សហព្រះរាជអាជ្ញាអន្ដរជាតិ លោក Andrew Cayley បានជំរុញបន្ថែមទៀតនៅថ្ងៃសុក្រនេះ ឲ្យសហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមបញ្ចេញព័ត៌មានស្ដីពីការស៊ើបអង្កេតក្នុងសំណុំរឿង០០៤។ លោក Andrew Cayley ចាត់ទុកថា ការស្នើសុំនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់សម្រាប់ជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យដែលចង់ចូលរួមក្នុងដំណើរការក្ដីចុងក្រោយនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ លោកសហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេសបញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានអំពីសំណុំរឿងនេះដែលជាប្រយោជន៍ដល់ជនរងគ្រោះ និងសាក្សី និងជនសង្ស័យ។
លោក Andrew Cayley មានប្រសាសន៍ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយវីអូអេ សំឡេងសហរដ្ឋអាមេរិកថា ការជូនព័ត៌មានអំពីការស៊ើបអង្កេតដល់ជនរងគ្រោះគឺជាកាតព្វកិច្ចដែលត្រូវបានចែងនៅក្នុងច្បាប់ ហើយអង្គបុរេជំនុំជម្រះក៏បានសម្រេចដូចគ្នានេះដែរថា សហចៅក្រមស៊ើបអង្កេតត្រូវតែផ្តល់ព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលាដល់ជនរងគ្រោះក្នុងដំណាក់កាលមុនសវនាការ។
«អង្គបុរេជំនុំជម្រះបានថ្លែងថា សហចៅក្រមស៊ើបអង្កេតមានកាតព្វកិច្ចជម្រាបដំណឹងដល់ប្រជាពលរដ្ឋ។ ដូច្នេះ ប្រជាពលរដ្ឋដែលមានបំណងដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមិនអាចដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីបានទេ ក្នុងពេលនេះ ពីព្រោះប្រសិនបើអ្នកមិនដឹងអំពីអ្វីដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនោះទេ អ្នកមិនអាចដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីបានទេ។ ជាការណ៍ពិត នៅពេលដែលអ្នកដឹងតិចតួចពីឧក្រិដ្ឋកម្មដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត អ្នកមិនអាចធ្វើការសម្រេចចិត្តថា អ្នកអាចក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីឬក៏អត់នោះទេ»។
សេចក្ដីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាអន្ដរជាតិត្រូវគេមើលឃើញថា គឺជាការប្រឹងប្រែងមួយទៀតដើម្បីទម្លុះភាពស្ងប់ស្ងៀមនៃសំណុំរឿង០០៣ និងសំណុំរឿង០០៤ដែលក្រុមមន្ដ្រីអង្គការសង្គមស៊ីវិលតែងតែលើកជាកង្វល់ថា សំណុំរឿងទាំងពីរនឹងត្រូវបោះបង់ចោល ខណៈដែលមានព័ត៌មានតិចតួចបំផុតបានត្រូវគេដឹង ឮជាសាធារណៈ។ លោក Andrew Cayley ធ្លាប់បានស្នើឲ្យសហចៅក្រមស៊ើបអង្កេត ធ្វើការស៊ើបអង្កេតបន្ថែមលើសំណុំរឿង០០៣ ដែលសហចៅក្រមបិទបញ្ចប់កាលពីខែមេសា ក៏ប៉ុន្តែសហចៅក្រមស៊ើបអង្កេតបានទាត់ចោលសំណើនោះ។ លោក Andrew Cayley កំពុងបន្ដបណ្ដឹងឧទ្ធរណ៍លើសំណុំរឿង០០៣នេះ ដែលលោកអះអាងថា ដើម្បីជាប្រយោជន៍តំណាងឲ្យជនរងគ្រោះ។
លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា សហព្រះរាជអាជ្ញាអន្ដរជាតិបានដាក់សំណើរបស់ខ្លួនទាក់ទងនឹងសំណុំរឿង០០៤នេះជូនទៅការិយាល័យសហចៅក្រមស៊ើបអង្កេតរួចហើយ ប៉ុន្ដែលោកមិនដឹងថា តើសហចៅក្រមស៊ើបអង្កេតនឹងចាត់វិធានយ៉ាងណានោះទេ ចំពោះសំណើនោះ។
ជាមួយគ្នានេះ លោកស្រី Silke Stuzensky មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បានលើកឡើងថា កង្វះព័ត៌មានជាក់លាក់អំពីការស៊ើបអង្កេតក្នុងសំណុំរឿង០០៤ រួមទាំងសំណុំរឿង០០៣ផងដែរ ធ្វើឲ្យប៉ះពាល់ដល់ការដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះ។ លោកស្រីបញ្ជាក់ថា លោកស្រីគាំទ្រការជំរុញរបស់លោក Andrew Cayley។
«ខ្ញុំយល់ស្របយ៉ាងពេញទំហឹងថា វាគឺជាការចាំបាច់ដែលថា សហចៅក្រមស៊ើបអង្កេតត្រូវបង្ហាញនូវវិសាលភាពនៃការស៊ើបអង្កេតឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន»។
សំណុំរឿង០០៤ ត្រូវគេដឹងក្រៅផ្លូវការថា មានជនជាប់សង្ស័យចំនួនបីនាក់ដែលជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្ដាលដែលមានឥទ្ធិពលក្នុងឧក្រិដ្ឋកម្ម។របាយការណ៍មួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានិយាយពីភារកិច្ចក្នុងការផ្ដល់ព័ត៌មានជាសាធារណៈក្នុងដំណាក់កាលស៊ើបអង្កេតនៅថ្ងៃនេះ កញ្ញា Tessa Bialek និស្សិតកម្មសិក្សាមកពីសាកលវិទ្យាល័យយែល សហរដ្ឋអាមេរិក ចាត់ទុកថា ការខកខានក្នុងការផ្ដល់ព័ត៌មានដល់ជនរងគ្រោះក្នុងសំណុំរឿង០០៣ កន្លងទៅនេះគឺជាការរំលោភសិទ្ធិចូលរួមរបស់ពួកគេក្នុងការទាមទារសំណងនិងការគាំទ្រការស៊ើបអង្កេត។ ហើយសហចៅក្រមស៊ើបអង្កេតត្រូវតែផ្ដល់ព័ត៌មានចាំបាច់អំពីសំណុំរឿង០០៤ដល់ជនរងគ្រោះដើម្បីឲ្យពួកគេចូលរួមក្នុងដំណើរការនីតិវិធី៕