មន្រ្ដីជាន់ខ្ពស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការបន្ថែមមួយទៀតនៅចុងខែសីហាខាងមុខនេះ ដើម្បីសម្រេចពីបញ្ហាសុខភាពរបស់ជនជាប់ចោទចាស់ជរាចំនួនបីនាក់នៅក្នុងសំណុំរឿង០០២ ថាតើពួកគេអាចចូលរួមការកាត់ទោសបានឬយ៉ាងណា។
ការកាត់ទោសពេញអង្គក្នុងសំណុំរឿង០០២ត្រូវបានគ្រោងនឹងធ្វើជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០១១នេះ។ នេះបើផ្អែកតាមប្រភពពីមន្ដ្រីតុលាការ។
នៅក្នុងរបាយការណ៍ជាសាធារណៈនៅថ្ងៃនេះដែរ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានបង្ហាញថា សាលាដំបូងបានទទួលរបាយការណ៍ស្តីពីស្ថានភាពសុខភាពរបស់ជនជាប់ចោទចំនួនបីរូបក្នុងចំណោមបួនរូបក្នុងសំណុំរឿង០០២នេះ។ ជនទាំងបីរូបរួមមានអៀង សារី ប្រពន្ធរបស់គាត់អៀង ធីរិទ្ធ និងនួន ជា។ របាយការណ៍ដែលត្រូវបានរៀបចំដោយលោកសាស្ដ្រាចារ្យចន ខាំបែល្ល (John Cambell) គឺជាមូលដ្ឋានកំណត់ថាតើជនជាប់ចោទមានសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមសវនាការកាត់ទោសពួកគេបានដែរឬយ៉ាងណា។
លោក ឌឹម សុវណ្ណារុំ មន្ដ្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា អង្គជំនុំជម្រះត្រូវធ្វើសេចក្ដីសម្រេចលើបញ្ហានេះនៅចុងខែសីហា។ លោកបានប្រាប់វីអូអេខ្មែរថា៖
«អង្គជំនុំជម្រះសាលាដំបូងនឹងពិនិត្យនិងសម្រេច ថាតើជនជាប់ចោទទាំងបីរូបនេះអាចនឹងចូលរួមនៅក្នុងដំណើរការនីតិវិធីជំនុំជម្រះក្ដីបានឬមិនបាននោះគឺអង្គជំនុំជម្រះសាលាដំបូងនឹងរៀបចំឲ្យមានសវនាការនៅចុងខែសីហាឆ្នាំ២០១១ ដែលសវនាការនេះគេឲ្យឈ្មោះថា សវនាការមុនអង្គសេចក្ដី ធ្វើតែទៅលើកាយសម្បទារបស់ជនជាប់ចោទទាំងបីរូបតែប៉ុណ្ណោះ»។
ជនជាប់ចោទអៀង សារី អាយុ ៨៥ ឆ្នាំជិតឈានចូល៨៦ ឆ្នាំ អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម ជនជាប់ចោទអៀង ធីរិទ្ធ ប្រពន្ធរបស់គាត់អាយុ ៧៩ ឆ្នាំ អតីតរដ្ឋមន្ដ្រីសង្គមកិច្ចខ្មែរក្រហម និងអតីតបងធំទី២ នួន ជា អាយុ ៨៥ ឆ្នាំពេញលេញនៅថ្ងៃទី ៧ខែកក្កដានេះ។ ជនជាប់ចោទទាំងបីបានស្នើសុំតាមរយៈក្រុមមេធាវីរបស់ខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងធ្វើការសម្រេចថា បើផ្អែកលើបញ្ហាសុខភាព តើពួកគេនៅតែត្រូវចូលរួមក្នុងសវនាការកាត់ទោសដែរឬយ៉ាងណា។
ប៉ុន្ដែនៅថ្ងៃនេះ លោកចៅក្រម និល ណុន ចាត់ទុកថា របាយការណ៍វិភាគលើស្ថានភាពសុខភាពជនជាប់ចោទគឺជាឯកសារសម្ងាត់ ដោយពុំអាចអនុញ្ញាតឲ្យមានការបញ្ចេញព័ត៌មានទាំងនេះជាសាធារណៈក្រៅពីរង្វង់ភាគីពាក់ព័ន្ធក្នុងតុលាការទេ។
ក្រុមមេធាវីបានឲ្យដឹងថា អៀង ធីរិទ្ធ មានជំងឺជង្គង់ ជំងឺភ្នែក និងមានជំងឺគេងមិនលក់។ អៀង សារី មានជំងឺបេះដូង និងជំងឺឆ្អឹងខ្នង រីឯនួន ជា មានជំងឺលើសឈាម និងបញ្ហាភ្នែកខ្លាំង។ នៅក្នុងសវនាការបឋមកាលពីចុងខែមុន ជនជាប់ចោទទាំងបីបានអវត្តមានជាច្រើនលើកពីបន្ទប់ជំនុំជម្រះ។ សហមេធាវីរបស់អៀង ធីរិទ្ធ លោក ផាត់ ពៅស៊ាង មានប្រសាសន៍ដោយប្រយ័ត្នប្រយែងកាលពីថ្ងៃច័ន្ទដោយលោកចង់ឲ្យកូនក្ដីលោកស្ថិតនៅក្រៅការកាត់ទោសដោយមូលហេតុសុខភាព។ លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ប្រសិនបើចុងចោទណាម្នាក់ត្រូវទទួលបានការលើកលែងពីសាលាដំបូង ព័ត៌មាននេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕