ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​និង​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា​រាំងស្ទះ​ដល់​ដំណើរការ​រក​យុត្តិធម៌


អ.ស.ប.​និង​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា​រាំងស្ទះ​ដល់​ដំណើរការ​រក​យុត្តិធម៌
អ.ស.ប.​និង​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា​រាំងស្ទះ​ដល់​ដំណើរការ​រក​យុត្តិធម៌

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ស្តី​បន្ទោស​ដល់​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ និង​រដ្ឋាភិបាល​កម្ពុជា​ ថា​បាន​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ ដល់​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ជាពិសេស​សំណុំរឿង​បន្ថែម។

សំណុំរឿង​០០៣​និង​០០៤​ ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​កើត​មាន​នោះ​បានក្លាយ​ជា​រឿង​ប្រទាញប្រទង់​គ្នា​ជា​ថ្មី​ទៀត​រវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​និងអន្តរជាតិ។​ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent ​Kasper ​Ansermet) ដែល​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ បាន គីមូន (Ban Ki-Moon) ​បាន​តែងតាំង​ជំនួស​លោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ​ដែល​បាន​លាលែង​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​នោះ​ មិន​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​តែងតាំង​តាម​ច្បាប់​ភ្លាមៗ​ដូច​ពេល​មុន​ទេ។​ លោក​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​រូប​នេះ​ត្រូវ​សហភាគី​របស់​លោក​គឺ​ លោក​យូ ប៊ុនឡេង​ នៃ​ភាគី​កម្ពុជា​ស្តី​បន្ទោស​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ គ្មាន​និតីសម្បទា​គ្រប់គ្រាន់​ឬ​មិនទាន់​មាន​លក្ខណៈ​ជា​ចៅក្រម​ពេញលេញ​នៅ​ពេល​លោក​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សុំ​ឲ្យ​សហចៅក្រម​ជាតិ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​ដំណើរការ​វិវត្តន៍​នៃ​សំណុំរឿង​០០៣​និង​០០៤។

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាត់ទុក​ថា ​ភាព​អសកម្ម​របស់​អ.ស.ប.​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ ហើយ​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​មិន​បាន​ស្នើ​ តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​ថ្មី​ ជា​ការ​អាក់ខាន​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ ជូន​ជន​រងគ្រោះ​ ជាពិសេស​ធ្វើ​ឲ្យ​សំណុំរឿង​០០៣​ និង​០០៤​ត្រូវ​ជាប់គាំង។

លោកស្រី​ ឃ្លែរ ដាហ្វ៊ី (Clair Duffy) ​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ហៅ​កាត់​ថា​ OSJI បាន​អះអាង​ថា​ អ.ស.ប.​និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវ​តែ​ជំរុញ​ឲ្យ​ភាគី​កម្ពុជា​តែងតាំង​លោក​សហ​ចៅក្រម​ Laurent ​Kasper ​Ansermet ​ជា​ប្រញាប់​ដើម្បី​ធ្វើ​ការ​ចំពោះ​សំណុំរឿង​បន្ថែម​ដែល​គេ​ដឹង​ថា​សំណុំរឿង​០០៣​និង​០០៤​ ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​៥​នាក់ទៀត។

«បញ្ហា​ពិត​ជាក់ស្តែង​ក្នុង​រឿង​នេះ​គឺ​ថា ​អ.ស.ប.និង​ប្រទេស​អ្នក​ផ្តល់ជំនួយ​បន្ត​រក្សា​ជំហរ​ស្ងប់ស្ងៀម​ជា​សារធារណៈ​របស់​ខ្លួនចំពោះ​រឿងរ៉ាវ​ទាំង​នេះ​ដែល​កំពុងកើត​ឡើង»។

លោក​ Martin Nesirky​ អ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អ.ស.ប. ​មិន​ធ្វើ​ អត្ថាធិប្បាយ​អំពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​ក្នុង​សាលាក្តី​ កាត់ទោស​ខ្មែរក្រហម​តែ​បាន​អះអាង​យ៉ាង​ខ្លី​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​បាន​ដឹង​ពីរឿងរ៉ាវ​វិវត្តន៍​នោះ​ហើយ។

លោក​ស្រី ​Clair Duffy ​នៃ​អង្គការ ​OSJI ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​បង្អាក់​ការ​តែងតាំង​លោក​សហចៅក្រម​អ.ស.ប.​ Laurent ​Kasper​ Ansermet ជា​ផ្លូវការ​ ដែល​ធ្វើ​ឲ្យ​លោក​ចៅក្រម​រូប​នេះ​គ្មាន​តួនាទី​ច្បាស់លាស់​ មិន​ដឹង​ថា​ត្រូវ​ ធ្វើ​អ្វី​និង​មិន​ធ្វើ​អ្វី​នោះ​ទេ។

«ពីព្រោះ​ពេល​នេះ​ អ្វី​ដែល​កំពុង​កើត​ឡើង​គឺ​សំណុំរឿង​០០៣​និង​០០៤​មិន​អាច​ ដំណើរការ​ទៅ​មុខ​បាន»។

លោកស្រី ​Andrea Evans ជា​នាយិកា​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ សហរដ្ឋ​អាមេរិក​ហៅ​ថា​ The Center​ for Justice ​and Accountability ​(CJA)។​ អង្គការ​អ្នកស្រី​បាន​ជួយ​ដល់​ជន​រងគ្រោះ​ជា​ច្រើននាក់​ពី​ស.រ.អ.​ដើម្បី​ប្តឹង​ជនជាប់​ចោទ​ក្នុង​សំណុំរឿង​០០២​ដែល​កំពុង​បន្ត​ត្រូវ​កាត់​ទោស។​ លោកស្រី​ Evans ​បាន​អះអាង​ថា ​ជា​រឿង​សំខាន់​ណាស់​ដែល​សហចៅក្រម​ស៊ើបអង្កេត​បញ្ចប់​កិច្ចការ​ដ៏​មាន​សារៈសំខាន់​ និង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​សំណុំរឿង​០០៣​និង​០០៤។

«ប្រសិន​បើ​ការ​ស៊ើបអង្កេត​មិន​ដំណើរការ​ វា​នឹង​ផ្តល់​សញ្ញា​ដល់​ជនរងគ្រោះ​និង​ អ្នក​រួច​ជីវិត​ថា​ នយោបាយ​និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​អាច​បំបាត់​យុត្តិធម៌។​ រឿង​នោះ​អាច​នឹង​ជា​ការ​ប្រមាថ​ដល់​អ្នក​រួច​ជីវិត​ដែល​រង់ចាំ​ជាង​៣០ឆ្នាំ​ ដើម្បី​ទទួល​យុត្តិធម៌​កម្រិត​ណា​មួយ​នោះ។​ វា​ក៏​ជា​រឿង​អាច​ធ្វើ​ឲ្យ​ខូចខាត​ ដល់​កេរ្តិ៍​តំណែល​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ​និង​ខូចខាត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ការ​នាំខ្លួន​ជនល្មើស​នៃ​បទឧក្រិដ្ឋ​ឃោរឃៅ​ នៃ​របប​ខ្មែរក្រហម​មក​កាត់ទោស​ពី​បទ​ដែល​គេ​បាន​ប្រព្រឹត្ត»។

សំណុំរឿង​០០៣​និង​០០៤​មាន​ជន​សង្ស័យ​៥នាក់​ជា​កម្មាភិបាល​ខ្មែរក្រហម​ ថ្នាក់​កណ្តាល​ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ជា​បឋម​ថា​មាន​ ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នានា​នៅ​សម័យ​ខ្មែរក្រហម​ហើយ​គួរ​ត្រូវ​នាំខ្លួន​មក​ឃុំឃាំង​និង​ចោទប្រកាន់​ហើយ​ស៊ើបអង្កេត។ ជនសង្ស័យ​ទាំង​៥នាក់​នោះ​ មាន​លោក​ ស៊ូ ម៉េត ​យឹម ទិត ​មាស មុត​ អោម អាន ​និង អ្នកស្រី​អ៊ឹម ចែម។ នេះ​បើ​តាម​ឯកសារ​សម្ងាត់​ដែល​វីអូអេ​ទទួល​បាន​បន្ទាប់​ពី​ត្រូវ​បណ្តាញ​ផ្សាយ​ព័ត៌មាន​បរទេស​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​ ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​៥នាក់​ដែល​វីអូអេ​បាន​ជួប​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​គឺ​លោក​ មាស មុត ​តាអាន ​និង​អ្នកស្រី​អ៊ឹម ចែម​បាន​ចេញ​មុខ​បកស្រាយ​ហើយ​បដិសេធ​ការ​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​បរទេស។

សំណុំរឿង​ទាំង​នេះ​បាន​ដាក់ដល់​សហចៅក្រម​ស៊ើបអង្កេត​តាំង​ពី​ឆ្នាំ​២០០៨​ម្ល៉េះ​ដើម្បី​បន្ត​នីតិវិធី​ដូច​ជា​នាំខ្លួន​មក​ឃុំ​ចោទប្រកាន់​តែ​មិន​ឃើញ​មាន​នីតិវិធី​ដូច្នោះ​កើត​ឡើង​ទេ។ ​សហចៅក្រម​ស៊ើបអង្កេត​បរទេស​លោក​ Siegfried Blunk បាន​ដាក់​ពាក្យ​លាឈប់​ដោយ​ចោទ​ប្រកាន់​ថា ​មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ ពី​រដ្ឋាភិបាល​កម្ពុជា។​ មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ដោយ​ចាត់​ទុក​ថា​ជា​រឿង​មិន​ចុះ​សម្រុង​ផ្ទៃ​ក្នុង​របស់​សហចៅក្រម។

លោក​ Peter Maguire ​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​អាមេរិក​ ហើយ​ជា​អ្នក​សរសេរ​សៀវភៅ​អំពី​ខ្មែរក្រហម ​Facing Death ​in Cambodia បាន​ទទួល​ស្គាល់​ថា​ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ជា​ធម្មតា​រក្សា​ជំហរ​ស្ងប់ស្ងៀម។ ប្រទេស​អ្នក​ផ្តល់ជំនួយ​ទទួល​យក​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ ក៏​ដូចជា​អ.ស.ប.ដែរ។​ លោក​បាន​បញ្ជាក់​ថា​ សំណុំរឿង​០០៣​និង​០០៤ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​ខាង​នយោបាយ​ច្បាស់​ហើយ​ថា​ មិន​បន្ត​ដំណើរការ​ជំនុំជម្រះ។

«ហើយ​អ.ស.ប.​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ទទួល​យក​រឿង​នោះ។​ ដូច្នេះ​គំនិត​នេះ​ ទាំង​អស់គ្នា​នឹង​ចាត់ទុក​ថា​ជា​ការ​សម្រេច​ចិត្ត​ផ្លូវច្បាប់​ដែល​មិន​ទាក់ទង​នឹង​រឿង​នយោបាយ។​ ហើយ​នោះ​ជា​រឿងអស់​សំណើច​ដែល​ខ្ញុំ​មិនអាច​ទទួល​យក​បាន​ទេ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​លោក​ Marguire ​អះអាង​ថា​ ជា​រឿង​ដ៏​សំខាន់​ពេល​ នេះ​គឺ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បញ្ចប់​សំណុំរឿង​០០២​ដែល​មាន​អតីត​មេដឹកនាំ​ធំៗ​ មាន​ នួន ជា​ ខៀវ សំផន​ អៀង សារី​ ជាដើម​នោះ។​ លោក Marguire បាន​លើក​យក​ពាក្យ​ប្រៀប​ធៀប​របស់​លោក​មក​បញ្ជាក់​តាម​សម្តី​ដើម​របស់​លោក​ថា ​«ដូច​ខ្ញុំ​ប្រាប់​កូន​របស់​ខ្ញុំ​ថា ​ញ៉ាំ​បាយ​ឲ្យ​អស់​ពី​ចាន​សិន ​មុន​ទៅ​រកបង្អែម»​ ដែល​ពាក្យ​នេះ​មាន​ន័យ​ថា ​ត្រូវ​កាត់ទោស​សំណុំរឿង​០០២​ឲ្យ​ចប់សិន​ មុន​ចាប់ផ្តើម​សំណុំរឿង​បន្ទាប់​ទៀត៕

XS
SM
MD
LG