៊ុនឡេង និងលោក ស៊ីកហ្វ្រ៊ីត ប៊្លុង លាឈប់ពីការងារដោយសារតែពួកលោកខកខានក្នុងការធ្វើការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ និង០០៤ ឲ្យបានត្រឹមត្រូវនិងមិនលម្អៀង។
លោកចៅក្រម ស៊ីកហ្វ្រ៊ីត ប៊្លុង ត្អូញត្អែរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ទោះបីជារូបលោកមិនបណ្ដោយខ្លួនឲ្យមានជ្រៀតជ្រែកដូចបានលើកឡើងមកនេះក៏ដោយ ប៉ុន្ដែសមត្ថភាពរបស់លោកក្នុងការទប់ទល់នឹងការលើកឡើងដោយមន្ដ្រីរដ្ឋាភិបាល និងការធ្វើការដោយឯករាជ្យអាចស្ថិតក្នុងការមន្ទិលសង្ស័យហើយក៏ធ្វើឲ្យមានការមន្ទិលអំពីបូរណភាពនៃនិតិវិធីក្នុងសំណុំរឿង ០០៣ និង ០០៤ ដែរ។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍ថា លោកចៅក្រម ស៊ីកហ្វ្រ៊ីត ប៊្លុង នឹងស្ថិតនៅកម្ពុជារហូតដល់មានចៅក្រមអន្ដរជាតិថ្មីមកជំនួសរូបលោក។
«រយៈពេលនៃការលាលែងនេះ គឺនឹងផ្អែកទៅលើលោកអគ្គលេខាធិការអង្គការសប្រជាជាតិនិងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលមានអំណាចតែងតាំងសម្រាប់ការជំនួសនេះ»។
យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ម៉ាទិន ណេសៀរគី (Martin Nesirky) ដែល វីអូអេ សំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា លោកបាន គីមូន បានទទួលលិខិតសុំលាលែងពីការងាររបស់លោកចៅក្រមស៊ីកហ្វ្រ៊ិត ប៊្លុង រួចហើយអង្គការសហប្រជាជាតិនឹងតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងជនជាតិស្វ៊ីស លោក ឡូរ៉ង់ កាសពែ អានស៊ែម៉េ ដើម្បីជំនួសលោក ប៊្លុង ឲ្យបានឆាប់បំផុត។
អ្នកនាំពាក្យរបស់លោកបាន គីមូន ដដែលបានបញ្ជាក់ឡើងវិញថា សាលាក្ដីខ្មែរក្រហមត្រូវតែឯករាជ្យពីការជ្រៀតជ្រែកនានារាប់ទាំងការជ្រៀតជ្រែកពីរាជរដ្ឋាភិបាលខ្មែរ ពីប្រទេសម្ចាស់ជំនួយ និងពីអង្គការសង្គមស៊ីវិលផងដែរ។
លោកសហចៅក្រមកម្ពុជា យូ ប៊ុនឡេង បដិសេធធ្វើការបកស្រាយលើហេតុផលនៃការលាលែងពីការងារដែលលោក ប៊្លុង បានលើកឡើងនោះ។ ក៏ប៉ុន្ដែលោកបានសម្តែងការសោកស្ដាយចំពោះរឿងនេះ។
«(ខ្ញុំ)សោកស្ដាយគាត់នៅពេលដែលគាត់លាលែងទៅ។ គាត់ធ្លាប់ធ្វើការជាមួយយើងបានល្អ»។
យ៉ាងណាក៏ដោយលោក ខៀវ កញ្ញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល ហើយបានស្ដីបន្ទោសថា លោក ប៊្លុងបរាជ័យក្នុងការសហការណ៍ល្អជាមួយនឹងសហសេវឹករបស់ខ្លួនក្នុងសាលាក្ដីខ្មែរក្រហម។
លោក អ៊ូ វីរៈ នាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបកស្រាយថា ការលាលែងពីការងាររបស់ សហចៅក្រមស៊ើបអង្កេតអន្ដរជាតិបានបង្ហាញពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងសំណុំរឿង០០៣ និង ០០៤។ ប្រសិនបើសាលាក្ដីខ្មែរក្រហមបិទទ្វារដោយពុំមានការស៊ើបអង្កេតពេញលេញនិងត្រឹមត្រូវក្នុងសំណុំរឿងទាំងពីរ នោះមានន័យថា អង្គការសហប្រជាជាតិនឹងធ្វើឲ្យជនរងគ្រោះដោយរបបខ្មែរក្រហមខកចិត្ត៕